អន្តរជាតិ
ទីក្រុង​មូ​ស្គូ​ស្វាគមន៍​ការវាយប្រហារ​ដែនអាកាស​របស់​អង់គ្លេស​ក្នុង​ស៊ី​រី​
03, Dec 2015 , 8:59 pm        
រូបភាព
ដោយ:
​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក Dmitry Peskov បាន​លើកឡើងថា ទីក្រុង​ម៉ូស្គូ​ស្វាគមន៍​ចំពោះ​ប្រតិបត្តិការ​ទាំងឡាយណា​ដែល​សំដៅ​ដល់​ការកម្ទេច​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​។ ការលើកឡើង​នេះ​បាន​ធ្វើឡើង​ស្របគ្នា​ក្រោយ​អង់គ្លេស​ក៏បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវជន​នេះដែរ​។​



​រុស្សី​បានប្រកាស​ស្វាគមន៍​ចំពោះ​រាល់​ចំណាត់ការ​ទាំងឡាយ​ដែលមាន​គោលដៅ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ក្នុង​ទឹកដី​ស៊ី​រី ខណៈពេលដែល​អង់គ្លេស​បានសម្រេច​ចិត្ត​ប្រឡូក​ចូលក្នុង​យុទ្ធនាការ​នេះដែរ​ដោយបាន​បញ្ជូន​ទ័ពអាកាស​របស់ខ្លួន​មក​កម្ទេច​ក្រុម​ជ្រុលនិយម​ផងដែរ​។​

​ជាមួយគ្នានេះ លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា សម្ព័ន្ធមិត្ត​មួយ​នេះ​គួរតែ​បង្កើន​ប្រសិទ្ធភាព​របស់ខ្លួន​បន្ថែម​ទៀត​។ នេះ​ប្រហែលជា​សំដៅ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អាមេរិក​ហើយ​មើលទៅ ពីព្រោះ​រុស្សី​តែង​រិះគន់​ចំពោះ​ប្រតិបត្តិ​ការដែល​អាមេរិក​នាំ​មិនសូវមាន​ប្រសិទ្ធភាព​នោះទេ​។ 

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សភា​ជាន់​ទាប​របស់​អង់គ្លេស​បាន​បោះឆ្នោត​បើកភ្លើង​ខៀវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន  (David Cameron) ចូលរួម​វាយប្រហារ​ដែនអាកាស​ក្នុងប្រទេស​ស៊ី​រី​។ ការសម្រេចចិត្ត​នេះ​ធ្វើឡើង បន្ទាប់ពី​មានការ​ស្នើ​ពី​លោក ខេ​មេ​រ៉ូ​ន ដែល​បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​គំរាម​ដល់​សន្តិសុខ​អង់គ្លេស​។​

​ប៉ុន្មាន​ម៉ោង​ក្រោយ​ការសម្រេច​របស់​សភា កងទ័ពអាកាស​របស់​អង់គ្លេស​បានចាប់ផ្ដើម​ប្រតិបត្តិការ​ជា​លើកដំបូង​របស់ខ្លួន​ក្នុងប្រទេស​ស៊ី​រី​។ យន្តហោះ​ចំបាំង​របស់​ទ័ពអាកាស​បាន​ហោះ​ចេញពី​មូលដ្ឋាន​ក្នុង​កោះ​ស៊ី​ប (Cyprus) ដោយ​សំដៅទៅ​ទីតាំង​នានា​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​៕



© រក្សាសិទ្ធិដោយ thmeythmey.com