កីឡាជាតិ
ជាតិ
កម្ពុជាទទួលបានមេដាយមាស១ ប្រាក់២ សំរឹទ្ធ៦ ពីកីឡាអាស៊ីប៉ារ៉ាហ្គេមនៅសិង្ហបុរី
× កម្ពុជាទទួលបានមេដាយសរុប៩ រួមមាន មេដាយមាស១ ប្រាក់២ សំរឹទ្ធ៦ ពីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៨ប្រចាំឆ្នាំ២០១៥ (ASEAN Para Games 2015) ក្នុងប្រទេសសិង្ហបុរី ដែលចាប់ផ្តើមតាំងពីថ្ងៃទី៣ ខែធ្នូមក។ មេដាយសរុបទាំង៩របស់កម្ពុជា បានមកពីអត្តពលិកចំនួន៧នាក់ ដោយ៦នាក់លើប្រភេទកីឡាអត្តពលកម្ម និង១នាក់លើប្រភេទកីឡាហែលទឹក។
អត្តពលិកទាំង៧នាក់ដែលទទួលបានមេដាយរួមមាន កីឡាករ ប៊ុង ហុង កីឡាករ ឈុន ពន់ កីឡាករ ហេង សាវឿន កីឡាករ សាន ម៉ៅ កីឡាករ វ៉ាន់ វុន កីឡាករ ង៉ែត បូ និងកីឡាការនី ធិន សេងហុន ក្នុងនោះ កីឡាករ ប៊ុង ហុង និង ឈុន ពន់ បានទទួលមេដាយរហូតដល់ទៅពីរ។
កីឡាករ ប៊ុង ហុង ទទួលបានមេដាយមាស១ ក្នុងប្រភេទវិញ្ញាសាបុរសចម្ងាយ ៤០០មែត្រ -T45/46 និងមេដាយសំរឹទ្ធ១ក្នុងវិញ្ញាសាបុរសចម្ងាយ១០០ម៉ែត្រ 100 – T45 /46 រីឯ កីឡាករ ឈុន ពន់ ទទួលបានមេដាយ ប្រាក់១លើវិញ្ញាសាបុរស ២០០ម៉ែត្រ 200 – T53 និងមេដាយសំរឹទ្ធ១ លើវិញ្ញាសាបុរស ៤០០ម៉ែត្រ 400 – T53។
អត្តពលិក៥រូបផ្សេងទៀតដូចជា កីឡាករនី ធិន សេងហុន ទទួលបានមេដាយប្រាក់១ លើវិញ្ញាសារបស់ស្ត្រី ២០០ម៉ែត្រ 200- T43 / 44 ។ ដោយឡែកមេដាយសំរឹទ្ធ១គ្រឿងបានទៅកីឡាករ ហែលទឹក ង៉ែត បូ ដែលប្រកួតក្នុងវិញ្ញាសាហែលទឹកសេរីបុរស ៥០ម៉ែត្រ 50 Freestyle – s8 ។ ចំណែកមេដាយសំរឹទ្ធ៣ផ្សេងទៀតរកបានដោយកីឡាករ ហេង សាវឿន, កីឡាករ សាន ម៉ៅ, និងកីឡាករ វ៉ាន់វុន ដែលប្រកួតក្នុងវិញ្ញាសាបុរសចម្ងាយ ១៥០០ម៉ែត្រ 1500 – T53/54, ចម្ងាយ ៤០០ម៉ែត្រ 400 – T44, និងចម្ងាយ ១០០ម៉ែត្រ 100 – T54 ។
បញ្ចប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមប្រចាំឆ្នាំ២០១៥នេះ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៩ដោយទទួលមេដាយសរុប ៩គ្រឿង លើប្រទេសឡាវ ដែលឈរនៅចំណាត់ថ្នាក់លេខ១០។
ចំណែកប្រទេសដែលរកបានមេដាយលើសពី១០០គ្រឿង រួមមានប្រទេសថៃឈរចំណាត់ថ្នាក់ទី១ ឥណ្ឌូនេស៊ីលេខ២ ម៉ាឡេស៊ីលេខ៣ និង លេខ៤បានទៅ វៀតណាម។ ដោយឡែកចំណាត់ថ្នាក់លេខ៥, លេខ៦, លេខ៧, លេខ៨ បានទៅ សិង្ហបុរី, ហ្វីលីពីន, ម៉យ៉ាន់ម៉ា, និងប្រ៊ុយណេ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមប្រចាំឆ្នាំ២០១៥លើកទី៨ នៅក្នុងប្រទេសសិង្ហបុរី ដែលប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣ ធ្នូ ដល់ថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៥នេះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com