អន្តរជាតិ
ដូ​ណា​ល់​ត្រាំ ច្រណែន​អធិការបតី​អាល្លឺម៉ង់​ដែលជា​ប់​លេខ​១​ក្នុង​ទស្សនា​វ​ដ្តី TIME
10, Dec 2015 , 8:59 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចេញមុខ​រិះគន់​ទស្សនា​វ​ដ្តី TIME  ដែល​ជ្រើសរើស​អធិប​កា​រប​តី​អាល្លឺម៉ង់ លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល (Angela Merkel) ជា​ឥស្សរជន​ប្រចាំឆ្នាំ​២០១៥ ។ លោក ដូ​ណា​ល់​ត្រាំ ទិតៀន​ថា វា​ជាការ​ជ្រើសរើស​ខុស ព្រោះ​អធិការបតី​ខាងលើ​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​បំផ្លាញ​ប្រទេស​អាល្លឺម៉ង់​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ក្រោយ​ទស្សនា​វ​ដ្តី TIME  បានប្រកាស​ថ្ងៃ​ពុធ ទី​០៩ វិច្ឆិកា ម្សិលមិញ​ថា លោកស្រី​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្កែ​ល ជា​មនុស្ស​សំខាន់​ប្រចាំឆ្នាំ​២០១៥  បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ  ស្រាប់តែ​ចេញមុខ​រិះគន់​តាមរយៈ​គណនី Twitter របស់ខ្លួន​។ អ្នកនយោបាយ​ដែល​និយាយ​ច្រើនតែ​គ្មាន​ហេតុផល​រូបនេះ ថា ទស្សនា​វ​ដ្តី TIME  រើស​មនុស្ស​ខុស ហើយ​លោក​ឌឺដង​ថា លោកស្រី មឺ​ហ្កែ​ល ជា​មនុស្ស​ម្នាក់​ដែល​កំពុង​បំផ្លាញ​ប្រទេស​អាល្លឺម៉ង់​ទៀត​។​

​ការរិះគន់​របស់លោក ដូ​ណា​ល់​ត្រាំ អាចមកពី​លោក​ច្រណែន​ដែល​លោកស្រី មឺ​ហ្កែ​ល ស្ថិតនៅ​លំដាប់ថ្នាក់​លេខ​មួយ  ខណៈដែល​លោក​ជា​មនុស្ស​ល្បីឈ្មោះ​និង​ជា​មហាសេដ្ឋី​ម្នាក់​បែរជា​ស្ថិតនៅ​លំដាប់ថ្នាក់​លេខ​បី​ទៅវិញ​។ លោក​ថា ៖« ខ្ញុំ​ប្រាប់​អ្នក​ថា ទស្សនា​វ​ដ្តី Time នឹងមិន​ជ្រើសរើស​ខ្ញុំ​ជាម​នុស្ស​សំខាន់​ប្រចាំឆ្នាំ​ទេ ទោះបី​ខ្ញុំ​មាន​មនុស្ស​ចេញ​ចិត្ត​ខ្ញុំ​ច្រើន​ក៏ដោយ​។ គេ​ជ្រើសរើស​មនុស្ស​ដែល​កំពុង​បំផ្លាញ​អាល្លឺម៉ង់​»​។

​លោក​ដូ​ណា​ល់​ត្រាំ ស្ថិតក្នុង​លេខ​រៀង​ទី​បី ខណៈ​មេដឹកនាំ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​លោក Abu Bakr al-Baghdadi ត្រូវបាន​ទស្សនា​វ​ដ្តី​នេះ​ដាក់​នៅក្នុង​ចំណាត់ថ្នាក់​លេខ​ពីរ​។ តែ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បួន ខណៈ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​ប្រាំ​។​

​មិនមែនជា​លើកទីមួយ​ឡើយ ដែល​បេក្ខជន​នាំមុខគេ​ក្នុងការ​ឈានទៅ​កាន់តំណែង​ប្រធានាធិបតី​រូបនេះ​រិះគន់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​។ កាលពី​ខែ​មុន​លោក ស្រាប់តែ​រិះគន់​មិន​សំចៃមាត់​ចំពោះ​ចំណាត់​រដ្ឋាភិបាល​លោកស្រី ដែល​បណ្តែតបណ្តោយ​ឲ្យ​វិបត្តិ​ជនភៀសខ្លួន​ផ្ទុះឡើង​នៅ​អឺរ៉ុប​បែបនេះ​។

​តាមពិតទៅ​លោកស្រី មឺ​ហ្កែ​ល ក្លាយជា​មនុស្ស​សំខាន់​ប្រចាំឆ្នាំ សម​ហេតុផល​ដែរ ព្រោះ​លោកស្រី​បាន​ប្រើប្រាស់​ចំណាត់ការ​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​មហាអំណាច​សេដ្ឋកិច្ច​អឺរ៉ុប​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន​ក្នុង​រយៈពេល​កន្លងមក​នេះ​។ ប្រធាន​ការី​និពន្ធ​នៃ​ទស្សនា​វ​ដ្តី Time លោកស្រី Nancy Gibbs បាន លើកឡើងថា លោកស្រី​អធិការបតី​បានរួម​ចំណែក​យ៉ាងច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ធំ​ដែល​ទន្ទ្រាន​អឺរ៉ុប​។

​បញ្ហា​ធំ​បំផុត​ដែល​លោកស្រី​បានរួម​ចំណែក​ដោះស្រាយ​មានដូចជា វិបត្តិ​សេដ្ឋកិច្ច​អឺរ៉ុប និង​វិបត្តិ​ជនភៀសខ្លួន​ដែលជា​បញ្ហា​ធ្ងន់ធ្ងរ​ពិបាក​ដោះស្រាយ​នៅ​អឺរ៉ុប​។​កុំ​តែ​អធិការបតី​រូបនេះ​ដាក់ចេញ​គោលនយោបាយ​ហិរញ្ញវត្ថុ​ដែលមាន​ទាំង​ការចាយវាយ​ត្បិតត្បៀត​សម្រាប់​រដ្ឋ​ខ្លះ​ដូចជា​អេ​ស្ប៉ា​ញ អ៊ីតាលី​និង​ក្រិ​ក​ទេនោះ ម្ល៉េះ​ទ្វីបអឺរ៉ុប​ទាំងនោះ​ប្រហែល​ងើប​មិន​រួច​ពី​វិបត្តិ​ទេ​។ ចំណែក​រឿង​ជនភៀសខ្លួន​វិញ លោកស្រី​បានក្លាយ​ជា «​អ្នក​ម្តាយ​សម្រាប់​ជនភៀសខ្លួន​» ព្រោះ​ការ​ខ្នះខ្នែង​ខ្លាំង ជម្នះ​រាល់​ការប្រឆាំង​របស់​អ្នកនយោបាយ​អាល្លឺម៉ង់​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន ពី​ស៊ី​រី អា​ហ្វ​ហ្កា​នី​ស្ថាន និង ប្រទេស​មជ្ឈិមបូព៌ា​ឯទៀត​ផងដែរ​។ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ជំរុញ​ឲ្យ​មានការ​កំណត់​កញ្ចប់​ថ​វិកា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ និង​បើកទ្វារ​ទទួលយក​ជន​ភៀសខ្លួន​១​លាន​នាក់​ត្រឹម​ចុង​ឆ្នាំនេះ​ដែរ៕


Tag:
 ដូ​ណា​ល់​ត្រាំ​
  អែន​ជែ​ឡា​មឺ​ហ្កែ​ល​
  Person of the year
© រក្សាសិទ្ធិដោយ thmeythmey.com