អន្តរជាតិ
មេដឹកនាំពិភពលោកប្រជុំគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅប៉ារីស
× មេដឹកនាំពិភពលោកជាច្រើន ប្រជុំគ្នានៅទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្ដីបម្រែបម្រួលអាកាសធាតុដែលចាប់ផ្ដើមនៅថ្ងៃចន្ទនេះ។ គេរំពឹងថាកិច្ចព្រមព្រៀងអន្តរជាតិមួយអាចនឹងលេចជារូបរាងដើម្បីឈានទៅដោះស្រាយបញ្ហាអាកាសធាតុដែលកំពុងបង្កផលប៉ះពាល់ ខ្លាំងដល់ពិភពលោក។
មេដឹកនាំមកពីប្រទេសជាង១៥០ បានទៅដល់ទីក្រុងប៉ារីសដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី២១របស់សន្និសីទភាគីនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ (COP21) ។ ក្រុមមេដឹកនាំពិភពលោកនឹងពិភាក្សាស្វែងរកយន្តការរួមមួយសម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាអាកាសធាតុដែលបានជះឥទ្ធិពលខ្លាំងលើជីវិតមនុស្សលោក។
មេដឹកនាំប្រទេសមហាអំណាចពិភពលោកមាន ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានមកដល់កាលពីថ្ងៃអាទិត្យ។ មេដឹកនាំទាំងនេះបានទទួលការស្វាគមន៍ដោយប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ ។ មេដឹកនាំជាច្រើនទៀតក៏បានទៅដល់ជាបន្តបន្ទាប់ផងដែរ ក្រោមការពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់កងកម្លាំងបារាំង។
កិច្ចពិភាក្សាដែលមានរយៈពេលពីរសប្ដាហ៍នេះមានគោលដៅសម្រេចឲ្យបាននូវសន្ធិសញ្ញាមួយ ចែងពីគោលនយោបាយរួមស្ដីបញ្ហាអាកាសធាតុ ដោយរួមបញ្ចូលទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក (CO2) ក៏ដូចជាការផ្ដល់ជំនួយហិរញ្ញវត្ថុជាសំណងដល់ប្រទេសដែលរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុនេះផង។ ម្យ៉ាងទៀតគោលនយោបាយនេះក៏នឹងផ្ដោតលើការផ្អាកការប្រើប្រាស់ថាមពលឥន្ធនៈដែរ។
យ៉ាងណាក៏ដោយ បញ្ហាចំនួនពីរធ្វើឲ្យរាំងស្ទះដល់ការពិភាក្សានេះ។ បញ្ហាទី១ គឺកាត្វកិច្ចផ្លូវច្បាប់ដែលមានលក្ខណៈចាប់បង្ខំឲ្យអនុវត្តរបស់កិច្ចព្រមព្រៀងនេះ ព្រោះមានការបដិសេធពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងណាដែលតម្រូវឲ្យមានការកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនឌីអុកស៊ីត ពីព្រោះខ្លួនពិបាក ស្វែងការឯកភាពពីសភាដែលគ្រប់ដណ្ដប់ដោយសមាជិកសភាបក្សសាធារណរដ្ឋ។
ចំណែកឯបញ្ហាទី២ទាក់ទងការផ្ដល់ហិរញ្ញវត្ថុដល់ប្រទេសដែលរងផលប៉ះពាល់។ ប្រទេសកំពុងអភិវឌ្ឍបានទាមទារឲ្យប្រទេសអ្នកមានទទួលខុសចំណែកខុសត្រូវលើបញ្ហានេះដែរ។ ក្រុមប្រទេសកំពុងអភិវឌ្ឍទាំងនោះក៏បានបង្ហាញការស្ទាក់ស្ទើរក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឥន្ធនៈ ដោយបានលើកឡើងថា ប្រទេសអ្នកមានគួរតែទទួលខុសត្រូវលើរឿងនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com