អន្តរជាតិ
ហេតុអ្វីអាស៊ានរក្សាភាពស្ងៀមស្ងាត់លើការសុំចូលជាសមាជិកភាពទីម័រខាងកើត?
× បន្ទាប់ពីបានស្នើសុំចូលជាសមាជិកភាពអាស៊ានតាំងពីឆ្នាំ២០១១មក ទីម័រខាងកើតដែលជាប្រទេស ក្មេងខ្ចីមួយនៅអាស៊ីអាគ្នេយ៍ បានបន្តរង់ចាំការសម្រេចជាឯកច្ឆ័នពីមេដឹកនាំអាស៊ានក្នុងការដាក់បញ្ចូលខ្លួនជាសមាជិក។ តែពីមួយឆ្នាំទៅមួយឆ្នាំនៃកិច្ចប្រជុំកំពូលអាស៊ាន ហាក់ដូចជាមិនមានពន្លឺសម្រាប់ទីម័រខាងកើត ពោលគឺអាស៊ាន មិនបានលើកការសុំចូលជាសមាជិកភាពរបស់ទីម័រខាងកើតក្នុងរបៀបវារៈដើម្បីពិចារណានោះទេ ។ តើមានរបាំងអ្វីខ្លះបានជាអាស៊ាន រក្សាភាពស្ងៀមស្ងាត់ចំពោះការសុំចូលរបស់ទីម័រខាងកើតជាសមាជិកខ្លួន?
សូមស្ដាប់ព័ត៌មានលម្អិត៖
គឺជារយៈពេលបួនឆ្នាំហើយដែលទីម័រខាងកើត បានព្យាយាមភ្ជាប់ខ្លួនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តែមិនទាន់ទទួលបានសញ្ញាវិជ្ជមានណាមួយ ខណៈដំណើរការនៃសមាហរណកម្មនៃស្ថាប័ន នេះ កំពុងតែឆ្ពោះទៅមុខកាន់តែស៊ីជម្រៅ។ តែទីម័រខាងកើត នៅតែបន្តប្តេជ្ញាក្នុងការបង្ហាញពីសក្តានុ ពលរបស់ខ្លួនដើម្បីទាក់ទាញទឹកចិត្តមេដឹកនាំអាស៊ាន។
១. មានលក្ខខណ្ឌអ្វីខ្លះដើម្បីអាចក្លាយជាសមាជិកអាស៊ាន?
ដូចដែលបានបញ្ញត្តិក្នុងជំពូកទី៣ មាត្រា៦ នៃធម្មនុញ្ញអាស៊ាន ដើម្បីក្លាយជាសមាជិករបស់អាស៊ាន រដ្ឋដែលបានដាក់ស្នើត្រូវបំពេញនូវលក្ខខណ្ឌគ្រឹះមួយចំនួន។ ក្នុងនោះរួមមាន ត្រូវមានទីតាំងភូមិសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ការទទួលស្គាល់ពីរដ្ឋអាស៊ានទាំងអស់ គោរពតាមធម្មនុញ្ញអាស៊ាន និងជាពិសេសនោះត្រូវទទួលបានការយល់ព្រមជាឯកច្ឆ័នពីរដ្ឋអាស៊ានក្នុងកិច្ចប្រជុំកំពូល។
ងាកមកទីម័រខាងកើតវិញ បានបំពេញលក្ខខណ្ឌស្ទើរតែគ្រប់ចំនួនហើយ តែបានបរាជ័យក្នុងការទទួល បានការរយល់ព្រមជាឯកច្ឆ័នពីមេដឹកនាំអាស៊ាន។ នោះគឺកាលពីឆ្នាំ២០១១ សិង្ហបុរី ធា្លប់បានជំទាស់ ចំពោះការសុំចូលជាសមាជិកភាព ដ្បិតព្រួយបារម្ភពីបញ្ហាសន្តិសុខទីម័រខាងកើត និងសេដ្ឋកិច្ចនៅមាន លក្ខណៈផុយស្រួយនៅឡើយ។ ក្រោយមកទៀតរបៀបវារៈនៃការពិភាក្សាពីសមាជិកភាព មិនត្រូវបាន លើកនៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានទៀតនោះទេ។
២. អាស៊ាន មិនទាន់រួចរាល់ក្នុងការបញ្ចូលសមាជិកបន្ថែម?
