អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​៖​ប្រធានាធិបតី​តួ​ក​គី​និង​គ្រួសារ​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​ប្រេង​ខុសច្បាប់​ជាមួយ​ក្រុម​ដែ​ស្ហ​
03, Dec 2015 , 5:07 pm        
រូបភាព
លោក លោក Berat Albayrak ដែលទើបត្រូវគេតែងតាំងជារដ្ឋមន្ត្រីថាមពលតួកគី
លោក លោក Berat Albayrak ដែលទើបត្រូវគេតែងតាំងជារដ្ឋមន្ត្រីថាមពលតួកគី
ដោយ: ថ្មីៗ
​ថ្ងៃ​ពុធ ម្សិលមិញ អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ចោទ​ប្រធានាធិបតី​តួ​ក​គី​និង ក្រុមគ្រួសារ​គាត់​ចំៗ​តែម្តង ថា​ទទួល​ប្រយោជន៍​ពី​ការរត់ពន្ធ​ប្រេង​ខុសច្បាប់ របស់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​។ ជា​ភស្តុតាង រុស្ស៊ី​បានបង្ហាញ​រូបភាព​ផ្កាយរណប​បង្ហាញ​ឡាន​កាំ​ម្ញ៉ុ​ង​ជាច្រើន​គ្រឿង ដែល​រុស្ស៊ី​គិតថា បាន​ដឹក​ប្រេង​ដែល​លួច​ពី​ស៊ី​រី​និង​អ៊ីរ៉ាក់ យកទៅអោយ​តួ​ក​គី​។

 
​យោងតាម អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី អាណា​តូ​លី អង់​តូ​ណូ​វ តួ​ក​គី​ជា​ប្រទេស​ចំបង​ដែល​ប្រើប្រាស់​ប្រេង​លួច​យកមក​ពី​ស៊ី​រី និង​អ៊ីរ៉ាក់​។ ហើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​ប្រេង​ខុសច្បាប់​នេះ គឺ​អ្នកនយោបាយ​តួ​ក​គី​តែម្តង ក្នុងនោះ​មាន​ប្រធានាធិបតី​អ៊ែរ​ដូ​ហ្កា​ន់ និង​ក្រុមគ្រួសារ​របស់គាត់​។ កូនប្រសារ​ប្រុស​ប​ស់លោក​អ៊ែរ​ដូ​ហ្កា​ន់​ម្នាក់ អាយុ​៣៧​ឆ្នាំ គឺ​លោក Berat Albayrak ដែល​ទើប​ត្រូវគេ​តែងតាំង​ជា​រដ្ឋមន្ត្រី​ថាមពល និង​កូនប្រុស​របស់លោក​អ៊ែរ​ដូ​ហ្កា​ន់​ម្នាក់ កាន់កាប់​ការងារ​ដឹកជញ្ជូន​ផ្លូវទឹក ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​ប្រេង​ខុសច្បាប់ ជាមួយ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ដែរ​។​
 
​រុស្ស៊ី​អះអាង​ទៀតថា ការរត់ពន្ធ​ប្រេង​នេះ​ផ្តល់​ចំណូល​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។ ហើយ​ការដែល​តួ​ក​គី​បាញ់​ទំលាក់​យន្តហោះ​រុស្ស៊ី​កាលពី​ជាង​មួយ​សប្តាហ៍​មុន​នោះ ក៏​ធ្វើឡើង​ក្នុងទិសដៅ​ការពារ​ផ្លូវ ដើម្បី​ជួយ​អោយ​ក្រុម​ភេរវជន​ដឹក​ប្រេង​ទៅដល់​ទឹកដី​តួ​ក​គី​ដែរ​។​
 
​ប្រធានាធិបតី​តួ​ក​គី​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​រុស្ស៊ី និង​គំរាម​ចាត់វិធានការ​សងសឹក​បើ​រុស្ស៊ី​នៅតែ​បន្ត​បង្ខូចឈ្មោះ​តួ​ក​គីត​ទៅទៀត​។ ភ្លើងកំហឹង​រុស្ស៊ី​ចំពោះ​តួ​ក​កី​ក្រោយ​តួ​ក​គី​បាញ់​យន្តហោះ រុស្ស៊ី ធ្វើអោយ​ស្លាប់​ពី​ឡុ​ត​រុស្ស៊ី កាលពី​ជាង​មួយ​សប្តាហ៍​មុន នៅ​មិនទាន់​រលត់​នៅឡើយ​ទេ​។ ក្រុង​ម៉ូស្គូ​ទាមទារ​អោយ​ក្រុង​អង់កា​រ៉ា​សូមទោស​ជា​ផ្លូវការ​។ ប៉ុន្តែ ក្រុង​អង់កា​រ៉ា​មិនបាន​ធ្វើតាម​ការទាមទា​រ​ឡើយ​។ ផ្ទុយទៅវិញ រដ្ឋាភិបាល​តួ​ក​គី​បែរជា​ថា នឹង​រក​វិធានការ​ប្រឈម​នឹង​អារម្មណ៍​របស់​រុស្ស៊ី​ទៅវិញ​ទេ​។ 
 
​ទោះ​យ៉ាងនេះ​ក្តី រុស្ស៊ី​នៅតែ​បង្ហាញ​ជំហរ​ត្រជាក់ ដោយ​យល់ព្រម​ជួបចរចា​ជាមួយ​តួ​ក​គី​។ ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរ​ហ្កី ឡា​វ្រ៉ូ​វ នឹង​ជួប​ប្រមុខ​ការទូត​តួ​ក​គី មេ​វ​លុត កា​វូ​សូ​គ្លូ ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com