អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រីស៊ូជី ប្រកាសលះបង់តំណែងរដ្ឋាភិបាលខ្លះទៅបក្សផ្សេង ដើម្បីផ្សះផ្សាជាតិ
× ការបោះឆ្នោតមីយ៉ាន់ម៉ាថ្ងៃទី០៨ ខែវិច្ឆិកា បានបង្ហាញហើយថាបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជី ទទួលបានសំឡេងលើសលប់ក្នុងការបង្កើតរដ្ឋាភិបាលថ្មីដោយខ្លួនឯងបាន។ តែរឿងគូរឲ្យភ្ញាក់ផ្អើលនោះ ដើម្បីផ្សះផ្សាជាតិលោកស្រីស៊ូជី សម្រេចលះបង់តំណែងមួយចំនួនក្នុងក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មីសម្រាប់បក្សនយោបាយផ្សេង និងតំណាងជនជាតិភាគតិច។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញ មេបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី បានអះអាងថារដ្ឋាភិបាលថ្មីរបស់លោកស្រី នឹងបញ្ចូលសមាសភាពពីបក្សនយោបាយផ្សេង និង តំណាងរបស់ជនជាតិភាគតិច។ ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីការផ្សះផ្សាជាតិ ដ្បិតសង្គមមីយ៉ាន់ម៉ាចម្រុះទៅដោយជនជាតិភាគតិចជាច្រើន។
ក្រោយទទួលឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨ មីយ៉ាន់ម៉ា ប្រឈមនឹងបញ្ហាទាំងឥទ្ធិពលរបស់យោធាក្នុងនយោបាយ និងទាំងភាពចម្រុះគ្នាជាច្រើនជាតិសាសន៍ក្នុងសង្គម។ រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលនៅតែបន្តកើតមាន និងជាពិសេសនោះ ជម្លោះជាតិសាសន៍ក្នុងសង្គមមីយ៉ាន់ម៉ាតែមួយ ហើយវាពិតជាបានគំរាមកំហែងដល់សន្តិសុខសង្គម និងការបែកបាក់ជាតិ ។
បញ្ហាដែលបន្សល់ទុកជាច្រើនទសវត្សរ៍ទាំងនេះ ត្រូវបានគេទទួលស្គាល់ថាជាបន្ទុកដ៏ធ្ងន់មួយសម្រាប់ រដ្ឋាភិបាលថ្មីរបស់លោកស្រីអ៊ុងសាន ស៊ូជី ដែលនឹងត្រូវបង្កើតឡើងនៅដើមឆ្នាំ២០១៦ខាងមុខនេះ។
យ៉ាងណាក៏ដោយ លោកស្រីអ៊ុងសាន សូជី បានបង្ហាញគោលការណ៍សម្រាប់រដ្ឋាភិបាលថ្មីរបស់លោកស្រីតាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរីប្រចាំមីយ៉ាន់មា់។ ក្នុងនោះលោកស្រីបានអះអាង បក្សលោកស្រី បានទទួលសំឡេងភ្លូកទឹកភ្លូកដីនៃចំនួនអាសនៈ ដែលសំដៅលើតំណែងនៅក្នុងរដ្ឋាភិបាល ក៏ប៉ុន្តែ បក្សលោកស្រី នឹងមិនយកតំណែងទាំងអស់នោះទេ។ លោកស្រីបន្តទៀតថា រដ្ឋាភិបាលថ្មី របស់លោកស្រី នឹងសហការជាមួយបក្សដទៃក្រោមគោលការណ៍នៃការចែករំលែកជោគជ័យ ដោយផ្អែកតាមការកសាងការផ្សះផ្សាជាតិ។ លោកស្រីស៊ូជី សង្កត់ថា លោកស្រី នឹងដាក់បញ្ចូលតំណាងរបស់ជនជាតិភាគតិច ដែលមិនមែនជាសមាជិករបស់បក្សសម្ព័ជាតិដើម្បីប្រជាធិបតេយ្យ និង អ្នកផ្សេងទៀតដែលអាចបម្រើការដើម្បីប្រទេសជាតិ។ តែ លោកស្រី មិនបានបញ្ជាក់ពីការដាក់បញ្ចូល ជនជាតិរ៉ូហ៊ីងយ៉ានោះទេ។
សូមបញ្ជាក់ផងដែរថា ទោះបីជាបក្សលោកស្រីស៊ូជី ទទួលបានការគាំទ្រលើសលប់ពីប្រជាពលរដ្ឋក៏ដោយ ការផ្លាស់ប្តូរបរិបទនយោបាយ និង សង្គមដែលពោរពេញដោយភាពចម្រុះគ្នា មិនអាចធ្វើទៅ ដោយឆាប់រហ័សបាននោះទេ។ ជាក់ស្តែង ក្រោយពីដឹងថាបក្សខ្លួនទទួលបានជ័យជម្នះហើយនោះ លោកស្រីស៊ូជី បានស្វះស្វែងក្នុងការសុំចរចាជាមួយនឹងមេដឹកនាំកំពូលដូចជាប្រធានាធិបតីមីយ៉ាន់ ម៉ា ប្រធានរដ្ឋសភា និងមេបញ្ជាការយោធាលើបញ្ហានៃការផ្ទេរតំណែង៕
© រក្សាសិទ្ធិដោយ thmeythmey.com