សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា​បញ្ជូន​កងទ័ព​នៅ​ភាគខាងត្បូង សង្គ្រោះ​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
03, Dec 2015 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​រដ្ឋ​Tamil Nadu ភាគខាងត្បូង ក្រុម​អ្នក​សង្គ្រោះ​រាប់ពាន់នាក់ បាន​ចុះទៅ​ជួយ​ជម្លៀស​ជនរងគ្រោះ ដោយ​ទឹកជំនន់​ដែល​ជន់​លិច​ច្រើន​សប្តាហ៍​មកនេះ​។ គ្រោះមហន្តរាយ​នេះ​បានសម្លាប់​មនុស្ស​ជិត​២០០​នាក់​ហើយ​។ មុន​ជំនួប​ប្រជុំ​ស្តីពី​អាកាសធាតុ នៅ​ក្រុងប៉ារីស នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី បាន​រា​ប់ប​ញ្ជូ​ល​គ្រោះទឹកជំនន់​ឥណ្ឌា ទៅក្នុង​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។

 
​នៅ​រដ្ឋ​Tamil Nadu ប៉ូលិស​និង​អ្នក​មុជទឹក​យ៉ាងហោច​១០ ០០០​នាក់ ប្រដាប់​ទៅដោយ​ឧបករណ៍​មុជទឹក និង​សម្ភារៈ​ពេទ្យ បាន​ចុះទៅ​ជួយ​ជម្លៀស​ជនរងគ្រោះ​។ យោងតាម​មេ​ប៉ូលិស​ក្រុង​Chennai ជំនន់​៤​សប្តាហ៍​មកនេះ បានសម្លាប់​មនុស្ស​១៨៦​នាក់​ហើយ​។ អាជ្ញាធរ​បាន​បិទ​ដំណើរការ​ហោះហើរ នៅ​អាកាសយានដ្ឋាន​ក្រុង​Chennai រដ្ឋ​Tamil Nadu ដោយសារតែ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។ អ្នកដំណើរ​ជាច្រើន បាន​ជាប់​ខ្លួន​នៅ​ទីនោះ ដោយសារ​ទឹកបាន​ជន់​លិច​ផ្លូវ​យន្តហោះ​។ សាលារៀន​បិទទ្វារ រថភ្លើង​ជាយក្រុង​ក៏​ផ្អាក​ដំណើរការ​។ ស្ពាន​មួយចំនួន​ត្រូវបាន​ទឹក​កួច​យកទៅ​ជាមួយ​។​
 
​ផ្នែក​ឧតុនិយម​ឥណ្ឌា​ផ្តល់ព័ត៌មាន​ថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់ យ៉ាងហោច​ក៏​៣​ថ្ងៃ​ទៀត​ដែរ​។ ទូរទស្សន៍​ក្នុងស្រុក​បានបង្ហាញ​រូបភាព​ប្រជាជន​ដែល​ទូល​ឥ​វ៉ាន់​លើ​ក្បាល និង​ត្រូវ​ដើរកាត់​ទឹក​លិច​រហូតដល់​កម្ពស់​ដើមទ្រូង​របស់​ពួកគេ​។ តំណាងរាស្ត្រ​រដ្ឋ​Tamil Nadu​មួយរូប បាន​សុំអោយ​លោក​ណារិន​ដ្រា ម៉ូ​ឌី ប្រកាស​ស្ថានភាព​គ្រោះមហន្តរាយធម្មជាតិ ដើម្បី ជំរុញ​អោយ​ជំនួយ​ទៅដល់​កន្លែង​រងគ្រោះ​កាន់តែ​ឆាប់រហ័ស​។ 
 
​រៀងរាល់ឆ្នាំ ឥណ្ឌា​តែង​រងគ្រោះ​ដោយ​ជំនន់​ភ្លៀង​មូសុង ពី​ខែមិថុនា ទៅ​ខែកញ្ញា​។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ទឹកជំនន់​បានធ្វើអោយ​ហៀរ​ស្ទឹង​Jhelum នៅ​Srinagar ភាគ​ខាងជើង សម្លាប់​មនុស្ស​រាប់រយ​នាក់​៕ 
 

Tag:
 ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com