អន្តរជាតិ
គ្រុនផ្តាសាយ​បក្សី​៖​កូរ៉េខាងត្បូង​ហាមឃាត់​ការនាំ​ចូល​សត្វ​ស្លាប​ពី​បារាំង
29, Nov 2015 , 7:59 pm        
រូបភាព
ដោយ:
​ក្រោយ​ឃើញថា មាន​ករណី​គ្រុនផ្តាសាយ​បក្សី H5N1 នៅ​ខែត្រ​Dordogne ភាគខាងត្បូង​ប្រទេស​បារាំង កាលពី​សប្តាហ៍​មុន​មក កូរ៉េខាងត្បូង​បាន​ហាមឃាត់​មិនអោយ​នាំចូល​សត្វ​ស្លាប​បារាំង ក្នុងស្រុក​។

 

​គិតពី​ខែមករា​ដល់​ខែតុលា កូរ៉េខាងត្បូង​បាន​ដឹក​សាច់​ទា ថ្លើម​ក្ងាន មាន់​ទា រាប់​តោន​ពី​បារាំង ចូល​ស្រុក​។ ក្រសួងកសិកម្ម​កូរ៉េខាងត្បូង​បានសម្រេច​ហាមឃាត់​ការនាំ​ចូល​សត្វ​ស្លាប​ពី​បារាំង ក្រោយ​បានទទួល​ដំណឹង​ថា នៅ​Dordogne ភាគខាងត្បូង​ប្រទេស​បារាំង មាន់​របស់​ប្រជាជន​មួយ​គ្រួសារ មាន​មេរោគ​គ្រុនផ្តាសាយ​បក្សី​H5N1​។ 
 
​អាជ្ញាធរ​បារាំង​សន្និដ្ឋានថា សត្វ​ទាព្រៃ​ប្រហែលជា​បាន​ចម្លង​មេរោគ​នេះ​ទៅ​មាន់​របស់​គ្រួសារ​មួយ​នេះ​។ កាលពី​ថ្ងៃ​សុក្រ សេវា​ពេទ្យសត្វ​នៅ​Dordogne​បានទទួល​ដំណឹង​ថា មាន​សត្វ​ស្លាប​ពី​២២​ទៅ​៣០​ក្បាល​ដែល​បាន​ស្លាប់​នៅ​ទីនោះ​។ សត្វ​ស្លាប​ដែល​រួច​ជីវិត​ពី​មេរោគ​គ្រុនផ្តាសាយ​បក្សី H5N1 ត្រូវបាន​គេ​ចាក់​ថ្នាំ​សម្លាប់​។ មិន​ត្រឹមតែ​សត្វ​ស្លាប​បារាំង​ដែល​នៅរស់​ទេ​ដែល​ហាម​មិនអោយ​នាំចូល​ស្រុក​កូរ៉េខាងត្បូង សូម្បីតែ​ស៊ុត ក៏​ក្រុង​សេ​អ៊ូ​ល​ហាម​នាំចូល​ដែរ​។ ដោយឡែក គេ​អាច​នាំចូល​ផលិតផល​ដែល​កែច្នៃ​រួច រឺក៏​ផលិតផល​ធ្វើ​ពីសា​ច់​ឆ្អិន​ស្រាប់​។ 
 
​យោងតាម​អង្គការ​សុខភាព​ពិភពលោក គិត​តាំងពី​មេរោគ​គ្រុនផ្តាសាយ​បក្សី​H5N1 លេច​វត្តមាន​ជាថ្មី នៅ​អាស៊ីអាគ្នេយ៍​ចុងឆ្នាំ​២០០៣​មក មេរោគ​នេះ​បានសម្លាប់​មនុស្ស​៤៤៩​នាក់ នៅតាម​ប្រទេស​ដូចជា​អេ​ហ្ស៊ី​ប វៀតណាម និង​ឥណ្ឌូណេស៊ី​៕
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com