អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី ជួប​លោក ថេ​ន សេន និង​មេ​យោធា​នៅ​ថ្ងៃ​ពុធ​នេះ​
30, Nov 2015 , 4:28 pm        
រូបភាព
ដោយ:
 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​បក្សប្រឆាំង នឹង​ជួប​ជាមួយ​លោក ថេ​ន សេន ប្រធានាធិបតី​ផុត​អណ​ត្តិ និង​មេកង​ទ័ព​មី​យ៉ាន់​ម៉ា ដ៏​មាន​ឥទ្ធិពល លោក មិន អ៊ុង​ឡាំង នៅ​ថ្ងៃ​ពុធ​នេះ​។ នេះ​បើតាម​សារព័ត៌មាន​Reuters​។​



​សារព័ត៌​មា​នេះ​បាន​ស្រង់​សម្តី​របស់​មន្ត្រី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ហ្ស តេ (Zaw Htay) ថា ជំនួប​ជា​លើកដំបូង​នេះ ធ្វើឡើង​ក្រោម​សំណើ​របស់​លោកស្រី ស៊ូ​ជី ដែល​បានស្នើ​ពិភាក្សា​ពី​ការផ្ទេរ​តំណែង​ក្រោយពេល​បានដឹង​បក្ស​លោកស្រី ទទួលបាន​អាសនៈ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​។​
 
​បើតាម​មន្ត្រី​ដដែល លោកស្រី ស៊ូ​ជី នឹង​ជួប​លោក ថេ​ន សេន នៅ​នៅ​ព្រឹក​ថ្ងៃ​ពុធ នៅ​គេហដ្ឋាន​របស់លោក ថេ​ន សេន  និង​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​លោក មិន អ៊ុង​ឡាំង  នៅ​រសៀល នៅ​ការិយាល័យ​របស់ លោក មិន អ៊ុង​ឡាំង​ផ្ទាល់​។​
 
​ប្រសិនបើ​ជំនួប​រវាង​មេដឹកនាំ​ទាំងបី នឹង​ប្រព្រឹត្ត​ទៅតាម​ពេល​កំណត់​នេះ​មែន នោះ​សំណើ​របស់ លោកស្រី ស៊ូ​ជី ទៅកាន់​ស្ថាប័ន​ធំ​បី​រប​ស់មី​យ៉ាន់​មា់ នឹងត្រូវ​បញ្ចប់​ដោយ​ជោគជ័យ​។ 
​សូម​រម្លឹក​ដែរ ក្រោយ​ដឹងថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងគាំទ្រ ភ្លូក​ទឹក ភ្លូក​ដី​ហើយ​នោះ លោកស្រី​ស៊ូ​ជី បាន​ផ្ញើលិខិត​បី​ទៅកាន់​ស្ថាប័ន​បី​ផ្សេងគ្នា ដើម្បី​សុំ​ការចរចា ពី​ការផ្ទេរអំណាច​។ លិខិត​ទាំងនោះ បាន​ផ្ញើ​ទៅ​លោក​ប្រធានាធិបតី ថេ​ន សេន លោក​មេបញ្ជាការ មិន អ៊ុង​ឡាំង និង​ប្រ​ធានា​រដ្ឋសភា លោក ស្វេ ម៉ាន់​។ ថ្មីៗ​នេះ លោកស្រី ស៊ូ​ជី បាន​ជួប​ជាមួយនឹង​លោក​ស្វេ ម៉ាន់ ហើយ​ភាគី ក៏បាន​ព្រមព្រៀង​សហការ​ការងារ​ល្អ​ជាមួយគ្នា​ផងដែរ​។ 
 
​ជុំវិញ​នៃ​ជំនួប​នេះដែរ ត្រូវបាន​គេ​រំពឹងថា នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន ដ្បិត​កន្លងមក ទាំង​លោក​ប្រ​ធានា ធិបតី​ថេ​ន សេន ទាំង​លោក មិន អ៊ុង​ឡាំង បាន​សន្យា​ហើយ​ថា នឹង​ផ្ទេរអំណាច​ទៅ​លោកស្រី ស៊ូ​ជី ដោយ​សន្តិវិធី​។ ហើយ ប្រសិន​ភាគី​ទាំងអស់ អាចអនុវត្ត​បាន​ដូច​ទៅនឹង​ការសន្យា​របស់ខ្លួន​បាន​មែន នោះ គ្មាន​ចម្ងល់​អ្វី​ទៀត​នោះទេ​សម្រាប់​នយោបាយ​មី​យ៉ាន់​ម៉ា ពោលគឺ​លទ្ធិប្រជាធិបតេយ្យ​នឹង ដំណើរការ​ទៅដោយ​រលូន​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ថ្ងៃទី​៨ ខែវិច្ឆិកា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហើយ​លទ្ធផល​ជាបឋម​បាន​បង្ហាញថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់ លោកស្រី អ៊ុង​សាន ស៊ូ​ជី អាចមាន​លទ្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដោយ​ខ្លួនឯងបាន​។ តែ​អ្វីដែល​គេ​កំពុងតែ​រង់ចាំ​ចុងក្រោយ​នោះ គឺជា​ការចរចា​រវាង​មេដឹកនាំ​ពាក់ព័ន្ធ​កំពូល ក្នុងការ​ផ្ទេរតំណែង ដ្បិត​អាណត្តិ​រដ្ឋាភិបាល​ថ្មី​នេះ គឺជា​លើកដំបូង​ហើយ​ដែល​មី​យ៉ាន់​ម៉ា ត្រូវ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ពិតប្រាកដ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា
  ថេន​សេន
© រក្សាសិទ្ធិដោយ thmeythmey.com