អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​មេដឹកនាំ​ប្រទេស​ពីររូប​ទទួលពាន Gusi Peace Prize ជាមួយ​លោក ហ៊ុន ម៉ា​នី
24, Nov 2015 , 8:59 pm        
រូបភាព
ដោយ: រួបរួម
 ​ក្នុងចំណោម​ជ័យលាភី​១៩​រូប​ដែល​ត្រូវ​ឡើងទៅ​ទទួល​ពានរង្វាន់​សន្តិភាព Gusi Peace Prize នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា មាន​២​នាក់​គឺជា​អតីត​មេដឹកនាំ​ប្រទេស ដែល​ក្នុងនោះ​មាន លោក António Ramalho Eanes អតីត​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ និង​លោក Stanislav Shushkevich អតីត​ប្រមុខរដ្ឋ​បេឡា​រុស​។​

 
​លោក António Ramalho Eanes វ័យ​៨០​ឆ្នាំ អតីត​ឧ​ត្ត​ម​សេនីយ៍ ដែល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី​១៦​របស់​ព័រ​ទុយ​ហ្គា​ល់ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៨៦ ។ សម្រាប់​ពានរង្វាន់ Gusi Peace Prize លោក​នឹង​ទទួលបាន​ពាន​ផ្នែក «​បុរស​រដ្ឋ​» (statesmanship) ។​
 
​លោក Stanislav Shushkevich អាយុ​៨០​ឆ្នាំ​ផងដែរ​នោះ គឺជា​ប្រមុខរដ្ឋ​ទី​១​របស់​ប្រទេស​បេឡា​រុស បន្ទាប់ពី​ផ្តាច់ខ្លួន​ចេញពី​អតីត​សហភាពសូវៀត​។ លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់​សាធារណរដ្ឋ​បេឡា​រុស ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៤ ដែល​អំណាច​នេះ គ្រប់​ដណ្តប់​លើ​ស្ថាប័ន​នីតិ​បញ្ញត្ត​ផងដែរ​។ សម្រាប់​ពានរង្វាន់ Gusi Peace Prize ជាប់​ជ័យលាភី​បុរស​រដ្ឋ រួមទាំង​ស្នាដៃ​ផ្នែក​រូបវិទ្យា និង​គណិតវិទ្យា​។​
 
​ពានរង្វាន់ Gusi Peace Prize ត្រូវបាន​បង្កើតឡើង​ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់លោក គឺ លោក Gemeniano Javier Gusi អតីតយុទ្ធជន​នា​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​បាន​តស៊ូរ​ប្រយុទ្ធប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​បានក្លាយ​ជា​អ្នកនយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​។​
 
​ចាប់ពី​ឆ្នាំ​២០០២​មក ពានរង្វាន់​ដែល​ចែកចេញជា​ច្រើន​ផ្នែក​នេះ ត្រូវបាន​ប្រគល់​ជន​ដល់​ឥស្សរជន និង​ស្ថាប័ន ដែល​ធ្វើ​ការងារ​លើ​ការពង្រឹង​សន្តិភាព និង​ការពង្រីក​សកម្មភាព​ផ្សេងៗ ។ មេដឹកនាំ និង​អតីត​មេដឹកនាំ​ប្រទេស​ជិត​២០​នាក់​ហើយ ដែល​ធ្លាប់​ទទួល​ពានរង្វាន់​នេះ ។​
 
​នា​រយៈពេល​១៣​ឆ្នាំ​កន្លងមកនេះ លោក ហ៊ុន ម៉ា​នី គឺជា​ឥស្សរជន​ទីមួយ​របស់​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ សម្រាប់​ឆ្នាំ​២០១៥​នេះ លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​នោះ ស្ថិតក្នុង​ចំណោម​ឥស្សរជន​ចំនួន​១៨​នាក់​លើ​ពិភពលោក​ដែល​ឈ្នះ​ពាន Gusi Peace Prize​។ លោក ហ៊ុន ម៉ា​នី ឈ្នះ​លើ​ផ្នែក Youth leadership and Humanitarianism and Advocate of Cultural Heritage ហើយ​លោក​ក៏​ជា​ជ័យលាភី​ដែល​ក្មេង​ជាងគេ​ផងដែរ​។​
 
​ជ័យលាភី​១៩​នាក់​នេះ មាន​មកពី​កម្ពុជា អូទ្រីស អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ចិន ច​ច​ជា ឆេ​ក អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន គៀក​ហ្ស៊ី​ស​ស្ថាន ហូ​ឡង់ ហ្វីលីពីន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក​៕

Tag:
 Gusi Peace Prize
  ហ៊ុន ម៉ា​នី
© រក្សាសិទ្ធិដោយ thmeythmey.com