អន្តរជាតិ
ក្រោយបោះឆ្នោតដោយរលូន មីយ៉ាន់ម៉ាដំណើរការផ្សារភាគហ៊ុនជាផ្លូវការ
× បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃទី០៩ ខែធ្នូ ខាងមុខនេះ មីយ៉ាន់ម៉ា នឹងចាប់ផ្តើមដាក់ដំណើរ ផ្សារភាគហ៊ុនរបស់ខ្លួនជាផ្លូវការ បន្ទាប់ពីបរាជ័យ និងពន្យារពេលជាច្រើនដងមកហើយនោះ។ នេះបើយោងតាមសារព័ត៌មាន The Myanmar Times ។
បន្ទាប់ពីការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា បានបញ្ចប់ទៅដោយរលូន ហើយអ្នកនយោបាយមីយ៉ាន់ម៉ា ក៏បានស្រុះស្រួលគ្នាផងដែរនោះ គណៈកម្មាធិការមូលបត្រមីយ៉ាន់ម៉ា បានប្រកាសជាផ្លូវការក្នុងការ ដំណើរផ្សារភាគហ៊ុននៅសបា្តហ៍ក្រោយនេះហើយ។ ក្រុមហ៊ុនមួយចំនួនដែលភាគច្រើនជាស្ថាប័ន ធនាគារបានចុះបញ្ជីហើយ ខណៈ មួយចំនួនទៀតសុំពន្យារពេល ដ្បិតមិនទាន់ត្រៀមលក្ខណៈរួចរាល់ នៅឡើយនោះទេ។
លោក Maung Maung Thein ប្រធានគណៈកម្មាធិការមូលបត្រ និងជាអនុរដ្ឋមន្ត្រីហិរញ្ញមីយ៉ាន់ម៉ា បាន អះអាងថាលោក មិនទាន់ទទួលបានឈ្មោះ និងតួលេខចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងទីផ្សារភាគហ៊ុននោះទេ ដ្បិតក្រុមហ៊ុនទាំងនោះ មិនទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់។
តាមពិតទៅច្បាប់ស្តីទីផ្សារមូលបត្រមីយ៉ាន់ម៉ា បានអនុម័តតាំងពីឆ្នាំ២០១៣ ហើយ គណៈកម្មាធិការមូលប័ត្រ ក៏បានបង្កើតឡើងនៅឆ្នាំ២០១៤ បន្ទាប់ពីគ្នានោះដែរ។ ហើយគម្រោងនៃបើកទីផ្សារភាគហ៊ុន បានប្រកាសដំណើរការតាំងពីខែមិថុនា ឆ្នាំ២០១៥មកម្ល៉េះ។ ក៏ប៉ុន្តែដោយសារតែស្ថានភាពនយោបាយ សន្តិសុខ និងបច្ចេកទេសមីយ៉ាន់ម៉ា មិនទាន់មានលក្ខណៈគ្រប់គ្រាន់ គម្រោងនេះត្រូវបានពន្យារជាបន្ត បន្ទាប់។ ការពន្យារពេលចុងក្រោយកាលពីខែសីហា គឺដោយសារតែមានការព្រួយបារម្ភចំពោះការបោះឆ្នោតលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាលើកដំបូងមិនអាចដំណើរការដោយរលូន។
យ៉ាងណាក៏ដោយ ការបោះឆ្នោតមីយ៉ាន់ម៉ា បានបញ្ចប់ដោយរលូន និង មេដឹកនាំកំពូលនយោបាយ មីយ៉ាន់ម៉ា ក៏ព្រមព្រៀងផ្ទេរអំណាចឲ្យគ្នាដោយសន្តិវិធីផងដែរ។ ពោលគឺការដំណើរការទីផ្សារភាគ ហ៊ុននៅពេលនេះ ទំនងនឹងប្រព្រឹត្តទៅតាមការរំពឹងទុក។
តំណាងក្រុមហ៊ុន KBZ ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននេះដែរ បានអះអាងថា ទីផ្សារភាគហ៊ុនមីយ៉ាន់ម៉ា នឹងមានលក្ខណៈប្រសើរក្រោមការដឹកនាំដោយរដ្ឋាភិបាលថ្មីដែលចង់សំដៅរដ្ឋាភិបាល របស់លោកស្រីអ៊ុងសាន ស៊ូជី។ តំណាងរូបនោះ ក៏បានរំពឹងទុកថា អ្នកវិនិយោគបរទេស ក៏នឹងមានការ កើនឡើងនៅពេលខាងមុខ ក្រោមរដ្ឋបាលគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មីនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com