អន្តរជាតិ
ក្រោយ​លេង​បារាំង ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ងាក​មក​ប្រហារ​ទុយ​នី​ស៊ី​ម្តងទៀត
26, Nov 2015 , 9:59 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃ​អង្គារ កន្លងទៅ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ជី​ហាត បាន​បង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក នៅ​កណ្តាល​ក្រុង​ទុយ​នី​ស ប្រទេស​ទុយ​នី​ស៊ី សម្លាប់​កងកម្លាំង​ការពារ​ប្រធានាធិបតី​១២​នាក់​។ នេះ​ជា​ភេរវកម្ម​លើក​ទី​៣​ហើយ គិត​ក្នុង​ឆ្នាំ​២០១៥​នេះ ដែល​ក្រុម រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហបាន​បង្កឡើង​នៅ​ទុយ​នី​ស៊ី​។ ក្រុម​ភេរវជន​ធ្លាប់​វាយប្រហារ​សារមន្ទីរ Bardo កាលពី​ខែ​មិនា និង​នៅ​ក្រុង​ភាគ​ខាងកើត Sousse​ខែមិថុនា សម្លាប់​មនុស្ស​៦០​នាក់​។



​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​ទុយ​នី​ស៊ី លោក​Béji Caïd Essebsi បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដើម្បី​រក​ដំណោះស្រាយ​ចាំបាច់ ប្រឈម​នឹង​ក្រុម​ជី​ហាត​។ គួរ​បញ្ជាក់ថា អាជ្ញាធរ​ទុយ​នី​ស៊ី​ទើបតែ​លើក​ចេញ​ស្ថាន​ភាពអាសន្ន មិនទាន់បាន​២​ខែ​ផង ឥឡូវនេះ ក៏ត្រូវ​ប្រកាស​សារជាថ្មី​ឡើងវិញ ដោយសារ​ការគំរាមកំហែង​ភេរវកម្ម​។

​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ ក្រុម​ដែ​ស្ហ (Daesh) បានប្រកាសថា ភេរវកម្ម​នៅ​ក្រុង​ទុយ​នី​ស កាលពី​ថ្ងៃ​អង្គារ គឺជា​ស្នាដៃ​របស់​សកម្មជន​ក្រុម​ខ្លួន​ម្នាក់​ជា​ជនជាតិ​ទុយ​នី​ស៊ី​តែម្តង​។ សកម្មជន​រូបនោះ​បាន​បំពាក់​លើ​រាងកាយ​គេ​នូវ​គ្រាប់បែក​អត្តឃាត ហើយ​ចូលទៅ​បំផ្ទុះ​ក្នុង​រថយន្ត​មួយគ្រឿង​។ មុននេះ ក្រសួងមហាផ្ទៃ​ប្រកាសថា ភេរវកម្ម​បង្កឡើង​ដោយ​គ្រាប់បែក​អត្តឃាត​ទំងន់​ដល់​ទៅ​១០​គីឡូ​។​

​សម្រាប់​ប្រធានាធិបតី​ទុយ​នី​ស៊ី ក្រុម​ដែ​ស្ហ​ចង់​បង្ក​អស្ថិរភាព និង​វាយប្រហារ​រដ្ឋ​ទុយ​នី​ស៊ី​។ សារព័ត៌មាន​ក្នុងស្រុក​បាន​សំណូមពរ​អោយមាន​វិធានការ​ពិសេស​ប្រឈម​នឹង អំពើ​ភេរវកម្ម​។ ដើម្បី​បង្ហាញ​ភាពរឹងមាំ​ប្រឈម​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម ទុយ​នី​ស៊ី​នឹង​នៅតែ​បន្ត​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​។​

​ប្រទេស ប្រជាធិបតេយ្យ​វ័យក្មេង​ទុយ​នី​ស៊ី​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​ភេរវកម្ម របស់​ក្រុម​ជី​ហាត តាំងពី​ពេល​រង​បដិវត្តន៍​បះបោរ​នៅ​ឆ្នាំ​២០១១​។ ក្រៅពី​ក្រុម​ដែ​ស្ហ ក៏​នៅមាន​ក្រុម​អាល់​កៃ​ដា​ផងដែរ​។ អ្វីដែល​ជូរចត់​លើសពីនេះ គឺថា ប្រជាជន​ទុយ​នី​ស៊ី​រាប់ពាន់នាក់​បាន​ចុះទៅ​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​ជី​ហាត​នៅ អ៊ីរ៉ាក់ ស៊ី​រី និង​នៅ​ប្រទេស​លី​ប៊ី​ដែល​ស្ថិត​នៅជាប់​ព្រំប្រទល់​ខ្លួន​។ លី​ប៊ី​ក៏​ធ្លាក់​ក្នុងការ​វាយប្រហារ​រប​ស់​ក្រុម​ដែ​ស្ហ​ធ្ងន់ធ្ងរ​ដែរ​៕



Tag:
 ​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com