អន្តរជាតិ
លោកពូ​ទីន បញ្ជា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី ទោះ​តួ​ក​គី​ថា​សោកស្តាយ​
29, Nov 2015 , 2:22 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ម្សិលមិញ​នេះ​បានសម្រេច​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី​ដើម្បី​សងសឹក​រឿង​បាញ់​ទម្លាក់​យន្តហោះ​កន្លងមក​។ វិធានការ​សេដ្ឋកិច្ច​ពិសេស​របស់​វិមាន​ក្រេ​ម​ឡាំង​រួមមាន ហាមឃាត់​ទំនិញ​មួយចំនួន​ពី​តួ​ក​គី​ជា​បណ្តោះអាសន្ន រឹតបន្តឹង​ជើងហោះហើរ​ទៅ​តួ​ក​គី រឹតបន្តឹង​សកម្មភាព​អង្គការ​តួ​ក​គី​នៅ​រុស្ស៊ី និង​វិធានការ​មួយចំនួនទៀត​។


 
​វិមាន​ក្រេ​ម​ឡាំង​បានប្រកាស​ម្សិលមិញ​នេះ​ថា ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សម្រេចចិត្ត​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដែលមាន​គោលដៅ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ស​ង​សឹក​ប្រទេស​តួ​ក​គី ព្រោះ​ប្រទេស​នេះ​បាញ់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ទម្លាក់​កាលពីដើម​សប្តាហ៍​។ 
 
​ការចុះហត្ថលេខា​លើ​ក្រឹត្យ​នេះ កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី​តួ​ក​គី​លោក រ៉េ​សិប​តា​យិ​ប អឺដរ​ហ្កា​ន (Recep Tayyip Erdogan) បង្ហាញ​ការសោកស្តាយ​ចំពោះ​រឿងរ៉ាវ​ដែល​កើតឡើង​កន្លងមក​ដែល​នាំ​ឲ្យ​ល្អក់​ករក​ចំណងមិត្តភាព​រវាង​តួ​ក​គី​និង​រុស្ស៊ី​នេះ​។​លោក​ថ្លែងថា​៖ «​យើង​គ្រាន់តែ​ប្រា​ថា្ន​ថា​រឿង​បែបនេះ​មិនបាន​កើតឡើង​ប៉ុណ្ណោះ​»​។ ទោះជា​យ៉ាងណាក៏ដោយ​ខាង​រុស្ស៊ី​មិនបាន​បន្ទន់​ជំហរ​អ្វី​ឡើយ​។ 
 
​ត្រលប់​មកវិញ ក្រឹត្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​១ ខែមករា​នោះ មាន​គោលដៅ​ធំៗ​ដូចជា ហាមឃាត់​រាល់​ទំនិញ​មួយចំនួន​ដែល​ផលិត​នៅ​តួ​ក​គី​,​ហាមឃាត់​ការហោះហើរ​ទៅ​កម្សាន្ត​នៅ​តួ​ក​គី រួមទាំង​សកម្មភាព​អង្គ​ការដែល​ធ្វើ​សកម្មភាព​នៅ​រុស្ស៊ី​, ហាម​មិន​ឲ្យ​អនុញ្ញាត​ឲ្យ​ជនជាតិ​តួ​ក​គី​ឲ្យ​ធ្វើការ​, និង​វិធានការ​មួយចំនួន​ទៀតផង​។  
 
​ចំពោះ​ការហាមឃាត់​គេ​ទំនិញ​ដែល​នាំ​មកពី​តួ​ក​គី​នេះ គេ​ឃើញ​ការិយាល័យ​ប្រធានាធិបតី​បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្រង់​ឈ្មោះ​ទំនិញ​ដែល​មិន​ស្ថិតក្រោម​ទណ្ឌកម្ម​។ ដូច្នេះ គេ​អាច​នឹង​ច្បាស់​ថា តើ​ទំនិញ​អ្វីខ្លះ​ដែល​ស្ថិតក្រោម​បញ្ជីខ្មៅ​របស់​រុស្ស៊ី​នៅពេល​ឆាប់ៗ​។ 
 
​យោងតាម​ក្រឹត្យ​នេះ ក្រុមហ៊ុន​នានា​របស់​រុស្ស៊ី​ត្រូវ​ចៀសវាង​ជ្រើសរើស​ប្រជាជន​តួ​ក​គី​ឲ្យ​បម្រើ​ការងារ ហើយ​រាល់​ស្ថាន​ប័ន​តួ​ក​គី​ដែល​កំពុងដំណើរការ​នៅ​ប្រទេស​រុស្ស៊ី​នឹង​ស្ថិតក្រោម​ការ​រឹតបន្តឹង​សកម្មភាព​របស់​អាជ្ញាធ​រ​រុស្ស៊ី​ថែមទៀត​។ 
 
​ក្រឹត្យ​ដដែល​នេះ​ក៏​ស្នើ​ឲ​ក្រុមហ៊ុន​ទេសចរណ៍​បញ្ចៀស​ការផ្សព្វផ្សាយ​នានា​ពី​ដំណើរ​កម្សាន្ត​ទៅកាន់​ទឹកដី​តួ​ក​គី​ទៅដល់​ប្រជាជន​រុស្ស៊ី​។ ហើយ​រាល់​ជើងហោះហើរ​របស់​តួ​ក​គី​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​កម្រិត​ខ្ពស់​ដើម្បី​ធានា​សុវត្ថិភាព​និង​សន្តិសុខ​។ ចុងក្រោយ​គឺ រុស្ស៊ី​សម្រេច​តម្រូវ​ឲ្យ​ប្រជាជន​តួ​ក​គី​ស្នើសុំ​ទិដ្ឋាការ បើសិនជា​ពួកគេ​ចង់​មក​ទស្សនា​ប្រទេស​រុស្ស៊ី​។ 
 
​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​តួ​ក​គី​និង​រុស្ស៊ី​ចាប់ផ្តើម​ប្រេះឆា​កាន់តែខ្លាំង ហើយ​វិធានការ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ដាក់ចេញ​ដើម្បី​សងសឹក​តួ​ក​គី​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​។ ប៉ុន្តែ​ទោះ​អាក្រក់​យ៉ាងម៉េច​ក៏ដោយ សង្គ្រាម​ប្រើ​អាវុធ​មិនអាច​កើតឡើង​ឡើយ​។ រឿង​សំខាន់​រុស្ស៊ី​ប្រហែល​ចង់បាន​ការសុំ​ទោស​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ជុំវិញ​ការបាញ់​យន្តហោះ​រុស្ស៊ី​ធ្លាក់​និង​បណ្តាល​ឲ្យ​អ្នកបើក​ម្នាក់​ស្លាប់​ផង​នោះ​៕  

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com