អន្តរជាតិ
លោក ពូ​ទីន សុំ​អង់គ្លេស​ឲ្យ​ជួយ​ពិនិត្យ​ប្រអប់​ខ្មៅ​យន្តហោះ​ដែល​តួ​ក​គី​បាញ់​ធ្លាក់​
10, Dec 2015 , 8:19 pm        
រូបភាព
ដោយ:
​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បានស្នើ​ឲ្យ​អង់គ្លេស​បញ្ជូន​អ្នកជំនាញ​មក​ពិនិត្យ និង​វិភាគ​ប្រអប់​ខ្មៅ នៃ​យន្តហោះ​ចម្បាំង​ដែល​តួ​ក​គី​បាញ់​ទម្លាក់ នៅពេលដែល​លោក​និយាយ​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) ។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​សហប្រតិបត្តិកា​រ​ជាមួយគ្នា​លើ​ក្នុង​បញ្ហា​ស៊ី​រី​ផងដែរ​។



​ថ្ងៃ​០៩ ធ្នូ​ម្សិលមិញ ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ស្នើសុំ​ដោយផ្ទាល់​ទៅ​រដ្ឋាភិបាល​អង់គ្លេស​ឲ្យ​បញ្ជូន​អ្នកជំនាញ​ដើម្បី​ចូលរួម​វិភាគ​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​តួ​ក​គី​បាញ់​ទម្លាក់​កាលពី​ខែ​មុន​។ វិមាន​ក្រេ​ម​ឡាំង​បាន​បញ្ជាក់ថា លោកពូ​ទីន បាន​និយាយ​ឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន ហើយ​លោក ពូ​ទីន ក៏​ឆ្លៀត​លើកសំណើរ​នេះ​ទៅកាន់​លោក ខេ​មេ​រ៉ូ​ន តែម្ដង​។​

​កាលពី​ថ្ងៃទី​៨ ខែធ្នូ កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​រុស្សី​លោក Sergei Shoigu បានបង្ហាញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ Su-24 ដែល​ត្រូវបាន​រកឃើញ​ក្រោយ​ការធ្លាក់​នៅ​ព្រំដែន​ស៊ី​រី ទៅកាន់​លោក​ប្រធានាធិបតី​។ ក្នុងពេលនោះ លោក ពូ​ទីន បាន​និយាយប្រាប់​ប្រមុខ​យោធា​រុស្ស៊ី​ថា ការវិភាគ​ប្រអប់​ខ្មៅ​នេះ​គួរតែមាន​ការចូលរួម​ពី​សំណាក់​អ្នកជំនាញ​បរទេស ជាពិសេស​លើ​ការវិភាគ​ផ្លូវ​ហោះហើរ​និង​ទីតាំង​យន្តហោះ ពីព្រោះ​វា​ជា​ចំណុច​ដែល​ទីក្រុង​ម៉ូ​ស្គួ និង​អង់កា​រ៉ា​ខ្វែងគំនិត​គ្នា​នៅឡើយ​។​

​ជាការ​ឆ្លើយតប សំណើរ​ខាងលើនេះ ការិយាល័យ នាយករដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន បាន​បញ្ជាក់ថា រដ្ឋាភិបាល​អង់គ្លេស នឹង​ពិចារណា​លើ​សំណើរ​នេះ​។ ហើយ​អ្នកនាំពាក្យ​លោក ខេ​មេ​រ៉ូ​ន ក៏បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា​៖ «​យើង​សប្បាយ​ចិត្តនឹង​ជួយ​ប្រទេស​ដទៃ​លើ​បញ្ហា​សន្តិសុខ​»​។ មួយវិញទៀត ការិយាល័យ​លោក ខេ​មេ​រ៉ូ​ន បន្តទៀតថា លោក ខេ​មេ​រ៉ូ​ន បាន​ទូរស័ព្ទ​ទៅកាន់​លោក ពូ​ទីន ដើម្បី​ប្រាប់​ពី​យុទ្ធនាការ​យោធា​របស់​អង់គ្លេស​នៅ​ស៊ី​រី​។​

​ក្រោយ​កិច្ចសន្ទនា អ្នក​ទាំង​ក៏​ឯកភាពគ្នា​ជំរុញ​ឲ្យ​មានការ​សហការ​រវាង​អង់គ្លេស និង​រុស្សី​ដើម្បី​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ (Daesh) ដែល​រាំងស្ទះ​ការកសាង​សន្តិភាព​ក្នុងប្រទេស​ស៊ី​រី​។ នេះ​ក៏ដោយ​សារ​ប្រទេស​ទាំងពីរ​ហាក់​មាន​វិធីសាស្ត្រ​ស្រដៀង​គ្នា ដើម្បី​ឈានទៅ​ដោះស្រាយ​ការគំរាមកំហែង​របស់​ក្រុម​ជ្រុលនិយម​នេះ​។​

​សូម​បញ្ជាក់ដែរថា យន្តហោះ​ចម្បាំង​រុស្សី Su-24 ត្រូវបាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​តួ​ក​គី ខណៈ​កំពុងតែ​ប្រតិបត្តិ​ការកម្ទេច​ក្រុម​ដែ​ស្ហ​នៅតាម​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​។ តួ​ក​គី​បាន​ចោទប្រកាន់ថា យន្តហោះ​រុស្សី​រំលោភ​ដែនអាកាស​ខ្លួន តែ​រុស្សី​បាន​បដិសេធ​។ ចាប់ពីពេលនោះ​មក ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អក់កករ​ទៅៗ​៕ 


Tag:
 អង់គ្លេស​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com