អន្តរជាតិ
អាមេរិកបន្ថែមទ័ពទៅកម្ចាត់ក្រុម IS តែអ៊ីរ៉ាក់ទាមទារឲ្យសុំអនុញ្ញាតជាមុន
× ក្រុងវ៉ាស៊ីនតោន បានប្រកាសថាខ្លួននឹងបញ្ជូនទ័ពពិសេសបន្ថែមទៅជួយកងទ័ពអ៊ីរ៉ាក់ និងឆ្លៀតបើកប្រតិបត្តិការនៅក្នុងទឹកដីស៊ីរីផងដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាម។ ការពង្រាយទ័ពបន្ថែមបែបនេះ ជាយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងក្រុមភេរវជន ប៉ុន្តែចំនួនទ័ពប៉ុន្មាននាក់គ្មានអ្នកណាដឹងច្បាស់ទេ។ យ៉ាងណាក៏ដោយ អ៊ីរ៉ាក់បានចេញមុខប្រកាសថា ទ័ពបរទេស បើចង់បើកប្រតិបត្តិការយោធានៅលើទឹកដីខ្លួន ត្រូវទទួលការអនុញ្ញាតពីរដ្ឋាភិបាលអ៊ីរ៉ាក់ជាមុនសិន។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
រយៈពេលជាងមួយឆ្នាំហើយដែលក្រុងវ៉ាស៊ីនតោនដឹកនាំសម្ព័ន្ធអន្តរជាតិដើម្បីតាមកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម ប៉ុន្តែជារឿយៗក្រុងវ៉ាស៊ីនតោនតែងទទួលរងការរិះគន់ខ្លាំងផងដែរដោយសារយុទ្ធនាការមិនមានប្រសិទ្ធភាព។ ការវាយប្រហាររបស់ក្រុមភេរវជនលើរដ្ឋអឺរ៉ុបកាន់តែធ្វើឲ្យលោក បារ៉ាក់ អូបាម៉ា កាន់តែឈឺក្បាល ហើយអ្នកនយោបាយអាមេរិកចាប់ផ្តើមទិតៀនយុទ្ធសាស្ត្រលោក អូបាម៉ាកាន់តែខ្លាំងឡើង។ កន្លងមកមានការស្នើសុំឲ្យអាមេរិកបញ្ជូនទ័ពថ្មើរជើងទៅច្បាំងកម្ចាត់ក្រុមរដ្ឋឥស្លាម ដើម្បីធានាថា ក្រុមនេះនឹងលែងមានវត្តមានទៀត ព្រោះប្រើយន្តហោះទម្លាក់គ្រាប់បែកមិនសូវមានប្រសិទ្ធភាពទេ។
រដ្ឋបាលលោក អូបាម៉ា បន្តបដិសេធបញ្ជូនទ័ពថ្មើរជើងទៅធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ាជាថ្មី ប៉ុន្តែក្រសួងការពារជាតិអាមេរិកបន្តដាក់ចេញផែនការបញ្ជូនទ័ពពិសេសទៅអ៊ីរ៉ាក់ និងស៊ីរី ដើម្បីពង្រឹងយុទ្ធសាស្ត្រកម្ចាត់ភេរវជន តែមិនមែនទៅច្បាំងផ្ទាល់ទេ។ កាលពីខែតុលាកន្លងមកក្រសួងការពារជាតិអាមេរិកក៏បានប្រកាសពង្រាយកងកម្លាំងពិសេសចំនួន៥០នាក់ផងដែរទៅភាគខាងជើងប្រទេសស៊ីរី ដើម្បីជួយបង្វឹកក្រុមឧទ្ទាមស៊ីរី។
-ពង្រឹងយុទ្ធសាស្ត្រយោធាតែមួយមុខគ្មានផ្លូវឈ្នះក្រុមភេរវរដ្ឋឥស្លាម?
ម្សិលមិញនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Aston Carter បានប្រកាសគម្រោងបញ្ជូនទ័ពពិសេសបន្ថែមទៀតទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីពង្រឹងយុទ្ធសាស្ត្រកម្ចាត់ភេរវកម្មដែរ។ គេមិនបានដឹងថា ទ័ពពិសេសប៉ុន្មាននាក់នឹងត្រូវបញ្ជូនទៅទេ។ ប៉ុន្តែមានប្រភពព័ត៌មានខ្លះអះអាងថា ទ័ពប្រហែល២០០នាក់ប៉ុណ្ណោះនឹងត្រូវពង្រាយទៅឈរជើងនៅអ៊ីរ៉ាក់។
យោងតាមសម្តីរដ្ឋមន្ត្រីការពារជាតិ កងទ័ពពិសេសនឹងប្រឡូកក្នុងប្រតិបត្តិការវាយឆ្មក់ រំដោះចំណាប់ខ្មាំង ប្រមូលរបាយការណ៍ចារកម្ម និងចាប់ខ្លួនមេដឹកនាំក្រុមភេរវជនរដ្ឋឥស្លាម។ ហើយអ្វីដែលសំខាន់ក្រុមនេះនឹងមានអាចបើកប្រតិបត្តិការយោធាជាលក្ខណៈឯកតោភាគី ចូលក្នុងទឹកដីស៊ីរីផងដែរ។ យ៉ាងណាមិញ ទោះជាមានការបន្ថែមកងទ័ពឬអត់ក៏មិនអាចមានអ្វីប្រែប្រួលជាដុំកំភួនដែរ កងទ័ពអាមេរិកមិនមែនចេញច្បាំងផ្ទាល់ទេ ហើយចំនួនកងទ័ពទាំងនេះក៏មិនច្រើនល្មមអាចបង្កើនប្រសិទ្ធភាពយុទ្ធនាការកម្ចាត់ក្រុមរដ្ឋឥស្លាមនោះឡើយ។
