អន្តរជាតិ
អ្នកកាសែតរាយការណ៍រឿងបរិស្ថានចំនួន១០នាក់ត្រូវបានគេសម្លាប់
× ភ្នំពេញ៖ អ្នកកាសែតរាយការណ៍រឿងបរិស្ថានប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១០មក អ្នកកាសែតដែលសរសេររឿងរ៉ាវពាក់ព័ន្ធនឹងរឿងបរិស្ថានចំនួន១០នាក់ត្រូវបានគេសម្លាប់ផ្តាច់ជីវិត។
មុនពេលដែលពិភពលោកគ្រោងបើកកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីសនៅខែធ្នូខាងមុខនេះ អង្គការអ្នកកាសែតគ្មានព្រំដែនដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង បានបញ្ចេញរបាយការណ៍របស់ខ្លួនដោយនិយាយថា ចាប់តាំងពីឆ្នាំ២០១០មក អ្នកកាសែតដែលសរសេររឿងរ៉ាវពាក់ព័ន្ធនឹងរឿងបរិស្ថានចំនួន១០នាក់ត្រូវបានគេសម្លាប់ផ្តាច់ជីវិត។ អ្នកកាសែតដែលបាត់បង់ជីវិត ភាគច្រើន ស្ថិតនៅក្នុងទ្វីបអាស៊ី ក្នុងនោះ ក៏មាននៅក្នុងប្រទេសកម្ពុជាផងដែរ។ មូលហេតុនៃការបាញ់សម្លាប់ គឺដោយសារពួកគេធ្វើការស៊ើបអង្កេតរឿងកាប់ព្រៃឈើខុសច្បាប់ ធ្វើអាជីវកម្មរ៉ែខុសច្បាប់ បំពុលបរិស្ថាន។ល។
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យមានការយកចិត្តទុកដាក់ចំពោះអ្នកកាសែតដែលសរសេររឿងរ៉ាវបរិស្ថាន ពីព្រោះ ជីវិតរបស់ពួកគេប្រឈមនឹងអំពើហិង្សា និងការគំរាមកំហែង។ អង្គការដដែលនេះកត់សម្គាល់ឃើញទៀតថា ស្ថានភាពអ្នកកាសែតបរិស្ថានកាន់តែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើងជារៀងរាល់ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com