អន្តរជាតិ
តួ​ក​គី​ចោទ​រុស្ស៊ី​ថា កម្ចាត់​និកាយ​ស៊ូ​នី និង​ពង្រឹង​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​វិញ​ម្តង​
10, Dec 2015 , 11:48 am        
រូបភាព
ដោយ:
​ថ្ងៃ​ពុធ ម្សិលមិញ នាយករដ្ឋមន្ត្រី​តួ​ក​គី អា​មេ​ត ដា​វូ​តូ​គ្លូ (Ahmet Davutoğlu) បាន​ចោទ​រុស្ស៊ី​ថា ចង់​បោសសម្អាត​ប្រជាជន​អារ៉ាប់​ភាគតិច​តួ​ក​មែន និង​អ្នក​កាន់​និកាយ​ស៊ុន​នី​ត និង​ថែមទាំង​កំពុង​ពង្រឹង​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​។ ជម្លោះ​ការទូត​រវាង​តួ​ក​គី​និង​រុស្ស៊ី ប្រហែលជា​មិនអាច​បិទ​បញ្ចប់​ឡើយ​។



​យោងតាម​លោក ដា​វូ​តូ​គ្លូ រុស្ស៊ី​កំពុង​ព្យាយាម​បណ្តេញ​ប្រជាជន​អារ៉ាប់​ភាគតិច​កាន់​និកាយ​ស៊ូ​នី និង​ប្រជាជន​តួ​ក​មែន ដែលមាន​ដើមកំណើត​ពី​តួ​ក​គី ឲ្យ​ចាក​ចេញពី​តំបន់​Lattaquié ភាគ​ពាយព្យ​ស៊ី​រី​។ សម្រាប់​នាយករដ្ឋមន្ត្រី​តួ​ក​គី ប្រជាជន​ភាគតិច​ទាំងនេះ​គ្មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​លោក​អាសាដ ដែល​កាន់​និកាយ​អា​ឡា​វីត​ទេ​។​

​លើសពីនេះ តួ​ក​គី​ថែមទាំង​ចោទ​រុស្ស៊ី​ទៀតថា តាំងពី​រុស្ស៊ី​អន្តរាគមន៍​យោធា នៅ​ស៊ី​រី ចុងខែ​កញ្ញា​មក រុស្ស៊ី​វាយប្រហារ​តែ​លើ​ក្រុមប្រឆាំង​ស៊ី​រី​តែប៉ុណ្ណោះ ដើម្បី​រក្សា​អំណាច​របស់​ប្រធានាធិបតី​អាសាដ​។

​វិបត្តិ​ការទូត​រវាង​តួ​ក​គី​និង​រុស្ស៊ី មិនដឹង​ជា​អាច​បញ្ចប់​ពេលណា​ឡើយ​។ វិបត្តិ​ការទូត​ផ្ទុះឡើង​ក្រោយ​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី ធ្វើ​ឲ្យ​រុស្ស៊ី​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ រហូត​ចោទ​ប្រធានាធិបតី​តួ​ក​គី​និង​ក្រុមគ្រួសារ ថា​ទិញ​ប្រេង​ឆៅ​ពី​ក្រុម​ភេរវជន​។ តួ​ក​គី​វិញ​ក៏​រឹងរូស មិន​ធ្វើការ​សុំទោស​ជា​ផ្លូវការ ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​។ ហើយ​ពេលនេះ នាយករដ្ឋមន្ត្រី​ដា​វូ​តូ​គ្លូ​ក៏​មិន​ខ្លា​ចនឹង​ចេញមុខ​ចោទ​ទៅ​រុស្ស៊ី​វិញ​ដែរ​ថា កំពុង​ពង្រឹង​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​៕


Tag:
 តួ​ក​គី​
  ​រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com