អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនិងក្រុម Manchester United លោក David Beckham បានទៅចូលរួមលើកទឹកចិត្តអត្តពលិកនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមប្រចាំឆ្នាំ២០១៥ (ASEAN Para Games 2015) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ESPN ។
Beckham បានទៅចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់របស់កីឡាករជនពិការភ្នែករវាងក្រុមម្ចាស់ផ្ទះសិង្ហបុរីជាមួយនឹងក្រុមថៃកាលពីថ្ងៃអាទិត្យ និងបានបង្ហាញពីជំនាញលេងបាល់របស់ខ្លួនខ្លះៗនៅពេលបញ្ចប់ការប្រកួតនោះផងដែរ។
អតីតខ្សែបម្រើក្រុម Real Madrid វ័យ៤០ឆ្នាំរូបនេះបាននិយាយថាលោកមានការចាប់អារម្មណ៍ជាមួយនឹងការប្តេជ្ញាចិត្ត និងការប្រកួតប្រជែងរបស់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅក្នុងរយៈពេលប្រាំពីរថ្ងៃ ដោយមាន១៥ប្រភេទកីឡាផ្សេងគ្នា សម្រាប់ជនពិការនេះ។
លោកបានប្រាប់គេហទំព័រផ្លូវការរបស់កីឡាអាស៊ីប៉ារ៉ាហ្គេមថា៖ «វាជាការបំផុសគំនិតដើម្បីទស្សនាក្រុមអត្តពលិករបស់ពួកគេជាមួយនឹងក្តីប្រាថ្នាដ៏អស្ចារ្យ»។ Beckham បន្តថា៖«មិនមានកិត្ដិយសណាធំជាងការមានឱកាសដើម្បីតំណាងឲ្យប្រទេសជាតិរបស់អ្នកឡើយ។ ខ្ញុំមានកិត្តិយសណាស់ដែលមានឱកាសក្នុងការជួបមនុស្សដែលអស្ចារ្យទាំងនេះ»។
Beckham បានទៅចូលរួមក្នុងពិធីបុណ្យខ្សែភាពយន្តមួយនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅគាំទ្រការប្រកួតកីឡា ប៉ារ៉ាហ្គេម នៅថ្ងៃអាទិត្យ។
ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៨ឆ្នាំ២០១៥ នឹងត្រូវបញ្ចប់នៅថ្ងៃពុធស្អែកនេះ ដោយចំណាត់ថ្នាក់បណ្តោះអាសន្ន ប្រទេសថៃ ឈរក្នុងចំណាត់ថ្នាក់លេខ១ ចំណែក ឥណ្ឌូនេស៊ី ឈរក្នុងចំណាត់ថ្នាក់លេខ២ និងប្រទេសវៀតណាមឈរក្នុងចំណាត់ថ្នាក់លេខ៣។ ដោយឡែកចំណាត់ថ្នាក់លេខ៤, លេខ៥, លេខ៦, លេខ៧, លេខ៨, លេខ៩ និងលេខ១០ បានទៅលើ ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ប្រ៊ុយណេ, កម្ពុជា និងឡាវ៕