អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេកង​ទ័ព​មី​យ៉ាន់​ម៉ា៖ មី​យ៉ាន់​ម៉ា មិនអាច​ផ្លាស់ប្តូរ​ដោយ​រហ័ស​បានទេ ត្រូវតែ​អត់ធ្មត់
25, Nov 2015 , 7:30 pm        
រូបភាព
ដោយ:
ទោះបី​លទ្ធផល​បោះឆ្នោត​ផ្លូវការ​មី​យ៉ាន់​ម៉ា មិនទាន់​ត្រូវបាន​ប្រកាស​ក៏ដោយ តាម​ការរាប់​សំឡេងឆ្នោត បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា បក្ស​លោកស្រី​ស៊ូ​ជី ទទួលបាន​អាសនៈ​លើសពី​សំឡេង​ភាគច្រើន​ដាច់ ខាត​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​រឿង​ដែល​លោកស្រី​ស៊ូ​ជី​ត្រូវធ្វើ​នៅពេលនេះ គឺ​លោកស្រី​ត្រូវ​រង់ចាំ​ការចរចា​ពី​សំណាក់​មេដឹកនាំកំពូលៗក្នុងការ​ផ្ទេរអំណាច។ លោក​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing មិនទាន់​កំណត់ពេល​ជួប​លោកស្រី​ស៊ូ​ជី​ទេ តែ​លោក បាន​ផ្ងើ​​សារ​ជាមុន​ថា​ការផ្លាស់ប្តូរ​នៅមី​យ៉ាន់​ម៉ា គឺ​មិន​ងាយស្រួល​នោះទេ។


 
ខណៈពេល​ជួប​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី មិនទាន់​បានកំណត់​ច្បាស់លាស់ មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា Min Aung Hlaing បាន​ផ្ញើ​សារ​មួយចំនួន​ទៅកាន់​លោកស្រី​ស៊ូ​ជី តាមរយៈកិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន The Washington Post។ លោក​ថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី នឹងត្រូវ​ប្រឈម​បញ្ហា​ច្រើន​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យូបនីយកម្ម។
 
ប្រៀបធៀប​ជាមួយ​ប្រទេសមួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​ដែល​ទទួលរង​គ្រោះ​ដោយសារ​ការចង់បាន លទ្ធិប្រជាធិបតេយ្យ​ពេក លោក Min Aung Hlaing បញ្ជាក់ថា មី​យ៉ាន់​ម៉ា​មិនទាន់ត្រៀមខ្លួន​​រួចរាល់​ក្នុងការ​ផ្លាស់ប្តូរ​មួយ ដ៏​ឆាប់រហ័ស​បាន​នោះទេ។ លោក បន្ថែមទៀតថា មី​យ៉ាន់​ម៉ា ទើបតែ​ឆ្លងកាត់​​ដំណើរ​ទៅរកលទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពោលគឺ​ចាប់ពី​ឆ្នាំ២០១១មក។ ដូច្នេះ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អរបស់​​បក្ស​លោក ស្រី​ស៊ូ​ជី ត្រូវមាន​ការអត់ធ្មត់ ព្រោះ​វា​ពិតជា​ពិបាក​ក្នុងការ​ផ្លាស់ប្តូរ​លឿន​ពេក។ 
 
ជុំវិញ​ជំនួប​ជាមួយ​លោកស្រី​ស៊ូ​ជី លោក Min Aung Hlaing បាន​ឲ្យ​ដឹងថា វា នឹង​កើតឡើង​នៅ​ខែធ្នូ ខាងមុខនេះ ពោលគឺ​នៅពេល​លទ្ធផល​ផ្លូវការ​ត្រូវបាន​បង្ហាញ។ មេបញ្ជាការ​ដ៏​មាន​ឥទ្ធិពល​រូបនេះ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា លោក បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការជជែក ឆ្លើយតប និង ពិភាក្សា ជាមួយនឹង​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី។
សូម​រម្លឹក​ផងដែរ​ថា ក្រោយ​ដឹង​លទ្ធផល​ជាបឋម​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន សំឡេង​លើសលប់​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ហើយ​នោះ លោកស្រី​ស៊ូ​ជី បាន​ផ្ងើ​រ​លិខិត​បី​ដាច់​ដោយ ឡែក​ដើម្បី​សុំ​ពិភាក្សា​ពី​ការ​ផ្ទេរតំណែង​ពី​លោក​ថេ​ន សេន លោក​ស្វេ​ម៉ាន់ ជា​ប្រធានសភា និង លោក ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing។ តែ​មកដល់ពេលនេះ លោកស្រី​ស៊ូ​ជី ទើបតែ​បាន​ជួប​ជាមួយនឹង​ប្រធានសភា​លោក​ស្វេ​ម៉ាន់​តែ​ម្នាក់​ប៉ុណ្ណោះ។ 
 
អ្វី​គួរកត់សម្គាល់​នោះ ក្នុង​សំណួរ​មួយ​ដែល​បាន​សួរ​ដោយ​អ្នកសារព័ត៌មាន The Washington Post ពី ការកែប្រែ​រដ្ឋធម្មនុញ្ញ​មាត្រា៥៩ដែលជា​រនាំង​មិន​ឲ្យ​លោកស្រី​ស៊ូ​ជី ឡើងកាន់តំណែង​ប្រធានាធិបតី បាន លោក Min Aung Hlaing ហាក់​មិនទាន់មាន​ភាពច្បាស់លាស់​នោះទេ។ ក្នុងនោះ លោក បានបញ្ជាក់ ការកែប្រែ​ប្រការ​ណាមួយ គឺ​មិន​អាស្រ័យ​លើ​រូបលោក តែម្នាក់ឯង​នោះទេ។  
 
បន្ថែម​ពីនេះ លោក Min Aung Hlaing បកស្រាយ​ពី​មតិ​មួយចំនួន​ដែល​ចង់​ឲ្យ​មានការ​កែប្រែ​មាត្រា ៤៣៦របស់​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ដែល​បាន​ទុក​អាសនៈ២៥ភាគរយ​សម្រាប់​យោធា​ដោយ​ស្វ័យប្រវត្តិ ។ លោក ថា យោធា អាច​ពាក់​ព​ន្ធ័​នឹង​នយោបាយ តែ​មិនមែន​បក្សពួកនិយម​នោះទេ។ យោធា ក៏ មិនបាន​រិត​ដ្បិត​ទៅលើ​រដ្ឋធម្មនុញ្ញ​អ្វី​នោះដែរ តែ អ្វីដែល​សំខាន់​នោះ គឺ​យោធា​ចង់ឃើញ​ភាពចាស់ទុំ​និង ស្ថិរ ភាព​នយោបាយ​របស់​មី​យ៉ាន់​ម៉ា​តែប៉ុណ្ណោះ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com