កីឡាជាតិ
ជាតិ
អ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរឡើងដល់៨៥០០នាក់
×
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២០ ដែលរៀបចំនៅខេត្តសៀមរាប នាថ្ងៃទី៦ ខែធ្នូ ចុងសប្តាហ៍នេះក្រោមអធិបតីភាពលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងមានអ្នកចូលរួមប្រមាណ៨៥០០នាក់ ពោលគឺកើន២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ (Angkor Wat International Half Marathon) បានក្លាយជាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំនៅខេត្តសៀមរាបដើម្បីសកម្មភាពសប្បុរសធម៌ និងការទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់អង្គរ។ សម្រាប់ព្រឹត្តិការណ៍លើកទី២០នេះ គិតត្រឹមថ្ងៃទី៣ ខែធ្នូ អ្នកចុះចូលរួមមានចំនួនប្រមាណ៨៥០០នាក់ ដោយពាក់កណ្តាលគឺជាជនបរទេសមកពីជាង៥០ប្រទេស។ ទិន្នន័យរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញថា ចំនួនអ្នកចូលរួមកើន២០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្តែវាជាចំណែកមួយដើម្បីចូលរួមផ្សព្វផ្សាយ និងស្វែងរកមធ្យោបាយជួយជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ជាពិសេសគាំទ្រសកម្មភាពអង្គការមូលនិធិគាំទ្រអង្គការសហប្រជាជាតិ “Foundation Support for the United Nation” ។
ការទទួលពាក្យចុះឈ្មោះចូលរួមនឹងបញ្ចប់នៅថ្ងៃទី ៥ ខែធ្នូខាងមុខ សម្រាប់ជនបរទេស និងជនជាតិខ្មែរ។ ការប្រកួតនៅឆ្នាំនេះមានវិញ្ញាសារួមមាន ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ ដោយមានទាំងផ្នែកបុរស និងនារី៕
© រក្សាសិទ្ធិដោយ thmeythmey.com