អន្តរជាតិ
UN ចេញ​ដំណោះស្រាយ​ផ្តល់​អំណាចឲ្យ​យុវជន​ដើម្បី​សាង​សន្តិភាព និង​សន្តិសុខ​
10, Dec 2015 , 2:56 pm        
រូបភាព
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្ដីសម្រេច ស្ដីអំពី​យុវជន សន្តិភាព​និង​សន្តិសុខ​។ នេះ​គឺជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បានអនុម័ត​បញ្ចូល​តួនាទី​របស់​យុវជន​​ក្នុង​ការកសាង​សន្តិភាព​ និង​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​ជ្រុលនិយម​។



​នៅ​ថ្ងៃទី​៩ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខ​​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្ដីសម្រេច​លេខ SCR ២២៥០ ស្ដីពី​យុវជន សន្តិភាព ​និង​សន្តិសុខ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ សេចក្ដីសម្រេច​ដែល​ត្រូវបាន​ព្រាងឡើង​ដោយ​ប្រទេស​ ហ្សកដានី បានដាក់​បញ្ចូល​តួនាទី​របស់​យុវជន​ក្នុង​ការជំរុញ​ឲ្យ​មាន​សន្តិភាព ​និង​ការប្រយុទ្ធប្រឆាំង​​អំពើហិង្សា​។

​សេចក្ដីសម្រេច​ដែល​ទើប​អនុម័ត​នេះ បាន​ទទូច​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​បង្កើន​ចំនួន​តំណាង​យុវជន​ទៅក្នុង​ការសម្រេចចិត្ត​គ្រប់​កម្រិត ក៏ដូចជា​បង្កើត​យន្តកា​រដោះ​ស្រាយ​ជម្លោះ​ដែលមាន​ការចូលរួម​ពី​យុវជន​ជា​ដៃគូ​។ ហើយ​សេចក្ដីសម្រេច​នេះ​ក៏បាន​ស្នើ​ឲ្យ​មានការ​បញ្ចូល​យុវជន​ទៅក្នុង​ដំណើរ​ការចរចា​សន្តិភាព​និង​កសាង​សន្តិភាព ពីព្រោះ​នាពេល​កន្លងមក យុវជន​មិនសូវ​មានឱកាស​ចូលរួម​ក្នុង​ការចរចា​សន្តិភាព​អ្វី​ឡើយ​។

​លើសពីនេះទៅទៀត ទាក់ទង​នឹង​ការប្រឆាំង​អំពើហិង្សា សេចក្ដីសម្រេច​នេះ​ក៏បាន​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​យុ​ជន​ក្នុងការ​ប្រឆាំង​អំពើហិង្សា​ជ្រុលនិយម ដោយសារតែ​យុវជន​មានការ​ប្រឈមមុខ​ជាខ្លាំង​នឹង​អំពើហិង្សា​ដែល​បាន​កើតឡើង​ជុំវិញ​ពិភពលោក​។ យុវជន​វ័យក្មេង​ត្រូវបាន​ទទួលស្គាល់ថា មាន​តួនាទី​សំខាន់​ក្នុងការ​ទប់ស្កាត់​និង​ប្រឆាំង​អំពើហិង្សា​ជ្រុលនិយម​។​

​សេចក្ដីសម្រេច​នេះ​ចេញ​ជា​រូបរាង​ចំពេល​ដែល​យុវជន​ប្រមាណ​៦០០​លាន​នាក់​កំពុងតែ​រស់នៅ​ក្នុងសង្គម​ផុយស្រួយ​និង​ទទួលរង​ផលប៉ះពាល់​ពី​ជម្លោះ​ក្នុងសង្គម​។ ម្យ៉ាងវិញទៀត យុវជន​វ័យក្មេង​ទាំងនោះ​ក៏​កំពុងតែ​រើបម្រះ​ខ្លួន​ចេញពី​មូល​វិ​វត្ត​កម្ម (Radicalization) និង​អំពើហិង្សា​ជ្រុលនិយម​ដែល​កើតឡើង​ក្នុងប្រទេស​ពួកគេ​។ នេះ​មានន័យថា សេចក្ដីសម្រេច​នេះ​នឹង​ជួយ​ជំរុញ​ការកសាង​សន្តិភាព​ដែលមាន​យុវជន​ជា​អ្នកដឹកនាំ​និង​ការទប់ស្កាត់​ជម្លោះ ដើម្បី​កសាង​សហគមន៍​មួយ​ប្រកប​ដោយសន្តិភាព ក៏ដូចជា​ជំរុញ​លទ្ធិប្រជាធិបតេយ្យ ​និង​អភិបាលកិច្ច​ល្អ​ក្នុងប្រទេស​របស់​ពួកគេ​។​

​នាពេល​កន្លងមក ក្រុមយុវជន​​និង​អង្គការ​របស់​ពួកគេ ព្រមទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល តែង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្កើត​គោលនយោបាយ​ពិភពលោក​មួយ​ដែល​អាច​ឲ្យ​យុវជន​ចូលរួម​ក្នុង​ការកសាង​សន្តិភាព​ និង​ទប់ស្កាត់​ជម្លោះ​។ ជាការ​កត់សម្គាល់​នៅពេល​ថ្មីៗ​នេះ យុវជន​កសាង​សន្តិភាព​វ័យក្មេង​ប្រហែល ១​ម៉ឺន​នាក់​បាន​ទៅ​ប្រជុំគ្នា​នៅ​ទីក្រុង​អា​ម៉ាន់ (Amman) រាជធានី​ប្រទេស ​ហ្សកដានី ​ក្នុង​វេទិកា​ពិភពលោក​ស្ដីពី​យុវជន សន្តិភាព​និង​សន្តិសុខ ហើយ​ថែមទាំង​បានចេញ​ជា​សេចក្ដីថ្លែងការណ៍​ទីក្រុង​អា​ម៉ាន់​ស្ដីពី​យុវជន ដែល​សំដៅ​ដល់​ការបញ្ចូល​តួនាទី​យុវជន​ក្នុង​ដំណើរការ​សន្តិភាព​៕


Tag:
 ​យុវជន​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com