អន្តរជាតិ
សម្ដេច​ប៉ាបហ្វ្រង់​ស៊ីស ចាប់ផ្ដើម​ទស្សនកិច្ច​នៅ​អាហ្វ្រិក​
26, Nov 2015 , 9:19 pm        
រូបភាព
​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​សបាន​ទៅដល់​ប្រទេស​កេ​ន​យ៉ា​ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​ប្រទេស​ចំនួន​៣​ក្នុង​ទ្វីបអាហ្វ្រិក​ខណៈដែល​សន្តិ​សុខ​ត្រូវបាន​ពង្រឹង​យ៉ាង​តឹងតែង​បំផុត​។ បន្ទាប់ពី កេ​ន​យ៉ា​សម្ដេច​ប៉ាប​Francis​នឹង​បន្តដំណើរ​ទៅកាន់​អ៊ូ​ហ្គ​ង់​ដា​និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​មុននឹង​ចាកចេញ​ទៅកាន់​បុរី​វ៉ា​ទី​កង់​វិញ​។​



​លោក រឿន ភា​រុន រាយការណ៍​ព័ត៌មាន​លម្អិត​ដូចតទៅ​៖

*

​កាលពី​ថ្ងៃ​ពុធ ទី​២៥ សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច ជា​លើកដំបូង នៅ​អាហ្វ្រិក​ដោយបាន​ទៅដល់​ប្រទេស​កេ​ន​យ៉ា​ហើយ​។ ប្រ​ធានា ធិបតី​កេ​ន​យ៉ា​លោក​Uhuru Kenyatta និង​ភរិយា​ព្រមទាំង​ប្រជាជន​កេ​ន​យ៉ា​រាប់ ពាន់​នាក់ ជាមួយ​សំលៀកបំពាក់​ចម្រុះ​ពណ៌​បាន​ទៅ​ទទួល​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស នៅឯ​ព្រលានយន្តហោះ​។​

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ សម្ដេច​ប៉ាប Francis បានបង្ហាញ​ពី​ព្រះទ័យ​រីករាយ ក្នុងការ​មកដល់​ទ្វីបអាហ្វ្រិក​លើកទីមួយ​។ ព្រះអង្គ​មានបន្ទូលថា ខ្ញុំ​រីករាយ​ដែល ជួប​ជាមួយ​ប្រជាជន​នៅ​កេ​ន​យ៉ា អ៊ូ​ហ្គ​ង់​ដា និង​អាហ្វ្រិក​កណ្ដាល​។ ម្យ៉ាងទៀត ព្រះអង្គ​ក៏បាន​ជម្នះ​ការភ័យខ្លាច​នានា ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ ដោយមាន​បន្ទូល​បែប​កំប្លែង​ថា ខ្ញុំ​បារម្ភ​ពី​សត្វ​មូស​ច្រើនជាង​។​

​ចំណែកឯ​បញ្ហា​សន្តិសុខ​វិញ កេ​ន​យ៉ា​បាន​ពង្រាយ​កងសន្តិសុខ​រាប់ពាន់នាក់​សម្រាប់​ការពារ​សុវត្ថិភាព​។ នៅតាម​ដងផ្លូវ​ដែល​សម្ដេច​ប៉ាប​ឆ្លងកាត់ និង​ទីតាំង​សំខាន់​នានា​ក្នុង​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី​មានការ​យាមកាម​យ៉ាង​តឹងរឹង ដើម្បី​ការពារ​ការប៉ុនប៉ង​វាយប្រហារ​ពី​សំណាក់​ក្រុម​ភេរ​វករ ជាពិសេស​ក្រុម Al Shabab ពីព្រោះ​ក្រុម​នេះ​តែងតែ​វាយប្រហារ​សម្លាប់​មនុស្ស​ក្នុងប្រទេស​កេ​ន​យ៉ា​ជា​ញឹកញយ​។​

​សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ទ្វីបអាហ្វ្រិក​លើក​នេះ សម្ដេច​ប៉ាប​នឹង ទៅសួរសុខទុក្ខ​ក្រីក្រ​ក្នុងប្រទេស​កេ​ន​យ៉ា និង​គ្រិ​សាសនិក​នៅ​អ៊ូ​ហ្គ​ង់​ដា ឯកម្ម​វិធី​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​វិញ ព្រះអង្គ​នឹង​ទៅកាន់​វិហារ​មូស្លីម​ក៏ ដូចជា​ទៅកាន់​ជំរុំ​ជនភៀសខ្លួន​ផងដែរ​។​

​សម្ដេច​ប៉ាប Francis គឺ​ប្រមុខ​វិហារ​សាសនា​កាតូលិក​ទី​៣ ហើយ​ដែល​បាន​មកដល់​អាហ្វ្រិក​។ មុនគេ​នោះ​គឺ​សម្ដេច​ប៉ាប Paul ទី​៦ ដែល​បាន​ទៅដល់​អ៊ូ​ហ្គ​ង់​ដា នៅ​ឆ្នាំ​១៩៦៩​។ បន្ទាប់មកទៀត គឺ​សម្ដេច​ប៉ាប John Paul ទី​២ ដែល​បានធ្វើ​ដំណើរ ទៅកាន់​ប្រទេស​ចំនួន​៤២​នៅ​អាហ្វ្រិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com