អន្តរជាតិ
ការសិក្សាបង្ហាញថា បុរសចេះជួយកិច្ចការផ្ទះនាំផលវិជ្ជមានដល់ជីវិតផ្លូវភេទ
× គូស្នេហ៍ដែលចេះចែករំលែកការងារផ្ទះគ្នាទៅវិញទៅមក នឹងធ្វើជីវិតផ្លូវភេទពោរពេញទៅដោយភាពស្រស់បំព្រង។ នេះបើតាមលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវកាណាដានៃសាកលវិទ្យាល័យ Alberta ហើយត្រូវបានផ្សព្វផ្សាយសារព័ត៌មាន Mensquare។
ឆ្លងកាត់ការសិក្សារយៈពេល៥ឆ្នាំ លើគូស្នេហ៍ចំនួន១៣៣៨គូ ក្រុមអ្នកស្រាវជ្រាវកាណាដា បានរកឃើញពីផលវិជ្ជមាននៃជីវិតផ្លូវភេទ ចំពោះគូស្នេហ៍ដែលមានស្វាមីជួយធុរៈកិច្ចការផ្ទះជាមួយភរិយា។
លទ្ធផលនៃការសិក្សារបស់សាកលវិទ្យាល័យ Alberta មិនត្រូវបានបង្ហាញលំអិតនោះឡើយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវអះអាងជារួមថា ការចែករំលែកការងារផ្ទះរវាងស្វាមី និងភរិយា ពិតជាមានផលវិជ្ជមានលើជីវិតផ្លូវភេទ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវអះអាងថា ទង្វើទាំងនោះ គឺមានដែនកំណត់ច្បាស់លាស់ ពោលគឺមិនចាំបាច់តម្រូវឲ្យបុរសត្រូវតែកាន់អំបោស ហើយស្ត្រីធ្វើកិច្ចការធ្ងន់ៗខុសពីធម្មតានោះឡើយ។
វេជ្ជបណ្ឌិត Matt Johnson អ្នកស្រាវជ្រាវម្នាក់បានលើកឡើងថា៖ « ការចេះបែងចែកការងារផ្ទះគ្នា គឺជាកិច្ចការដ៏ចម្បងមួយដើម្បីពង្រឹងទំនាក់ទំនងស្នេហា ពោលគឺគូស្នេហ៍អាចមើលឃើញពីតម្លៃគ្នាទៅវិញទៅមក…»។
ជារួមលទ្ធផលវិជ្ជមាននៃទំនាក់ទំនងផ្លូវភេទ កើតឡើងលុះត្រាតែការងារទាំងនោះ ធ្វើឡើងដោយមានការស្ម័គ្រចិត្តទាំងសងខាង ពោលគឺមិនមែនដោយសារតែការបង្ខិតបង្ខំនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com