អន្តរជាតិ
នយោបាយអន្តរជាតិ
សភាអង់គ្លេសផ្តល់ភ្លើងខៀវឲ្យរដ្ឋាភិបាលទម្លាក់គ្រាប់នៅស៊ីរី
×
សភាអង់គ្លេសបានបោះឆ្នោតសម្រេចឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ដេវីដ ខេមេរ៉ូន (David Cameron) ចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើក្រុមរដ្ឋឥស្លាម ឬ ដែស្ហ (Daesh) នៅក្នុងប្រទេសស៊ីរី ជាមួយនឹងសំឡេងគាំទ្រ៣៩៧ ទល់២២៣ ប្រឆាំង។
សភាជាន់ទាបរបស់អង់គ្លេសបានបោះឆ្នោតបើកភ្លើងខៀវដល់លោកនាយករដ្ឋមន្ត្រី ខេមេរ៉ូន ចូលរួមវាយប្រហារដែនអាកាសក្នុងប្រទេសស៊ីរី។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការស្នើពីលោក ខេមេរ៉ូន ដែលបានលើកឡើងពីភាពចាំបាច់ក្នុងការកម្ទេចក្រុមរដ្ឋឥស្លាមដែលបានគំរាមដល់សន្តិសុខអង់គ្លេស។
ក្នុងកិច្ចប្រជុំដែលបានធ្វើអស់រយៈពេលជាង១០ម៉ោង បរិយាកាសនៃពិភាក្សាមានសភាពតឹងតែងយ៉ាងខ្លាំងរវាងក្រុមរដ្ឋាភិបាលនិងក្រុមសមាជិកសភាមកពីបក្សពលករដែលជាបក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រី ខេមេរ៉ូន បានបញ្ជាក់ជាថ្មីម្ដងទៀតពីវិធានការណ៏បន្ទាន់ដើម្បីកម្ចាត់ក្រុមជ្រុលរដ្ឋឥស្លាមក្នុងប្រទេសស៊ីរី។ លោកថា៖ ក្រុមភេវរកររៀបចំគម្រោងដើម្បីសម្លាប់យើង។ ចំណែកឯប្រមុខបក្សប្រឆាំងលោក Jeremy Corbyn វិញបានលើកឡើងពីយុទ្ធសាស្ត្រក្នុងការប្រយុទ្ធនេះក៏ដូចជាការបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរី។
បន្ទាប់ពីការជជែកដេញដោលរួចមក សភាអង់គ្លេសបានបោះឆ្នោតគាំទ្រសំណើរលោកនាយករដ្ឋមន្ត្រី ខេមេរ៉ូន ជាមួយសំឡេង៣៩៧ទល់នឹង២២៣។ ជាមួយការបើកភ្លើងខៀវនេះ ប្រតិបត្តិការរបស់កងទ័ពអាកាសអង់គ្លេសអាចនឹងធ្វើឡើងភ្លាមៗតែម្ដង។ រដ្ឋមន្ត្រីការបរទេសលោក Philip Hammond បាននិយាយថា ការវាយប្រហារលើកដំបូងអាចនឹងធ្វើឡើងប៉ុន្មានម៉ោងក្រោយការសម្រេចនេះ។
គួររម្លឹកថា នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) កាលពីខែវិច្ឆិកាមុននេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីត ខេមេរ៉ូន បានលើកឡើងពីគោលបំណងរបស់លោក ដែលចង់ជួយបារាំងក្នុងការកម្ទេចក្រុមរដ្ឋឥស្លាម។ លោក ខេមេរ៉ូននិយាយថា ៖«ខ្ញុំគាំទ្រចំពោះអ្វីដែលលោក ហូឡង់ កំពុងធ្វើ ហើយខ្ញុំក៏មានបំណងចង់ឲ្យអង់គ្លេសចូលរួមក្នុងយុទ្ធនាការនេះដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com