អន្តរជាតិ
ពូទីននៅសហការជាមួយអាមេរិក តែព្រមានពីគ្រោះថ្នាក់បើហ៊ានបាញ់យន្តហោះខ្លួនម្តងទៀត
× ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីនៅបន្តសហការជាមួយក្រុងវ៉ាស៊ីនតោនដើម្បីប្រយុទ្ធក្រុមភេរវជនរដ្ឋឥស្លាម ប៉ុន្តែឆ្លៀតព្រមានផងដែរថា កិច្ចសហប្រតិបត្តិការនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ បើសិនមានការបាញ់ទម្លាក់យន្តហោះខ្លួនដូចតួកគីធ្វើកន្លងមកនេះទៀត។
សូមស្ដាប់ព័ត៌មានលម្អិត៖
ក្រៅកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រដ្ឋាភិបាលលោកនៅរក្សាការសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិកឯទៀតដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាម។ ប៉ុន្តែលោកបានផ្តាំផ្ញើជាមុនថា ប្រសិនបើមានករណីបាញ់យន្តហោះរុស្ស៊ីដូចតួកគីធ្វើកាលពីថ្ងៃអង្គារនេះទៀត ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់មិនខាន។
នៅចំពោះមុខប្រមុខរដ្ឋបារាំងក្នុងសន្និសីទសារព័ត៌មាន លោក ពូទីន បានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះទង្វើរបស់របស់តួកគីកន្លងមក ដែលហ៊ានបាញ់យន្តហោះចម្បាំងខ្លួនទម្លាក់ដោយគ្មានក្រែង ហើយអ្វីដែលលោកចាត់ទុកថាជារឿងមិនអាចទទួលយកបាននោះគឺតួកគីមិនសុំអភ័យទោសនិងរំលែកទុក្ខចំពោះការស្លាប់របស់ទ័ពអាកាសម្នាក់របស់ខ្លួនសោះ។
លោក ពូទីន សង្ឃឹមថា វានឹងគ្មានរឿងដូចដែលតួកគីបានធ្វើកន្លងមក កើតឡើងជាថ្មីទេ ។ ហើយបើសិនជាមានបញ្ហាដដែលនេះកើតឡើងទៀត រុស្ស៊ីមិនត្រូវការការសហការជាមួយអ្នកណា ក្រុមក្រុមណា ប្រទេសណាទាំងអស់។
រុស្ស៊ីបច្ចុប្បន្ននៅបន្តបើកទ្វារ និងសង្ឃឹមថា នឹងអាចចាប់ផ្តើមសហការគ្នាជាមួយបណ្តាប្រទេសលោកខាងលិចជាពិសេសបារាំងដោយផ្តើមចេញពីការចែករម្លែករបាយការណ៍ចារកម្ម និងឈានទៅពង្រីកសម្ព័ន្ធអន្តរជាតិប្រឆាំងក្រុមភេរវជនដែលស្ថិតក្រោមក្របខណ្ឌអង្គការសហប្រជាតិ។
ម្សិលមិញនេះដែរ ក្រោយជំនួបពិភាក្សានេះដោយផ្តោតសំខាន់លើបញ្ហាភេរវកម្មនេះផងដែរ មេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងការសហការនិងចែករម្លែករបាយការណ៍ចារកម្មរវាងកងទ័ពប្រទេសទាំងពីរដើម្បីឲ្យយុទ្ធនាការកម្ចាត់ក្រុមភេរវជនកាន់តែមានប្រសិទ្ធភាព។
ប៉ុន្តែ មុនមកដល់ទីក្រុងម៉ូស្គូ ប្រមុខរដ្ឋាភិបាលបារាំងបានជួបពិភាក្សាជាមួយប្រធានាធិបតីបារ៉ាក់ អូបម៉ា ជាមុនរួចទៅហើយ ។ ហើយអាមេរិកក៏មិនសប្បាយចិត្តប៉ុន្មាននៅពេលឃើញបារាំងទៅស្និទ្ធជាមួយរុស្ស៊ីដែរ។ បើទោះជា ទាំងរុស្ស៊ីនិង ក្រុងវ៉ាស៊ីនតោន មានសត្រូវរួមគឺក្រុមភេរវជនក៏ដោយ មហាអំណាចទាំងពីរនៅទាស់ទែងខ្វែងគំនិតគ្នារឿងជោគវាសនារបស់ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ។ ហើយម្យ៉ាងបញ្ហាជម្លោះនៅអ៊ុយក្រែននៅតែជាបញ្ហាដែលជំរុញឲ្យលោកខាងលិចត្រូវបន្តដាក់គំនៀបលើរុស្ស៊ីទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com