អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​បង្អួត​យន្តហោះ​ចម្បាំង មុន​ថ្ងៃ​សមយុទ្ធ​ដែនអាកាស​ជាមួយ​ចិន​លើកដំបូង
25, Nov 2015 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​ក្រុង​បាងកក បាន​សាកល្បង​ហោះហើរ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ជាមួយនឹង​យន្តហោះ​របស់ ក្រុង​ប៉េកាំង​ដើម្បី​ជាការ​សា្វគ​មន៍​មុន​ថ្ងៃ​សមយុទ្ធ​យោធា​ដែនអាកាស​ជា​លើកដំបូង​ជាមួយនឹង​ចិន​ដែល នឹងត្រូវ​ធ្វើឡើង​ក្នុងប្រទេស​ថៃ។ រដ្ឋាភិបាល​ក្រុង​បាងកក ថា​សមយុទ្ធ​យោធា​ជាមួយ​ក្រុង​ប៉េកាំង គឺ​មិន មែន​សំដៅថា​ថៃ កំពុងតែ​ដកខ្លួន​ពី​អាមេរិក ហើយ ងាក​ទៅរក​ចិន​ទាំងស្រុង​នោះទេ។



ម្សិលមិញ​នេះ ថៃ និង ចិន បាន​សាកល្បង​ហោះហើរ​យន្តហោះ​យោធា​ដែលមាន​ម្ខាង​ប្រាំ​គ្រឿង នៅ​មូលដ្ឋាន​ទ័ពអាកាស​ថៃ Korat ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​បាងកក ដើម្បី​បង្ហាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ស្វាគមន៍​វត្តមាន​ទ័ពអាកាស​ចិន​មុន​ថ្ងៃ​សមយុទ្ធ​ទ័ពអាកាស​លើកដំបូង​រវាង​ភាគី​ទាំងពីរ។

តាម​ការគ្រោងទុក​នៅ​ថ្ងៃទី ២៦-២៧ វិច្ឆិកា​នេះ ថៃ និង ចិន នឹង​បើក​លំ​ហាត់​យោធា​ដែន អាកាស​រួមគ្នា​មួយ​ជា​លើកដំបូង ដែល​ស្រប​នឹង​ឱកាស​នៃ​ខួប​រម្លឹក​លើក​ទី៤០នៃ​ការចង​សម្ព័ន្ធមិត្ត​ប្រទេស​ទាំងពីរ។ សមយុទ្ធ​យោធា​នេះ ត្រូវបាន​ចិន​ចាត់ទុកថា ជាការ​បង្កើន​ទំនុកចិត្ត និង​ចំណងមិត្តភាព​រួមគ្នា​ឲ្យ​កាន់តែ​ជិតស្និទ​រវាង​ចិន​និង​ថៃ។

រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា​សក្តានុពល​ផ្នែក​យោធា​ថៃ បាន​មាន​លេចធ្លោ​គួរកត់សម្គាល់​បើ​ប្រៀបធៀប​ទៅក្នុង​ប្រទេសមួយ​ចំនួន​នៅ​តំបន់។ ក្នុងនោះ គេ​ឃើញ ក្រៅពី​ការវិវត្ត​យោធា ដែនអាកាស ថៃ ក៏បាន​ទើប​បង្ហាញ​ពី​សព្វាវុធ​ដែល​ខ្លួន​ទើប​បង្កើត​នៅក្នុង​ស្រុក ដែល​រាប់បញ្ចូល​ទាំង រថក្រោះ​ផងដែរ។ សក្តានុពល​នេះ បានធ្វើ​ឲ្យ​ថៃ ក្លាយជា​ទិសដៅ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់ ចិន ដែលជា​មហាអំណាច​មួយ​ដែល​កំពុងតែ​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅក្នុង​តំបន់។

សូមបញ្ជាក់​ផងដែរ​ថា ក្រោយពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី២២ខែឧសភា ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា គោលនយោបាយ​ការបរទេស​ថៃ ហាក់ដូចជា​បែរ​ទៅរក​ចិន ខណៈ​ផ្តាច់ខ្លួន ពី​រដ្ឋាភិបាល​អាមេរិក។ នោះ ក៏​ព្រោះតែ ក្រោយពី​រដ្ឋប្រហារ​យោធា អាមេរិក បាន​រិះគន់​រដ្ឋាភិបាល​របប​សឹក​យ៉ាងខ្លាំង ដ្បិត​បាន​បំពាន​ទៅនឹង​សិទ្ធិមនុស្ស និង​ជាពិសេស​នោះ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។

ថ្មីៗនេះ ថៃ និង​ចិន បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយគ្នា​ជាច្រើន​គួរកត់សម្គាល់។ ក្នុងនោះ ថៃ បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចិន​ចូល​វិនិយោគ​ផ្លូវ​រថភ្លើង​ជាច្រើន​កន្លែង និង កាន់តែ​ពិសេស​នោះ រដ្ឋាភិបាល​ថៃ​បានបង្ហាញ​គម្រោង​ក្នុង​ទិញ​នាវាមុជទឹក​ពី​ចិន​ក្នុងតម្លៃ​រាប់លាន​ដុល្លា​ទៀតផង។

យ៉ាងណាក៏ដោយ ក្រោម​ការរិះគន់​និន្នាការ​នយោបាយ​ទៅ​ចិន អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ឧ​ត្ត​ម សេនីយ៍ Werachon Sukhondhapatipak បាន​អះអាងថា គោលនយោបាយ​ការបរទេស​ថៃ គឺ​ល្អ​ជាមួយ នឹង​គ្រប់​ប្រទេស ដែល​រាប់បញ្ចូល​ទាំង​អាមេរិក​ផងដែរ។ លោក បន្ថែមទៀតថា ថៃ មិនមែន​កំពុងតែ ប្រើប្រាស់​ចិន​ដើម្បី​ប្រឆាំងនឹង​អាមេរិក​នោះទេ ហើយ ថៃ ក៏​នឹង​បន្ត​កិច្ចសហការ​ណ៍​យោធា​ជាមួយនឹង អាមេរិក​ផងដែរ។ ក្រោយ​រដ្ឋប្រហារ​យោធា ថៃ និង​អាមេរិក បាន​ផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយគ្នា មួយរយៈ​ពេល៕



Tag:
 ថៃ
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com