កីឡាជាតិ
ជាតិ
ទេសចរ​បរទេស​ជាង​៣០០​នាក់ ចូលរួម​ប្រណាំង​កង់​ដើម្បី​កុមារ​កម្ពុជា​
05, Dec 2015 , 3:45 pm        
រូបភាព
 
​ទិវា​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​លើក​ទី​១០​ដើម្បី​កុមារ «Bike 4 Kids» បានទទួល​ការចូលរួម​យ៉ាងច្រើន ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក​។ ការប្រណាំង​កង់​ត្រូវ​បានរៀបចំ​នៅ​ជុំវិញ​តំបន់​អង្គរ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៥​ខែធ្នូ​នេះ​។​

 
​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហការ​ជាមួយ​អង្ក​ការ​ភូមិ​គោលដៅ​អន្តរជាតិ​(Village Focus  International organization)  បាន​បង្កើត​កម្មវិធី​ប្រណាំង​កង់​នេះ​ឡើង ក្នុង​គោលដៅ​រួមចំណែក​ជំរុញ​ស្មារតី ការពារ​ថែរក្សា​បរិស្ថាន​តំបន់​បេតិកភណ្ឌ និង​ជួយ​ដល់​អង្ក​ការ​មនុស្សធម៌ ជាពិសេស​គឺ​ជួយឧបត្ថម្ភ​ថែទាំ​កុមារ និង​ស្ត្រី​ក្នុង​ពន្ធ​ធនាគារ​។​
​ការប្រណាំង​កង់​ដើម្បី​កុមារ​ព្រឹក​មិញ​នេះ ចែកចេញជា​បី​ប្រភេទ​ផ្សេងៗ​គ្នា​។ ពោលគឺ មានការ​ប្រណាំង ១៧​គីឡូម៉ែត្រ ៣០​គីឡូម៉ែត្រ និង ១០០​គីឡូម៉ែត្រ​។ នៅ​ឆ្នាំនេះ កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ​ទទួលបាន​អ្នកចូលរួម​សរុប​ច្រើនជាង ៧០០​នាក់ ក្នុងនោះ​រួ​មាន​ជនបរទេស​ចំនួន​៣២៥​នាក់  ដែល​មកពី ៣៦ ប្រទេស​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​។​
​ថវិកា​ដែល​ប្រមូលបាន​ពី​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី ការពារ​កុមារ​ពី​ការជួញដូរ និង​កេងប្រវ័ញ្ច និង​ផ្តល់នូវ​ជំនាញ​សម្រាប់​ចិញ្ចឹមជីវិត​ដល់​យុវជន​ដែលមាន​ជីវភាព​ខ្វះខាត​។ ជាងនេះទៅទៀត ការផ្តល់​នូវ​កន្លែង​ស្នាក់នៅ​ដែលមាន​សុវត្ថិភាព​ដល់​ស្ត្រី និង កុមារ​ដែល​រងគ្រោះ​ពី​ការរំលោភបំពាន ធ្វើការ​ទំនុកបម្រុង​ចំពោះ​កុមារ​ដែលមាន​ឪពុក ម្តាយ​ជាប់​នៅក្នុង​ពន្ធនាគារ ក៏​ស្ថិតនៅក្នុង​គម្រោង​នៃ​ការប្រើប្រាស់​ថវិកា​ទាំង​នេះដែរ​៕
          

Tag:
 ប្រណាំង​កង់
© រក្សាសិទ្ធិដោយ thmeythmey.com