អន្តរជាតិ
មនុស្សគ្រប់ទិសទីក្នុងពិភពលោកទាមទារដំណោះស្រាយ ប្រឆាំងការកើនកំដៅផែនដី
× នៅថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនគ្រប់ទិសទីក្នុងពិភពលោក បាននាំគ្នាបាតុកម្មទាមទារអោយមានដំណោះស្រាយខ្លាំងក្លា ប្រឆាំងនឹងការកើនកំដៅសីតុណ្ហភាពនៃភពផែនដី ពិសេស នៅមុនថ្ងៃច័ន្ទស្អែក ពេលដែលមេដឹកនាំរដ្ឋាភិបាល១៩៥ប្រទេសជួបពិភ្សាគ្នាក្នុងកិច្ចប្រជុំអាកាសធាតុ នៅក្រុងប៉ារីស។ ជាកិច្ចប្រជុំមានទិសដៅសម្រេចអោយបានកិច្ចព្រមព្រៀង កាត់បន្ថយសីតុណ្ហភាពផែនដី អោយបានយ៉ាងតិច ២អង្សារ។
នៅតាមក្រុងធំៗ ទូទាំងពិភពលោក ម៉ានីល បូហ្កូតា ញូវដេល្លី តូក្យូ ឡុងដ៍ រឺក៏សៅប៉ូឡូ ប្រជាជនគ្រប់ទិសទីបាននាំគ្នាដង្ហែក្បួនបាតុកម្មទាមទារអោយមានវិធានការជាក់ស្តែង ដាច់ស្រេច ដើម្បីកាត់បន្ថយការកើនកំដៅផែនដី។ នៅហ្វីលីពីន ក្រុមបាតុករ៣០០០នាក់ បាននាំគ្នាលើកបដា ចែងថា ៖ "ចូរការពារផ្ទះសម្បែងរួមគ្នារបស់យើង!"។ គ្រប់គ្នាសុទ្ធតែដឹងថា ការប្រែប្រួលសីតុណ្ហភាពភពផែនដីសុទ្ធតែជាកត្តារុញអោយហ្វីលីពីនជួបព្យុះសង្ឃរាជារៀងរាល់ឆ្នាំ។ មិនខុសពីហ្វីលីពីនដែរ នៅអូស្ត្រាលី មនុស្ស៥០០០នាក់នៅក្រុងប្រ៊ីសស្បាន ភាគខាងជើង បាននាំគ្នាចូលរួមបាតុកម្មជាមួយប្រជាជនកោះប៉ាស៊ីហ្វិកនិងជនជាតិដើមភាគតិច។
ការឡើងកំពស់ទឹកសមុទ្រ ដែលបង្កឡើងដោយសារការកើនកំដៅផែនដី កំពុងគំរាមកោះប៉ាស៊ីហ្វិក។ ដោយឡែក ដោយសារស្ថិតក្រោមស្ថានភាពអាសន្ន ប្រជាជនបារាំងមិនបានតវ៉ាអ្វីធំដុំដូចនៅតាមបណ្តាប្រទេសផ្សេងៗទេ។ អាជ្ញាធរបារាំងបានឃុំសកម្មជនបរិស្ថាន២៤នាក់ អោយនៅផ្ទះពួកគេ មិនអោយចេញទៅតវ៉ា។
ទោះយ៉ាងនេះក្តី ក៏សកម្មជនបរិស្ថាន៤០០នាក់ផ្សេងទៀត នៅតែអាចជុំគ្នានៅមុខប្រាសាទទេសចរណ៍វែរសៃ ភាគខាងត្បូងប៉ារីស។ ពួកគេបរិហារថា កិច្ចប្រជុំអន្តរជាតិថ្ងៃចន្ទស្អែកនេះ គ្រាន់តែជាឆាកល្ខោនដ៏ធំមួយតែប៉ុណ្ណោះ។ គេរំពឹងថា នៅថ្ងៃអាទិត្យនេះ មនុស្សច្រើននាក់អាចនឹងបាតុកម្មបរិហារបញ្ហាបរិស្ថាន នៅភាគខាងកើតក្រុងប៉ារីសផងដែរ។ ត្បិតថា ក្រុងប៉ារីសរៀបចំកិច្ចប្រជុំអន្តរជាតិស្តីពីការប្រែប្រួល សីតុណ្ហភាពផែនដីក៏ពិតមែន ក៏ប្រធានបទមួយនេះហាក់មិនសូវជាលេចធ្លោណាស់ណាទេ។ បញ្ហាសីតុណ្ហភាពកំពុងដើរទន្ទឹមគ្នាជាមួយបញ្ហាភេរវកម្មរបស់ ក្រុមភេរវជន។ បារាំងដាក់ពង្រាយប៉ូលិសគ្រប់កន្លែង ដើម្បីពង្រឹងសន្តិសុខ ពិសេសធានាដំណើរការកិច្ចប្រជុំដែលត្រូវធ្វើនៅថ្ងៃស្អែកនេះតែម្តង។
អាជ្ញាធរប៉ារីសបានអំពាវនាវប្រជាជនកុំអោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ដូចជារថភ្លើងក្រោមដី រឺក៏ឡានក្រុង ចៀសវាងកកស្ទះចរាចរណ៍។ ថ្ងៃច័ន្ទស្អែក ប្រធានាធិបតីបារាំង និងប្រធានាធិបតីប្រទេសផ្សេងៗ មានដូចជាលោកអូបាម៉ា លោកស៊ី ជីនពីង លោកពូទីន រឺក៏លោកអ៊ែរដូហ្កាន់ និងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំប៉ារីស។ ប្រធានាធិបតីតួកគី អ៊ែរដូហ្កាន់ ក៏ចង់ឆ្លៀតពេលជួបនិយាយផ្ទាល់ជាមួយលោកពូទីន ពីបញ្ហាពាក់ព័ន្ធនឹងការបាញ់យន្តហោះរុស្ស៊ី ដែលបង្កជម្លោះរវាងប្រទេសទាំង២ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com