អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទ័ពអាកាស​រុស្ស៊ី​ទម្លាក់​គ្រាប់​ចំ​ផ្សារ​សម្លាប់​មនុស្ស​៤៤​នាក់​នៅ​ស៊ី​រី​
30, Nov 2015 , 11:52 am        
រូបភាព
​ម្សិលមិញ​នេះ​កងកម្លាំង​ជើង​អាកាស​រុស្ស៊ី​បាន​វាយប្រហារ​ចំ​ផ្សារ​មួយ​នៅ​ក្រុង Ariha ដែលមាន​មនុស្ស​កកកុញ រហូត​សម្លាប់​មនុស្ស​យ៉ាងតិច ៤៤​នាក់​។ ទីក្រុង​ខាងលើ​ត្រូវបាន​កាន់កាប់​ដោយ​កងកម្លាំង​ឧទ្ទាម និង ក្រុម​រណសិរ្ស Nusra ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Al Jazeera ។​



​មនុស្ស​យ៉ាងហោចណាស់ ៤៤​នាក់​បាន​ស្លាប់​ដោយសារ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី​ម្សិលមិញ​នេះ​នៅ​ផ្សារ​មួយកន្លែង​ស្ថិតក្នុង​ក្រុង Ariha ។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​អះអាងថា កងទ័ព​រុស្ស៊ី​បាន​វាយប្រហារ​លើ​ទីតាំង​នេះ ព្រោះ​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​សម្ព័ន្ធ​ក្រុម​ទាហាន​នៃ​ជ័យជម្នះ រួមជាមួយ​ក្រុម​រណសិរ្ស Nusra  ផងដែរ​។  
 
​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​អះអាងថា ក្រៅពី​ផ្សារ​ដែលមាន​មនុស្ស​កកកុញ កងកម្លាំង​រុស្ស៊ី​ក៏បាន​វាយប្រហារ​ទៅលើ​គោលដៅ​ផ្សេងទៀត​មួយចំនួន​ផងដែរ​នៅក្នុង​ខេត្ត​ខាងលើ​។ ហើយ​អ្វីដែល​សំខាន់ ទិន្នន័យ​អ្នកស្លាប់​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ផ្សេងៗ​គ្នា ដោយ​ខ្លះ​អះអាងថា​អ្នកស្លាប់​តិច​បំផុត​ក៏ ៦០​នាក់​ដែរ​។​
 
​សារព័ត៌មាន​ក្នុង​តំបន់​បាន​ចោទ រុស្ស៊ី ថា​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុង​យុទ្ធនាការ​វាយប្រហារ​លើ​ទីតាំង​ខាងលើ​ថែមទៀត​។ ប៉ុន្តែ​គេ​មិនអាច​សុំ​ការបំភ្លឺ​ពី​ខាង​មន្ត្រី​ក្រសួង​ការពារ​រុស្ស៊ី​ឡើយ​ជុំវិញ​ការវាយប្រហារ​ដែល​សម្លាប់​ជន​ស៊ីវិល​ច្រើន​នាក់​នេះ​។  គេ​កំពុង​រង់ចាំ​ការបកស្រាយ​ពី​មន្ត្រី​យោធា​រុស្ស៊ី​ជុំវិញ​ករណី​ទម្លាក់​គ្រាប់បែក​លើ​ទីប្រជុំ​ជននេះ​ផងដែរ​។​
 
​តាមពិតទៅ​ក្រុម​សម្ព័ន្ធ​ទាហាន​នៃ​ជ័យជម្នះ​បាន​ដណ្តើម​កាន់កាប់​ទីក្រុង Ariha កាលពី​ខែឧសភា​កន្លងទៅ​ក្រោយ​វាយ​ប្រយុទ្ធ​ជាមួយ​ទាហាន​លោក អាសាដ យ៉ាងខ្លាំង​ក្លា​និង​ក្រោយមក​បាន​ជោគជ័យ​លើ​ទាហាន​ទាំងនោះ​។ ជុំវិញ​ការវាយប្រហារ​របស់​រុស្ស៊ី​នេះដែរ គេ​ឆ្ងល់​ថា ហេតុអ្វី​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​តំបន់​ខាងលើ​ឥត​ឈប់ ព្រោះ​តំបន់​ខាងលើ​មិន​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នោះឡើយ​។ 
 
​រុស្ស៊ី​បានចាប់ផ្តើម​យុទ្ធនាការ​យោធា​ដោយ​វាយប្រហារ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាលពី​ចុងខែ​កញ្ញា​ដើម្បី​ជួយ​គាំទ្រ​ទាហាន​របស់​រដ្ឋាភិបាល​ស៊ី​រី​។ ប៉ុន្តែ​លោកខាងលិច​បាន​រិះគន់​រុស្ស៊ី​ថា ប្រើប្រាស់​លេស​វាយប្រហារ​លើ​ក្រុម​ភេរវជន​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ​។  
 
 
 
  

Tag:
 ​រុស្ស៊ី
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com