អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ដាស់តឿន​តួ​ក​គី​និង​រុស្ស៊ី​ឲ្យ​ឈប់​ឈ្លោះ​គ្នា ដោយ​ងាក​មក​កម្ចាត់​ក្រុម IS
02, Dec 2015 , 4:03 pm        
រូបភាព
​រដ្ឋាភិបាល​អាមេរិក​បាន​ដាស់តឿន​ឲ្យ​តួ​ក​គី និង​រុស្ស៊ី​ឈប់​រករឿង​ឈ្លោះ​គ្នា ហើយ​ត្រលប់មក​ផ្តោតលើ​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន​រដ្ឋ​ឥស្លាម​វិញ​។ សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​តួ​ក​គី​នោះ ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​តួ​ក​គី តែ​នៅ​បន្ត​អះអាងថា អាមេរិក​គាំទ្រ​តួ​ក​គី​ដែល​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​។


 លោក មុំ ពិទូរ្យ លម្អិតព័ត៌មាន​នេះ 



​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា  បាន​ចេញមុខ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី និង​រុស្ស៊ី​បញ្ចប់​ការឈ្លោះទាស់ទែង​គ្នា និង​បន្ថយ​ការប្រឈមមុខ​ដាក់គ្នា ហើយ​ងាក​មក​រួមដៃគ្នា​កម្ចាត់​សត្រូវ​រួម​គឺ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​វិញ​។ ហើយ​លោក ក៏​លើកឡើង​ផងដែរ​ថា រុស្ស៊ី​នឹង​ផ្លាស់ប្តូរ​គោលជំហរ ហើយ​គាំទ្រ​ដំណោះស្រាយ​នយោបាយ​នៅ​ស៊ី​រី និង​ត្រលប់​សហការ ជាមួយ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ព្រោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជាការ​គំរាមកំហែង​ពិតប្រាកដ​មួយ​សម្រាប់​រុស្ស៊ី​ដែរ​។ 
 
​ប្រមុខរដ្ឋ​អាមេរិក​រូបនេះ ទំនងជា​ព្យាយាម​ធ្វើជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះ​រវាង​តួ​ក​គី និង​រុស្ស៊ី ក្រោយ​ប្រទេស​ទាំងពីរ​ប្រើប្រាស់​សង្គ្រាមពាក្យសម្តី​វាយប្រហារ​គ្នា​ឥត​ឈប់ ហើយ​ការប្រឈមមុខ​ដាក់គ្នា​នេះ​អាច​នឹង​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ផង​ក៏​ថា​បាន​។ កន្លងមក​រុស្ស៊ី​បានដាក់​វិធានការ​សងសឹក​តួ​ក​គី​ឥត​ឈប់ ហើយ​ស្វះ​ស្វែងរក​ភស្តុតាង​មក​បកអាក្រាត​រដ្ឋាភិបាល​តួ​ក​គី​ដែល​លួច​ធ្វើ​អាជីវកម្ម​ប្រេង​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ 
 
​ចំណែក​តួ​ក​គី​ទាត់ចោល​ការចោទប្រកាន់​ថា​ខ្លួន​លួច​រកស៊ី​ជាមួយ​ក្រុម​ភេរវជន ដោយ​ប្រធានាធិបតី​តួ​ក​គី​សុខចិត្ត លាលែង​ពី​តំណែង ប្រសិនបើ​មាន​ភស្តុតាង​បញ្ជាក់ថា តួ​ក​គី​លួច​ទិញ​ប្រេង​ពី​ភេរវជន​មែន​នោះ​។  ប៉ុន្តែ​នៅក្រៅ​សន្និសីទ​អាកាសធាតុ​ទីក្រុង​ប៉ារីស ប្រធានាធិបតី​តួ​ក​គី​លោក Recep Erdogan បាន​ស្វះស្វែង​សុំ​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ ប៉ុន្តែ​បុរស​ខ្លាំង​របស់​រុស្ស៊ី​បាន​បដិសេធ​ទៀត​។ 
 