ផ្ទុយទៅវិញ ប្រទេសមហាអំណាចទាំងនេះហាក់ដូចជាព្រងើយកន្តើយរឿងចំណូលរបស់ក្រុមភេរវជន ដោយផ្តោតអារម្មណ៍តែលើយុទ្ធសាស្ត្រយោធា។ ការឈានទៅយកជ័យជម្នះលើក្រុមជ្រុលនិយមនេះ មិនរំពឹងតែលើការប្រើប្រាស់កម្លាំងទ័ពតែមួយមុខឡើយ ហើយវាក៏មិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកម្នាក់ឯងដែរ។ ដើម្បីទទួលជ័យជម្នះលើក្រុមនេះ វាចាំបាច់ណាស់ត្រូវមានការសហការពីបណ្តាប្រទេសជាមិត្តក្នុងប្រតិបត្តិការយោធាផង ចាត់វិធានការកាត់ផ្តាច់ចរន្តចំណូលក្រុមនេះផង និងបង្កើនការទប់ស្កាត់ការជ្រើសរើសសមាជិកថ្មីពួកគេផង។ បច្ចុប្បន្នក្រុមភេរវជននេះនៅអាចមានលទ្ធភាពជ្រើសរើសសមាជិកថ្មីយ៉ាងមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ហើយអ្វីដែលគួរឲ្យកត់សម្គាល់ក្រុមនេះអាចរកចំណូលបានក្នុងមួយខែមិនក្រោម ៤០លានដុល្លារដោយបូមនិងនាំចេញប្រេង។ ជារឿងមិនអាចប្រកែកបាន ដែរថា បើរដ្ឋទាំងអស់មានឆន្ទៈសហការគ្នាដាក់វិធានការកាត់ផ្តាច់រាល់ចំណូលរបស់ក្រុមនេះ ពួកគេក៏មិនមានសមត្ថភាពរើសសមាជិក ទិញអាវុធថ្មី និងពង្រីកបណ្តាញរបស់ខ្លួនឡើយ។
-អ៊ីរ៉ាក់មិនត្រូវការទ័ពបរទេសច្បាំងកម្ចាត់ក្រុមរដ្ឋឥស្លាមលើទឹកដីខ្លួនឡើយ
ត្រលប់មកវិញ ស្របពេលដែលមានការប្រកាសបញ្ជូនទ័ពអាមេរិកបន្ថែមទៅឈរជើងនៅទឹកដីអ៊ីរ៉ាក់ លោក Haider al-Abbadi ប្រមុខរដ្ឋាភិបាលអ៊ីរ៉ាក់ បានចេញមុខបញ្ជាក់ប្រាប់សហគមន៍អន្តរជាតិថា អ៊ីរ៉ាក់មិនត្រូវការទ័ពបរទេសមកច្បាំងនៅលើទឹកដីខ្លួនឡើយ។ រដ្ឋាភិបាលអ៊ីរ៉ាក់ចង់បញ្ជាក់ថា ការពង្រាយទ័ពមកកាន់ប្រទេសខ្លួនអាចធ្វើទៅបានដរាបណាមានការ ត្រូវមានការយល់ព្រមជាមុន និងគោរពអធិបតេយ្យពេញលេញរបស់អ៊ីរ៉ាក់។ ប៉ុន្តែវាប្រាកដណាស់ថាសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលក្រុងបាដាដកំពុងចរចាគ្នា ឬអាចថា ឯកភាពគ្នាលើផែនការបញ្ជូនទ័ពនេះហើយ។
ប៉ុន្តែកន្លងមកអាមេរិកបានដឹកនាំរដ្ឋអារ៉ាប់ទម្លាក់គ្រាប់ និងបញ្ជូនទ័ពប្រហែល៥០នាក់ទៅកាន់ទឹកដីស៊ីរីដោយមិនខ្វល់ពីរដ្ឋាភិបាលលោក អាសាដ ឡើយ។នេះក៏ព្រោះថា អាមេរិកមិនដែរទុករដ្ឋាភិបាលនេះជារដ្ឋាភិបាលស្របច្បាប់ទេ។ វាប្រាកដណាស់ថា សកម្មភាពបែបនេះវារំលោភអធិបតេយ្យរបស់រដ្ឋនិងប៉ះពាល់ដល់ច្បាប់អន្តរជាតិ ព្រោះរាល់អន្តរាគមន៍វាត្រូវមានការអនុញ្ញាតជាមុន រដ្ឋាភិបាលម្ចាស់ផ្ទះ។ មកទល់ពេលនេះទៀត សម្ព័ន្ធមិត្តអាមេរិក អង់គ្លេសក៏កំពុងស្នើឲ្យមានការអនុញ្ញាឲ្យទ័ពអាកាសអង់គ្លេសពង្រីកការវាយប្រហារពីអ៊ីរ៉ាក់ទៅដល់ទឹកដីស៊ីរីថែមទៀត។ បើសភាអង់គ្លេស សម្រេចនៅថ្ងៃពុធនេះដោយអនុញ្ញាតឲ្យរដ្ឋាភិបាលពង្រីកការវាយប្រហារមែន យន្តហោះអង់គ្លេសនឹងប្រឡូកក្នុងចម្បាំងនៅស៊ីរីថែមទៀត។ ប៉ុន្តែជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃដែលអូសបន្លាយជាង៤ឆ្នាំមកនេះ នឹងកាន់តែស្មុគស្មាញថែមទៀតនៅពេលដែលបណ្តាប្រទេសមហាអំណាចចូលលូកលាន់កាន់ខ្លាំង និងមានតួអង្គកាន់តែច្រើននោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com