អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រីស៊ូជី៖ បើប្រជាជនលែងស្រលាញ់អ្នក ជីវិតនយោបាយអ្នកនឹងត្រូវបញ្ចប់ហើយ
× ទោះបីលទ្ធផលនៃការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា បានបង្ហាញថាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានសំឡេងភាគច្រើនដាច់ខាតក្នុងសភាក៏ដោយ សភានីតិកាលថ្មីមិនទាន់ដំណើរការនូវនៅឡើយនោះទេ។ មេបក្សប្រឆាំងសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី ស៊ូជី បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយដើម្បីណែនាំដល់សមាជិកខ្លួនក្នុងការត្រៀមខ្លួនដើម្បីបម្រើប្រជាជននិងថែមទាំងបានព្រមានជាមុនលើតំណាងរាស្ត្រថ្មីត្រូវតែគោរពតាមបទបញ្ជា។
កាលពីចុងសបា្តហ៍កន្លងទៅ មេបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី បានបើកប្រជុំផ្ទៃក្នុងមួយដែលមានការចូលរួមពីតំណាងរាស្ត្រជាងពីររយនាក់ដើម្បីណែនាំ ដោយរួមជាមួយ នឹងការព្រមានទុកជាមុនចំពោះតំណាងរាស្ត្រមួយចំនួនដែលមានគំនិតទុច្ចរិកក្នុងតំណែងរបស់ខ្លួន ដ្បិតនេះគឺជាលើកដំបូងហើយដែលលោកស្រី ត្រូវដឹកនាំប្រទេស។
ក្នុងសន្និសីទការសែតក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី Thet Thet Khaing ជាតំណាងរាស្ត្រមួយរូប នៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ា បានថ្លែងប្រាប់ពីព័ត៌មានលម្អិតនូវអ្វីដែលលោកស្រី ស៊ូជី បានលើកឡើងដែលបានភាគច្រើន គឺជាសារព្រមានតំណាងរាស្ត្ររបស់ខ្លួន។
តាមការអះអាងរបស់លោកស្រី Thet Thet Khaing លោកស្រីស៊ូជី បានឲ្យសមាជិកសភា ត្រូវតែចេះធ្វើអ្វីដូចទៅនឹងអ្វីដែលប្រជាជនបានធ្វើ ពោលគឺសមាជិកសភា ត្រូវស្គាល់ពីគ្រប់ស្ថានភាពរបស់ប្រជាជន។ លោកស្រី ស៊ូជី ក៏បានបន្ថែមទៀតថាប្រសិនបើសភាចង់ឲ្យប្រជាជនធ្វើអ្វីមួយនោះគឺជាសភាខ្លួនឯងផ្ទាល់ត្រូវតែដឹកនាំ និងបង្ហាញពីគម្រូល្អរបស់ខ្លួនជាមុនសិន។
អ្វីដែលគួរកត់សម្គាល់នោះ ក្នុងអាណត្តិដឹកនាំរដ្ឋាភិបាលថ្មីរយៈពេលប្រាំឆ្នាំខាងមុខ លោកស្រី ស៊ូជី បានជំរុញឲ្យសមាជិកខ្លួនត្រូវតែគោរពតាមវិន័យ និងឥរិយាបថល្អ បើដូច្នេះទេ តំណាងរាស្ត្រទាំងនោះ នឹងត្រូវទទួលទណ្ឌកម្មដ៏តឹងរឹង។ ជាពិសេសនោះ ក្នុងការដឹកនាំរដ្ឋាភិបាលជាលើកដំបូង លោកស្រី ស៊ូជី បានក្រើនរម្លឹកដល់សមាជិករបស់ខ្លួន មិនត្រូវយកលុយជាធំនោះទេ។ លោកស្រីបានសង្កត់ធ្ងន់ថា « បើប្រជាជនលែងស្រលាញ់អ្នក ដែលសំដៅលើបក្សលោកស្រី នោះ ជីវិតនយោយបាយរបស់អ្នក នឹងត្រូវបញ្ចប់ហើយ។ ហើយនេះ គឺមានសារសំខាន់ជាងទឹកប្រាក់ទៅទៀត«។
សូមបញ្ជាក់ផងដែរថា សភាមីយ៉ាន់ម៉ានីតិកាលថ្មី នឹងត្រូវផ្តើមនៅដើមឆ្នាំ២០១៦ខាងមុខនេ។ ក្នុងនោះរដ្ឋាភិបាលថ្មី ដែលរួមបញ្ចូលទាំងការជ្រើសរើសប្រធានាធិបតីថ្មី ក៏នឹងត្រូវចាប់ផ្តើមផងដែរ។
ដោយឡែក ការកោះប្រជុំដែលភាគច្រើនជាសារព្រមានរបស់លោកស្រីស៊ូជីទៅកាន់តំណាងរាស្ត្រ ដែលជាសមាជិកបក្សរបស់លោកស្រី ក៏មិនមែនជារឿងអ្វីដែលត្រូវភ្ងាក់ផ្អើលនោះដែរ។ នោះក៏ព្រោះតែ ទាំងក្រសែភ្នែកប្រជាជនមីយ៉ាន់ម៉ា និងទាំងសហគមន៍អន្តរជាតិ កំពុងតែតាមដានការដឹកនាំរបស់ លោកស្រីស៊ូជី ក្នុងការកែប្រែស្ថានភាពមីយ៉ាន់ម៉ា។ ក្នុងចំណុចនេះ ក៏មានន័យថា ប្រសិនបក្ស លោកស្រីមិនអាចដោះស្រាយបញ្ហាដើម្បីបំពេញតម្រូវការរបស់ប្រជាជនបាននោះទេ នោះការតស៊ូរបស់លោកស្រីស៊ូជី ជាច្រើនឆ្នាំហើយនោះ នឹងត្រូវបាត់បង់៕
Tag:
អ៊ុងសាន ស៊ូជី
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com