កីឡាជាតិ
ជាតិ
កម្ពុជា​ទទួលបាន​មេដាយមាស​១ ប្រាក់​២ សំរឹទ្ធ​៦ ពី​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​នៅ​សិង្ហ​បុរី​
09, Dec 2015 , 1:59 pm        
រូបភាព
​កម្ពុជា​ទទួលបាន​មេដាយ​សរុប​៩ រួមមាន មេដាយមាស​១ ប្រាក់​២ សំរឹទ្ធ​៦ ពី​ការប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៨​ប្រចាំឆ្នាំ​២០១៥ (ASEAN Para Games 2015) ក្នុងប្រទេស​សិង្ហ​បុរី ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៣ ខែធ្នូ​មក​។ មេដាយ​សរុប​ទាំង​៩​របស់​កម្ពុជា បានមកពី​អត្ត​ព​លិ​ក​ចំនួន​៧​នាក់ ដោយ​៦​នាក់​លើ​ប្រភេទ​កីឡាអត្តពលកម្ម និង​១​នាក់​លើ​ប្រភេទ​កីឡាហែលទឹក​។



​អត្ត​ព​លិ​ក​ទាំង​៧​នាក់​ដែល​ទទួលបាន​មេដាយ​រួមមាន កីឡាករ ប៊ុង ហុង កីឡាករ ឈុន ពន់ កីឡាករ ហេង សាវឿន កីឡាករ សាន ម៉ៅ កីឡាករ វ៉ាន់ វុន កីឡាករ ង៉ែត បូ និង​កីឡា​ការ​នី ធិ​ន សេង​ហុន ក្នុងនោះ កីឡាករ ប៊ុង ហុង និង ឈុន ពន់ បានទទួល​មេដាយ​រហូតដល់​ទៅ​ពីរ​។​

​កីឡាករ ប៊ុង ហុង ទទួលបាន​មេដាយមាស​១ ក្នុង​ប្រភេទ​វិញ្ញាសា​បុរស​ចម្ងាយ ៤០០​មែត្រ -T45/46 និង​មេដាយ​សំរឹទ្ធ​១​ក្នុង​វិញ្ញាសា​បុរស​ចម្ងាយ​១០០​ម៉ែត្រ 100 – T45 /46 រីឯ កីឡាករ ឈុន ពន់ ទទួលបាន​មេដាយ ប្រាក់​១​លើ​វិញ្ញាសា​បុរស ២០០​ម៉ែត្រ 200 – T53  និង​មេដាយ​សំរឹទ្ធ​១ លើ​វិញ្ញាសា​បុរស ៤០០​ម៉ែត្រ 400 – T53​។​

​អត្ត​ព​លិ​ក​៥​រូប​ផ្សេងទៀត​ដូចជា កីឡា​ករនី ធិ​ន សេង​ហុន ទទួលបាន​មេដាយប្រាក់​១ លើ​វិញ្ញាសា​របស់​ស្ត្រី ២០០​ម៉ែត្រ 200- T43 / 44 ។ ដោយឡែក​មេដាយ​សំរឹទ្ធ​១​គ្រឿង​បាន​ទៅ​កីឡាករ ហែល​ទឹក ង៉ែត បូ ដែល​ប្រកួត​ក្នុង​វិញ្ញាសា​ហែល​ទឹក​សេរី​បុរស ៥០​ម៉ែត្រ 50 Freestyle – s8 ។ ចំណែក​មេដាយ​សំរឹទ្ធ​៣​ផ្សេងទៀត​រកបាន​ដោយ​កីឡាករ ហេង សាវឿន​, កីឡាករ សាន ម៉ៅ​, និង​កីឡាករ វ៉ាន់​វុន ដែល​ប្រកួត​ក្នុង​វិញ្ញាសា​បុរស​ចម្ងាយ ១៥០០​ម៉ែត្រ 1500 – T53/54, ចម្ងាយ ៤០០​ម៉ែត្រ 400 – T44, និង​ចម្ងាយ ១០០​ម៉ែត្រ 100 – T54 ។​
​បញ្ចប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​ប្រចាំឆ្នាំ​២០១៥​នេះ កម្ពុជា​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​៩​ដោយ​ទទួល​មេដាយ​សរុប ៩​គ្រឿង លើ​ប្រទេស​ឡាវ ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០​។

​ចំណែក​ប្រទេស​ដែល​រកបាន​មេដាយ​លើសពី​១០០​គ្រឿង រួមមាន​ប្រទេស​ថៃ​ឈរ​ចំណាត់ថ្នាក់​ទី​១ ឥណ្ឌូនេស៊ី​លេខ​២ ម៉ាឡេស៊ី​លេខ​៣ និង លេខ​៤​បាន​ទៅ វៀតណាម​។ ដោយឡែក​ចំណាត់ថ្នាក់​លេខ​៥, លេខ​៦, លេខ​៧, លេខ​៨ បាន​ទៅ សិង្ហ​បុរី​, ហ្វីលីពីន​, ម៉​យ៉ាន់​ម៉ា​, និង​ប្រ៊ុយណេ​។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​ប្រចាំឆ្នាំ​២០១៥​លើក​ទី​៨ នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ប្រព្រឹត្តទៅ​រយៈពេល ៧​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ធ្នូ ដល់​ថ្ងៃទី​៩ ធ្នូ ឆ្នាំ​២០១៥​នេះ ៕
 

Tag:
 អាស៊ី​ប៉ា​រ៉ា​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com