ក្នុងឱកាសនៃកិច្ចប្រជុំក្នុងក្រុងចាកាតាកាលពីខែសីហាកន្លងទៅ ឥណ្ឌូនេស៊ី បានសន្យាថានឹងជំរុញមេដឹកនាំកំពូលអាស៊ានផ្សេងទៀតដើម្បីពិចារណាលើការសុំចូលជាសមាជិកភាពអាស៊ានរបស់ទីម័រ ខាងកើត។ ជាពិសេសនោះ ឥណ្ឌូនេស៊ី ថែមទាំងសន្យាលើកបញ្ហានេះក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល អាស៊ាននៅក្រុងគូឡាឡាំពួរដែលមានម៉ាឡេស៊ីជាប្រធានទៀតផង។ យ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលអាស៊ាន ទើបតែបានបញ្ចប់កាលពីប៉ុន្មានថ្ងៃកន្លងទៅ មិនបានរំលេចចេញនូវប្រធានបទ ទីម័រខាងកើតនោះទេ។
តាមពិតទៅ វាអាចជាមូលហេតុចម្បងមួយដែលអាស៊ាន ហាក់ដូចជាព្រងើយកន្តើយចំពោះទីម័រខាងកើត។ នោះ ក៏ព្រោះតែ អាស៊ានខ្លួនឯងផ្ទាល់ កំពុងមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ។ ក្នុងនោះ រួមមានបញ្ហាភេរវកម្មរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម បញ្ហាជម្លោះដែនអធិបតេយ្យ និង ពិសេសនោះ នៅដើមឆ្នាំ២០១៦ខាងមុខនេះ អាស៊ាន នឹងត្រូវចាប់ផ្តើមធ្វើសមាហរណកម្មសេដ្ឋកិច្ច ដែលត្រូវគេជឿជាក់ថា នឹងត្រូវមានបញ្ហាប្រឈមច្រើន។ ហើយ ប្រទេសអាស៊ានមួយចំនួន ក៏កំពុងតែ ប្រឈមនឹងបញ្ហាផ្ទៃក្នុងផងដែរនោះ។ ដូច្នេះ បើសម្រេចឲ្យទីម័រខាងកើត ដែលជាប្រទេសមួយក្មេងខ្ចី ជាសមាជិកពេញអង្គរបស់អាស៊ាន នោះនឹងធ្វើឲ្យមានការប្រទាញប្រទង់ទាំងផ្នែកសេដ្ឋកិច្ច និងទាំងផ្នែកសន្តិសុខ។
សូមបញ្ជាក់ផងដែរថា ទីម័រខាងកើត ទើបតែទទួលបានឯករាជ្យពេញលេញ និងទទួលស្គាល់ដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០២នោះទេ។ ហើយប្រទេសនៅមានភាពទន់ខ្សោយទាំងផ្នែក សេដ្ឋកិច្ច និង សន្តិសុខនៅឡើយនោះទេ។ បើយើងតាមរបាយការណ៍របស់ ADB និង World Bank ក្នុងឆ្នាំ២០១៤ កំណើនសេដ្ឋកិច្ចរបស់ទីម័រខាងកើត មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរកត់សម្គាល់។ យ៉ាងណាក៏ដោយ បើប្រៀបធៀបពី ផលិតផលក្នុងស្រុកសរុប (GDP) ចុងក្រោយ របស់រដ្ឋនេះ យើងឃើញថា ទីម័រខាងកើត សម្រេចបានត្រឹម ១.៦ ពាន់លានដុល្លាសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលតួលេខនេះ ទាបជាងប្រទេសអាស៊ានចាស់ ច្រើនដងណាស់។ មួយវិញទៀត ដោយសារតែរដ្ឋនេះ ទើបតែបញ្ចប់អាណានិគម មានក្រុមឧទ្ទាមជាច្រើននៅតែបន្តរំខាន និងគំរាមកំហែងដល់សន្តិសុខទីម័រខាងកើត ដែលចំណុចនេះ គឺជាអ្វីដែលរដ្ឋអាស៊ានជាពិសេសសិង្ហបុរីព្រួយបារម្ភបំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com