អន្តរជាតិ
កាលីហ្វរនីញ៉ា៖ ជនសង្ស័យ២នាក់ត្រូវបានបាញ់សម្លាប់ ខណៈម្នាក់ត្រូវចាប់ខ្លួន
× ខ្មាន់កាំភ្លើងចំនួន២នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ និងម្នាក់ទៀតបានចាប់ខ្លួន ក្រោយហេតុការណ៍បាញ់រះមួយនៅមជ្ឈមណ្ឌលជនពិការដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ និង១៧នាក់រងរបួសក្នុងក្រុង San Bernardino រដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី២ ខែធ្នូ។
ប៉ូលិសទីក្រុង San Bernardino បានបាញ់សម្លាប់ជនសង្ស័យ២នាក់ ក្នុងនោះមានបុរសម្នាក់និងស្ត្រីម្នាក់ បន្ទាប់ពីពួកគេបាញ់តដៃជាមួយប៉ូលិស ហើយជនសង្ស័យម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរក្រោយពេលរត់ចេញពីកន្លែងកើតហេតុបានបន្តិច។
បើយោងតាម មេប៉ូលិសប្រចាំទីក្រុងលោក Jarrod Burguan បានឲ្យដឹងថា ខ្មាន់កាំភ្លើង២នាក់ដែលស្លាប់គឺមានបំពាក់កាំភ្លើងវែងនិងខ្លីនៅជាប់ខ្លួន ហើយពួកគេស្លៀកពាក់ជាលក្ខណៈប្រយុទ្ធ។ ហើយពេលនេះ ប៉ូលិសកំពុងតែឆែកឆេរកន្លែងកើតហេតុក្រែងលោជនសង្ស័យមានបង្កប់គ្រាប់បែក។
លើសពីនេះទៅទៀត សារព័ត៌មានក្នុងស្រុកអាមេរិកក៏បានរាយការណ៏ដែរថា ជនសង្ស័យជាបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Syed Farook ហើយបុរសម្នាក់ទៀតអាចជាបងប្អូនរបស់ Farook។ ចំណែកឯស្ត្រីម្នាក់នោះមិនត្រូវបានគេដឹងអត្តសញ្ញាណឡើយ។
យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃការបាញ់រះនេះមិនទាន់ដឹងនៅឡើយទេ។ លោក Burguan និយាយថា៖ យើងមិនដឹងអ្វីនៅពីក្រោយរឿងនេះទេ។ ពួកគេបានរៀបចំគម្រោងការទុកជាមុននិងបានអនុវត្តតាមផែនការរបស់គេ។ វាអាចគ្រាន់តែជាការវាយប្រហារក្នុងស្រុកធម្មតាប៉ុណ្ណោះ។ តែការស៊ើបអង្កេតរកមូលហេតុនឹងបន្តរហូត៕
Tag:
បាញ់នៅ San Bernardino
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com