អន្តរជាតិ
រុស្ស៊ី ៖ បុរសម្នាក់រៀបការជាមួយនំភីហ្សា ជាជាងរៀបការជាមួយមនុស្សស្រី
បុរសម្នាក់សុខចិត្តរៀបការជាមួយនំភីហ្សា ដោយសារតែមិនអាចរកបានស្នេហាមួយដ៏ពិតប្រាកដ ជាមួយមនុស្សស្រីក្នុងក្តីស្រមៃរបស់គាត់។
ពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុងហាងលក់នំភីហ្សាមួយនៅទីក្រុង Tomsk ប្រទេសរុស្ស៊ី។ មុននឹងឈានដល់ការសម្រេចចិត្តបែបនេះ គាត់បានសង្កេតមើលពីជីវិតស្នេហារបស់មិត្តភក្តិគាត់។ គាត់បាននិយាយថា៖ « មានពេលមួយនោះ ខ្ញុំសង្កេតឃើញថា មិត្តភក្តិរបស់ខ្ញុំពាក់កណ្តាលមិនចុះសម្រុងជាមួយមិត្តស្រី ចំណែកឯពាក់កណ្តាលទៀត ដើររកមិត្តស្រីមិនបានទាល់តែសោះ » ។ សម្រាប់បុរសនេះ ស្នេហារវាងមនុស្សពីរនាក់គឺជារឿងស្មុគស្មាញណាស់។ ជួនកាល ត្រូវប្រឈមនឹងការឈឺចាប់ ដោយសារតែរឿងខកចិត្តទៀតផង។ ដោយយល់ឃើញបែបនេះ គាត់សម្រេចចិត្តប្រគល់ក្តីស្រឡាញ់របស់គាត់ទាំងអស់ទៅឲ្យនំ ព្រោះថាក្តីស្រឡាញ់នេះគឺជាស្នេហាឋិតឋេរ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ បុរសរូបនេះបានពន្យល់បន្ថែមទៀតថា៖ « នំភីហ្សាមិនអាចបោះបង់ចោលយើង ឬក្បត់យើងជាដាច់ខាត។ ម្យ៉ាងទៀត បើនិយាយឲ្យត្រង់ទៅ ខ្ញុំចូលចិត្តនំភីហ្សាណាស់ »។
ពិតមែនតែបុរសវ័យក្មេងរូបនេះអាចរៀបការជាមួយនំភីហ្សាតាមបំណងរបស់គាត់មែន តែអាជ្ញាធរមិនទទួលស្គាល់ចំណងអាពាហ៍ពិពាហ៍នេះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com