កីឡាជាតិ
ជាតិ
លោក ថោង​ខុន​៖ ទិវា​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ជាម​ន្ត​ស្នេហ៍​ទាក់​ទេសចរ​អន្តរជាតិ​
07, Dec 2015 , 10:39 am        
រូបភាព
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អះអាងថា ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ ជួយ​ជំរុញ និង​ទាក់ទាញ​ភ្ញៀវទេសចរ​មួយចំនួនធំ​ឲ្យ​ស្គាល់​ប្រទេស​កម្ពុជា ជាពិសេស​តំបន់​អង្គរ ខេត្តសៀមរាប​។​

 
​នា​ការបញ្ចប់​ព្រឹត្តិការណ៍ រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២០ កាលពី​ថ្ងៃទី​៦ ខែធ្នូ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប លោក ថោង ខុន បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រណាំង​ជាង​១​ម៉ឺន​នាក់​ថា​៖ «​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ តែ​វា​ជា​មន្ត​ស្នេហ៍​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ទូទាំង​ពិភពលោក​ឲ្យ​ស្គាល់​តំបន់​ទេសចរណ៍ ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​ទាំងមូល​»​។ 
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បន្ថែមថា បើតាម​ការវាយតម្លៃរ​បស់​ពិភពលោក កម្ពុជា​ជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​សុខសន្តិភាព​ពេញលេញ អាច​ប្រកួតប្រជែង​ផ្នែក​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត នៅក្នុង​ពិភពលោក​។​
 
​បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២០​នេះ មាន​អ្នកចូលរួម​ជា​ជនជាតិខ្មែរ ជាង​៤​ពាន់​នាក់ និង​បរទេស​ជាង​៤​ពាន់​នាក់​ដែល​មកពី​៧៥​ប្រទេស​។ សម្រាប់​វិញ្ញាសា​ឆ្នាំនេះ​ក៏​ដូច​ឆ្នាំមុន​ដែរ រួមមាន ៣​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​២១​គីឡូម៉ែត្រ ដោយមាន​ការចូលរួម​ទាំង​បុរស ទាំង​នារី និង​កុមារ​ផងដែរ​៕
 
     

Tag:
 ម៉ារ៉ាតុនអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com