អន្តរជាតិ
អាល្លឺម៉ង់ប្រកាសបញ្ចេញយោធាកម្ចាត់ភេរវកម្ម សម្រាលបន្ទុកបារាំង
× នៅល្ងាចថ្ងៃពុធម្សិលមិញ ក្នុងជំនួបរវាងលោកស្រី មឺហ្គែល និងលោក ហ្វ្រង់ស្វ័រ ហូឡង់ រដ្ឋាភិបាលអាល្លឺម៉ង់មិនខ្លាចនឹងសន្យាជាមួយបារាំងថា នឹងបញ្ជូនទ័ព៦៥០នាក់ទៅម៉ាលី ដើម្បីសម្រាលបន្ទុកបារាំង ក្នុងយុទ្ធនាការកំចាត់ភេរវកម្មទេ។ ដោយឡែក អាល្លឺម៉ង់មិនអន្តរាគមន៍ផ្ទាល់ប្រឆាំងក្រុមជីហាតនៅតំបន់បូព៌ាទេ។
មុនជួបប្រធានាធិបតីបារាំង នៅយប់ថ្ងៃពុធម្សិលមិញ អធិការបតីអាល្លឺម៉ង់ អាន់ហ្កឺឡា មឺហ្គែល បានប្រកាសថា អាល្លឺម៉ង់មិនបដិសេធផ្តល់ជំនួយយោធាទៅកម្ចាត់ភេរវកម្ម ដើម្បីជួយយោធាបារាំងនោះទេ។ កាលពីព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ក៏ប្រកាសរួចហើយដែរថា នឹងបញ្ជូនទ័ព៦៥០នាក់ ទៅជួយបារាំងនៅម៉ាលី។ កងទ័ពអាល្លឺម៉ង់នឹងចូលរួមជួយដល់ការរៀបចំកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលម៉ាលីនិងក្រុមឧទ្ទាមភាគខាងជើង។
ក្រៅពីនេះក្រុងប៊ែរឡាំងក៏អាចពង្រឹងវត្តមានយោធា ផ្នែកបច្ចេកទេសសម្ភារៈ និងព័ត៌មានផ្សេងៗ ជាជំនួយដល់បេសកកម្មយោធា Minusma របស់អង្គការសហប្រជាជាតិនៅម៉ាលីដែរ។ យើងឃើញថា បើអាល្លឺម៉ង់អាចជួយសម្រាលបន្ទុកយោធាបារាំង កំចាត់ភេរវកម្មក្នុងសមរភូមិផ្សេងៗ អាល្លឺម៉ង់មិនអន្តរាគមន៍កម្ទេចក្រុមរដ្ឋភេរវជនឥស្លាម ឬក្រុមដែស្ហ នៅស៊ីរីទេ។ លោកស្រីមែរគែលដឹងច្បាស់ណាស់ថា បើគ្មានដីកាអង្គការសហប្រជាជាតិ សភាអាល្លឺម៉ង់មិនងាយអនុញ្ញាតអោយបញ្ចេញទ័ព រឺយន្តហោះទៅស៊ីរីបានស្រួលទេ។
ម្យ៉ាងទៀត ប្រជាជនក្នុងស្រុកក៏មិនចង់អោយមានអន្តរាគមន៍ទ័ពនៅស៊ីរីដែរ។ យោងតាមការស្ទាបស្ទង់មតិមួយរៀបចំឡើង ក្រោយមានភេរវកម្មនៅក្រុងប៉ារីស ប្រជាជនអាល្លឺម៉ង់៥២ភាគរយជំទាស់គម្រោងបញ្ជូនទាហានអាល្លឺម៉ង់ចេញទៅកម្ចាត់ក្រុមជីហាតនៅស៊ីរីនិងអ៊ីរ៉ាក់ទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com