អន្តរជាតិ
ការ​រលាយ​ទឹកកក​នៅ​តំបន់​ទី​បេ​អាច​គំរាមកំហែង​ដល់​មនុស្ស​រាប់ពាន់​លាន​នាក់​
28, Nov 2015 , 11:39 am        
រូបភាព
ដោយ: VOA
VOANews៖ ដោយមាន​សីតុណ្ហភាព​កំពុង​កើនឡើង​៤​ដង​លឿន​ជាង​ទីកន្លែង​ផ្សេងទៀត​នៅក្នុង​ទ្វីបអាស៊ី ពួក​អ្នកវិទ្យាសាស្ត្រ​ចិន និយាយថា តំបន់​ខ្ពង់រាប អាច​បាត​បង់​ផ្ទាំង​ទឹកកក និង​ស្រទាប់ដី​ក្រោម​ទឹកកក​នៅពេល​ឆាប់ៗ​នេះ ដោយ​ការប៉ះពាល់​ការផ្គត់ផ្គង់​ទឹក​នៅ​ទូទាំង​តំបន់​អាស៊ី​។​


​តំបន់​ខ្ពង់រាប​ទី​បេ​ដែល​គេ​ស្គាល់​ថា ដំបូល​របស់​ពិភពលោក មាន​ទំហំ​ប៉ុន​តំបន់​អឺរ៉ុប​ភាគ​ខាងលិច​ហើយ​ធ្វើការ​ផ្គត់ផ្គង់​ទឹក​ដល់​មនុស្ស​ជិត​២​ពាន់​លាន​នាក់​នៅក្នុង​ទ្វីបអាស៊ី​ដែលជា​ប្រភពទឹក​របស់​ទន្លេ​សំខាន់ៗ​ជាច្រើន​រួមមាន ទន្លេ Yangze ទន្លេមេគង្គ ទន្លេ Salween ទន្លេ Indus ទន្លេ Brahmaputra ហើយ​និង​ទន្លេ​លឿង​។​
 
​ក៏ប៉ុន្តែ ពី​ព្រោះតែ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ ផ្ទាំង​ទឹកកក កំពុង​រលាយ​យ៉ាង​ឆាប់រហ័ស វាលស្មៅ កំពុង​រួម​តូច​នៅពេលដែល​វាលរហោឋាន​រីក​កាន់តែ​ធំ​ឡើង ទឹកភ្លៀង​ក្នុង​តំបន់ មាន​ភាពមិនប្រក្រតី កម្រិត​ទឹក​កំពុង​ធ្លាក់ចុះ​នៅក្នុង​ទន្លេ​សំខាន់ៗ​ហើយ​ស្រទាប់ដី​ក្រោម​ទឹកកក​កំពុង​រលាយ​។​
 
​យោងតាម​ការសិក្សា ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ទី​បេ ដែលជា​ប្រភព​ទឹកសាប​ដ៏​ធំ​បំផុត​នៅ​ខាងក្រៅ​តំបន់​ប៉ូល មាន​ជាប់​ទាក់ទិន​ទៅនឹង​ផលវិបាក​ជាច្រើន​ទាំង​នៅក្នុង​មូលដ្ឋាន និង​នៅក្នុង​សាកលលោក រួមមាន​រលក​ក្តៅ​នៅ​តំបន់​អឺរ៉ុប​។​
 
​ក្រុមមន្ត្រី​ចិន ប៉ាន់​ស្មានថា ទី​បេ បាន​ផ្ទុក​ផ្ទាំង​ទឹក​ក​ប្រហែល​១៤,៥ ភាគរយ​របស់​ពិភពលោក ខណៈ​ដែលមាន​ទ្រឹស្តី​បន្តិចបន្តួច​ខុសគ្នា​ពីអ្វី​ដែល​បណ្តាល​ឲ្យ​មានការ​រលាយ​ផ្ទាំង​ទឹកកក​នោះ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​កាលពី​ខែមេសា​ថា ផ្ទាំង​ទឹកកក​ជា​មធ្យម​ចំនួន​២៤៧​គីឡូម៉ែត្រ​ការ៉េ កំពុង​រលាយ​ជា​រៀងរាល់ឆ្នាំ​ហើយ​ចាប់តាំងពី​ទសវត្សរ៍​១៩៥០​មក ផ្ទាំង​ទឹកកក​ប្រហែល​៧​ពាន់​៦​រយ គ​.​មកា​រ៉េ ឬ​ប្រហែល​១៨​ភាគរយ​នៃ​ផ្ទាំង​ទឹកកក​ទាំងអស់ បាន​រលាយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com