បុព្វហេតុ​នៃ​ការបង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨
ជាតិ
សង្គមជាតិ
បុព្វហេតុ​នៃ​ការបង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨
02, Dec 2018 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
 
​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ខំ​ប្រជាជន​កម្ពុជា​ឲ្យ​ធ្វើការ​ជា​ទម្ងន់ បង្អត់អាហារ គ្មាន​ថ្មាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ពិសេស​ពួក​ឃាតករ​អាវខ្មៅ​បានសម្លាប់​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​កំហុស​។ របប​នេះ​ប្រៀប​ដូច​គុក​ឥត​ជ​ញ្ចាំ​ង ឬ​ឋាននរក​។ ដោយ​ឃើញ​អំពើ​ព្រៃផ្សៃ​បែបនេះហើយ កម្មាភិបាល​ខ្មែរ​ក្រហ​មួយចំនួន​បាន​ចេញមុខ​ប្រឆាំង ប៉ុន្តែ​ត្រូវ​មេដឹកនាំ​ខ្មែ​ក្រហម​សម្លាប់​ដូចជា លោក ហ៊ូ នឹម សម្លាប់​នៅ​ឆ្នាំ​១៩៧៦ លោក កុយ ធួន លេខា​បក្ស​ភូមិភាគ​ឧ​ត្ត​រ សម្លាប់​នៅ​ឆ្នាំ​១៩៧៦ ។ ល​។

 
​នៅ​ឆ្នាំ​១៩៧៧ ប្រជាជន​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌល​គី​រី កំពង់ឆ្នាំង និង​នៅ​ចម្ការ​ហ្លួង បាន​ក្រោក​ឡើង​បង្ក​ចលនា​ប្រឆាំងនឹង​ខ្មែរក្រហម​។ ចលនា​បះបោរ​របស់​ប្រជាជន​បានធ្វើ​ឲ្យ​អង្គការ​ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​ខ្មែរក្រហម​ចាប់ផ្តើម​សម្លាប់​ប្រជាជន​កាន់តែច្រើន និង​គ្រប់កន្លែង​ទូទាំងប្រទេស ពិសេស​ភូមិភាគ​និរតី ឧ​ត្ត​រ ពាយ័ព្យ និង​បូព៌ា​។ ចលនា​បះបោរ​របស់​ប្រជាជន​កម្ពុជា​កើតមាន​កាន់តែ​ធំ​ឡើងៗ ហើយ​រីក​រាលដាល​ពាស​ពា​ញ​ប្រទេស ដូចជា​ប្រជាជន​នៅ​ស្រុក​ត្បូងឃ្មុំ (​កំពង់ចាម​) ស្រុក​សៀម​ប៉ាង (​ស្ទឹងត្រែង​) ស្រុក​ប​កែវ (​រតនគីរី​) ជាដើម​។ 
 
​នៅ​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូព៌ា​សម​មិត្ត ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំងនឹង​ខ្មែរក្រហម​។ ពួក​កុបករ​ទាំងអស់​បាច​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ 
 
​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់​បានធ្វើ​ឡើង​នៅ​មូលដ្ឋាន​រំដោះ​។ មហាសន្និបាត​បានសម្រេច​ជា​ឯកច្ឆន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសតាំង​គណកម្មាធិកា​រម​ជ្ឈិ​ម​រណសិរ្ស​ដែលមាន​សមាជិក ១៤​រូប ក្នុងនោះ​សម​មិត្ត ហេង សំរិន ជា​ប្រធាន​។ 
 
​មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយ​ដូចខាងក្រោម​៖ 
​ទី​១. ផ្តួលរំលំ​របប​ប្រល័យ​ពួជ​សាសន៍​ខ្មែរក្រហម រំដោះប្រជាជន​ទូទាំងប្រទេស​ឲ្យ​រួច​ផុតពី​រណ្តៅ​មរណៈ​
​ទី​២. គោរព​ឆន្ទៈ និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា​
​ទី​៣. កសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាព​ទឹកដី និង​សម្បូរ​រុងរឿង​។​
​ចាប់ពីពេលនោះ​មក កម្លាំង​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់តែ​រីក​ធំធាត់ និង​ខ្លាំងក្លា​ឡើងៗ​ទាំង​ក្នុង និង​ក្រៅប្រទេស​៕
 
[​ដកស្រង់​ពី​សៀវភៅ​៖ សិក្សា​សង្គម​ថ្នាក់​ទី​៩]

Tag:
 រណ​សិ​រ្យ ២ ធ្នូ​
© រក្សាសិទ្ធិដោយ thmeythmey.com