​យ៉ាងណាក៏ដោយ ស្របពេល​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​ផ្សះផ្សា​គ្នា ប្រធានាធិបតី​អាមេរិក ក៏​ឆ្លៀត​រិះគន់​រុស្ស៊ី​ដែរ​។ លោក​បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​លោក​នៅតែ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ដែល​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​និង​ការពារ​ដែន​អធិបតេយ្យ​ពី​ការឈ្លានពាន​។  ទោះ​អាមេរិក​ការពារ​តួ​ក​គី​ក្តី ណា​តូ​នៅ​ដ​ង្ហើ​យ​សុំ​ឲ្យ​ភាគី​ជម្លោះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​និង​បញ្ចៀស​ឲ្យ​បាន​បញ្ហា​បែបនេះ​នៅ​ថ្ងៃក្រោយ​ទៀត​។​
 
​ដោយឡែក​ពាក់ព័ន្ធ​ជម្លោះ​ស៊ី​រី  លោក អូ​បា​ម៉ា ហាក់ដូចជា​ប្រាកដប្រជា​ក្នុង​ចិត្ត​ថា រដ្ឋាភិបាល​ក្រេ​ម​ឡាំង​នឹង​ផ្លាស់ប្តូរ​គោលជំហរ​មក​គាំទ្រ​ដំណោះស្រាយ​នយោបាយ​នៅ​ស៊ី​រី និង​មក​សហការ​ជាមួយ​អាមេរិក​រួមជាមួយ​សម្ព័ន្ធ​មិត្ត​ឯទៀត​នៅពេល​ខាងមុខ​។  លោក អូ​បា​ម៉ា ហាក់ដូច​មាន​ក្តី​រំពឹង​ខ្ពស់​ថា របប​ដឹកនាំ​រុស្ស៊ី​នឹង​ឯកភាព​លើ​ដំណោះស្រាយ​ដែល​លោក បា​សា អាល់​អាសាដ ត្រូវ​ចេញពី​តំណែង​ដើម្បី​ឈានទៅរក​ការបោះឆ្នោត​។​
 
​ទោះជា​លោក អូ​បា​ម៉ា អះអាង​ដូច្នេះ​ក្តី គេ​មើលឃើញថា វា​មានលទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ដែល រុស្ស៊ី​ត្រូវ​បោះបង់​លោក អាសាដ ចោល ដោយ​រុស្ស៊ី​មានប្រៀប​រួចទៅហើយ​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​នោះ ។ ក្រៅពី​មាន​ទឹកមាត់ប្រៃ​ក្នុងការ​ចរចា​នៅ​ទីក្រុង​វ្យ៉ែ​ន រុស្ស៊ី​មានប្រៀប​លើ​ការប្រើប្រាស់​យុទ្ធសាស្ត្រ​យោធា ដោយ​ពង្រាយ​ទ័ព​ទៅកាន់​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​ស៊ី​រី ដើម្បី​ការពារ​លោក អាសាដ ពី​ការគំរាមកំហែង​ក្រុម​ភេរវជន​ផង និង​ក្រុម​ឧទ្ទាម​ផង​។ ម្យ៉ាង​ក្រោយ​តួ​ក​គី​បាញ់​យន្តហោះ​ខ្លួន​ធ្លាក់​ភ្លាម រុស្ស៊ី​ក៏​ពង្រាយ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 ជាច្រើន​ដើម ទៅ​ស៊ី​រី​ទៀត ដែល​អាវុធ​ប្រភេទ​នេះ គំរាមកំហែង​ដល់​យន្តហោះ​ចម្បាំង​អាមេរិក​និង​សម្ព័ន្ធមិត្ត​ដែល​កំពុង​ទម្លាក់​គ្រាប់​នៅ​ស៊ី​រី​៕   

Tag:
 តួ​ក​គី​
  ISIS
© រក្សាសិទ្ធិដោយ thmeythmey.com