អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ីបញ្ជូននាវាចម្បាំងទៅមូលដ្ឋានវិញ ក្រោយកម្ទេចISILនៅសមុទ្រCaspianដោយជោគជ័យ
25, Nov 2015 , 11:11 am        
រូបភាព
រដ្ឋាភិបាលក្រុងម៉ូស្គូ បញ្ជាដកកងកម្លាំងប្រតិបត្តិការវាយកម្ទេចក្រុមជ្រុលនិយមរដ្ឋឥស្លាមISIL នៅក្នុង សមុទ្រ Caspian ទៅមូលដ្ឋានដើមវិញនៅក្នុងរដ្ឋធានី Dagestan ក្រោយពីបានបញ្ចប់បេសកកម្មដោយជោគជ័យ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី SPUTNIK ។



នាវាចម្បាំងរុស្ស៊ីបួនគ្រឿងដែលបានប្រតិបត្តិការនៅក្នុងសមុទ្រ Caspian ត្រូវបានបញ្ជូនទៅកាន់មូល ដា្ឋនដើមវិញនៅ Makhachkala ដែលស្ថិតនៅរដ្ឋធានី Dagestan បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការវាយកម្ទេចក្រុមជ្រុលនិយមISILនៅស៊ីរីនៅក្នុងដែនសមុទ្រ Caspian ។ 
 
យោងតាមសេចក្តីប្រកាសរបស់ទាហានរុស្ស៊ីភូមិភាគខាងត្បូង នាវាចម្បាំងដែលបានដកចេញវិញនោះ មានដូចជានាវាមីស៊ីល ប្រភេទ frigate Dagestan Corvettes Sviyazhsk Uglich និង Velikiy Ustyug ។ សូមបញ្ជាក់ផងដែរ ប្រភេទនាវាចម្បាំងទាំងបួននេះ គឺសុទ្ធសឹងតែនាវាចម្បាំងដែលអាចបាញ់មីស៊ីលក្នុងចម្ងាយឆ្ងាយ។ 
 
បើតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu កាលសបា្តហ៍មុននាវាចម្បាំងរុស្ស៊ី បានបាញ់មីស៊ីល១៧ដង ដែលចំមូលដ្ឋានរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។ ក្នុងនោះ មីស៊ីលរុស្ស៊ី បានកម្ទេចមូលដ្ឋានប្រាំពីរកន្លែងរបស់ក្រុមISILនៅក្នុងខេត្តបីរបស់ស៊ីរីរួមមាន Raqqa Idlib និង Aleppo។ 
 
សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការកម្ទេចក្រុមជ្រុលនិយមនៅស៊ីរី រុស្ស៊ី បានបញ្ជូននាវាចម្បាំងដប់ គ្រឿងដើម្បីប្រតិបត្តិការក្នុងដែនសមុទ្រ។ ទោះបីជារុស្ស៊ី បានដកនាវាចំនូនបួនគ្រឿងក៏ដោយ នៅសល់នាវារុស្ស៊ីចំនួន៦គ្រឿងផ្សេងទៀត កំពុងពង្រាយនៅក្នុងសមុទ្រ មីឌីទែរ៉ានេ៕ 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com