អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជីន​ពីង ប្រកាស​កែទម្រង់​រចនាសម្ព័ន្ធ​កងទ័ព​ចិន​
27, Nov 2015 , 8:59 pm        
រូបភាព
​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បានប្រកាស​កំណែទម្រង់​រចនាសម្ព័ន្ធ​ថ្មី​មួយ​របស់​កង ទ័ព​រំដោះប្រជាជន​ចិន ជាពិសេស​រចនាសម្ព័ន្ធ​បញ្ជា​កងទ័ព​និង​ការរៀបចំ​ឡើងវិញ​នូវ យោធា​ថ្នាក់​ភូមិភាគ​ទាំង​៧​នៅត្រឹម​ឆ្នាំ​២០២០​។ លោក ស៊ី និយាយ​ដូច្នេះ​ក្នុង​ស​ន្និសីទ​បី​ថ្ងៃ​ស្ដីពី​ការកែទម្រង់​កងទ័ព ដែល​រៀបចំ​ដោយ​គណៈកម្មាការ​យោធា​មជ្ឈិម​ដ៏​មាន អំណាច​របស់​ចិន​។​

 
​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បានប្រកាស​កែទម្រង់​កងទ័ព​ចិន​ដែល​មិន​ធ្លាប់មាន​ពី មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បក្ស​កុំ​មុយ​នី​ស​ចិន​។ រចនាសម្ព័ន្ធ​កងទ័ព​គ្រប់​ប្រភេទ​និង​បញ្ជា ការ​ភូមិភាគ​ទាំង​៧ គឺ​សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​នៃ​ការកែទម្រង់​ទាំងអស់​។ ចំណែកឯ គណៈ ក​ម្មា​ការ​យោធា​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល ដែល​លោក ស៊ី ជីន​ពីង ជា​ប្រធាន​ផង​នោះ​ក៏​ជា គោលដៅ​នៃ​ការកែទម្រង់​ដែរ​។​
 
​កំណែទម្រង់​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូលផ្ដុំ​អំណាច​បញ្ជា​លើ​កងទ័ព​គ្រប់​ប្រភេទ​ទៅ​ឲ្យ​គណៈ​ក​ម្មា​យោធា​មជ្ឈិម ដែល​ងាយស្រួល​ក្នុងការ​បញ្ជា​រួម​។ នាពេល​កន្លងមក កងទ័ព​ចិន​ស្ទើរតែ​គ្រប់ផ្នែក ជាពិសេស​កងទ័ព​ថ្នាក់​ភូមិភាគ​ទាំង​៧ ហាក់​មាន​ឯករាជ្យភាព​និង​អំណាច​បញ្ជា​ច្រើន ដោយសារតែ​ពួកគេ​មាន​ទីបញ្ជាការ​ដាច់ពីគ្នា​និង​មិនសូវ​ទទួលបញ្ជា​ពី​អំណាចកណ្ដាល​នោះទេ​។​
 
​បើ​យោងតាម​ប្រសា​ស​ន៏​របស់លោក ស៊ី ជីន​ពីង ទីបញ្ជាការ​ភូមិភាគ​ចំនួន​៧​នឹងត្រូវ​កែ សម្រួល​ឡើងវិញ ហើយ​បញ្ជា​ការរួម​សម្រាប់​បញ្ជា​ថ្មី​មួយ​នឹងត្រូវ​បង្កើត​ដើម្បី​ត្រួតពិនិត្យ​ភូមិ ភាគ​ថ្មី​ដែល​បាន​កែសម្រួល​ហើយ​ទាំងអស់​។ លោក ស៊ី បន្តថា ភូមិភាគ​ថ្មី​ទាំងនោះ​នឹង​ទទួលបន្ទុក​លើ​ផ្នែក​ប្រតិបត្តិការ​យោធា ចំណែក​ទីស្នាក់ការ​បញ្ជា​រួម​ថ្មី​នឹង​ទទួលខុសត្រូវ លើ​ការគ្រប់គ្រង​និង​ការហ្វឹកហ្វឺន​កងទ័ព​។ លោក​បន្ថែមទៀតថា កងទ័ព​រំដោះប្រជាជន​ចិន ក៏​នឹង​បង្កើត​ទីបញ្ជាការ​មួយ​ផងដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​នោះដែរ លោក ស៊ី ក៏បាន​បញ្ជាក់​សាជាថ្មី​ពី​ការសន្យា​របស់លោក​ក្នុងការ​កាត់ បន្ថយ​ទាហាន​នាពេល​កន្លងមក​។ សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែកញ្ញា​នាឱកាស​ពិធី​រម្លឹក​ខួប​ទី​៧០ ថ្ងៃ​បញ្ចប់​សង្គ្រាមលោកលើកទី​២ លោក ស៊ី ជីន​ពីង​បាន​និយាយថា ចិន​នឹង​កាត់បន្ថយ​ចំនួន​ទាហាន​រហូត​៣០០០០០​នាក់​។ ហើយ ភាគច្រើន​នៃ​មន្ត្រី​ការិយាល័យ​និង​កងកម្លាំង​ដែល​មិនមាន​លក្ខណៈ​ប្រយុទ្ធ គឺជា​គោលដៅ​នៃ​ការកាត់បន្ថយ​នេះ​។​
 
​ជាមួយគ្នានេះដែរ លោក ស៊ី ជីន​ពីង ក៏បាន​ប្រកាស​បង្កើត​គ​ណៈ​ក​ម្មា​ការត្រួតពិនិត្យ​វិន័យ ថ្មី​មួយ​សម្រាប់​ជួរ​កងទ័ព​រំដោះប្រជាជន​ចិន​។ គណៈកម្មការ​នេះ​នឹងមាន​អំណាច​ក៏ដូចជា​ឯករាជ្យ​កាន់តែច្រើន​ក្នុងការ​ពិនិត្យមើល​ការអនុវត្ត​វិន័យ​របស់​កងទ័ព ហើយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​គណៈកម្មាការ​យោធា​មជ្ឈិម​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com