អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នយោបាយ​យោធា​អាមេរិក​កាន់តែ​ស្និទ្ធ​រដ្ឋ​អាស៊ាន ចិន​កំពុង​ប្រុង​ជើងការ​
10, Dec 2015 , 9:39 pm        
រូបភាព
ដោយ:
​រយៈពេល​ចុងក្រោយ​នេះ អាមេរិក បាន​ព្យាយាម​ពន្លេច​គោលនយោបាយ​ការបរទេស​ផ្តោតលើឥទ្ធិពលយោធា​របស់ ខ្លួន​កាន់តែច្បាស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នោះ​គឺ អាមេរិក បាន​ពង្រឹង​ដៃគូ​យ៉ាង​ជិតស្និទ្ធ និង​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល​រដ្ឋ​អាស៊ាន​ដូចជា​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និង​ចុងក្រោយ ជាមួយ​សិង្ហ​បុរី ផងដែរ​។ សកម្មភាព​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​ចិន មិន​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ ដ្បិត​ចិន ក៏ជា​មហាអំណាច​មួយ​ដែល​កំពុង​តែមាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្រាប់​នោះ​។



​គោលនយោបាយ​ការបរទេស​យោធា​អាមេរិក កំពុងតែ​វាយលុក​ខ្លាំង​មក​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ចិន កំពុងតែ​ពង្រីក​អំណាច​នៅក្នុង​តំបន់ ក៏​ជា​ដូចជា​កំពុង​តែមាន​ជម្លោះ​ដែន​អធិបតេយ្យ​ជាមួយនឹង​រដ្ឋ​អាស៊ាន​ផងដែរ​នោះ​។ វត្តមាន​នេះ អាចជា​ការពង្រឹង​គោលនយោបាយ​ការបរទេស​ឲ្យ​កាន់តែ​ស៊ីជម្រៅ ឬ ក៏​អាចជា​ឆ្លៀតឱកាស​មួយ​របស់​អាមេរិក​ក្នុងការ​ប្រឆាំងនឹង​ឥទ្ធិពល​​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

១. អាមេរិក បានធ្វើ​អ្វីខ្លះ​ជាមួយ​រដ្ឋ​អាស៊ាន​លើ​វិស័យ​យោធា​?
​កន្លងមក គេ​បានឃើញ​ច្បាស់​ហើយ​ថា អាមេរិក បាន​ចងសម្ព័ន្ធ​មិត្ត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​អាស៊ាន មួយចំនួន​ដូចជា​ហ្វីលីពីន និង​វៀតណាម ដ្បិត​ប្រទេស​ទាំងនេះ​កំពុងតែ​​ប្រឈមមុខជាមួយចិន ខ្លាំង​​លើជម្លោះ​ដែនសមុទ្រ​។ ហើយ​អ្វីដែល​គេ​ដឹង​ច្បាស់​នោះ​គឹ​អាមេរិក បានរៀបចំ​លំ​ហាត់​យោធា ហើយចុងក្រោយ​នេះ ក្នុងឱកាស​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ហ្វិ​កនៅ​ហ្វីលីពីន អាមេរិក បានប្រកាស​ផ្តល់ជំនួយ​២៥០​លាន​ដុល្លា​អាមេរិក​ក្នុង​រយៈពេល​២​ឆ្នាំ​សម្រាប់​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​សន្តិសុខ ដែនសមុទ្រ​។ រដ្ឋ​សម្ព័ន្ធមិត្ត​ទាំងនោះ រួ​មានហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​វៀតណាម​។ ការផ្តល់​ជំនួយ​ដើម្បី​ពង្រឹងសមត្ថភាពការពារសន្តិសុខ​ដែនសមុទ្រ​នេះដែរ គឺ​គ្មានអ្វី​ក្រៅពី ការការពារ​ការ​វាត​ទី​របស់​ចិន​នៅ​ដែនសមុទ្រ​នោះទេ​។

​មួយវិញទៀត កាលពីដើម​សប្តាហ៍​នេះ សិង្ហ​បុរី និង​អាមេរិក ក៏បាន​បង្ហាញ​គោលជំហរ​មួយ​យ៉ាង ជិតស្និទ្ធ​គួរកត់សម្គាល់​។ នោះ​គឺ រដ្ឋាភិបាល​សិង្ហ​បុរី បានអនុញ្ញាត​ឲ្យ​មានការ​ពង្រាយ​យន្តហោះ​ស៊ើបការណ៍​ប្រភេទ P8 Poseidon របស់​អា​មេ​រិ​ក​នៅ​សិង្ហ​បុរី ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការការពារ​ដែន​សមុទ្រ​។ លើសពីនេះទៅទៀត សិង្ហ​បុរី ថែមទាំង បាន​ទ​ទួូច​ឲ្យ​អាមេរិក បង្ហាញ​ពី​តួនាទី​របស់ខ្លួន​ឲ្យ​កាន់តែច្បាស់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​រក្សា​ស្ថិរភាពក្នុង​តំបន់​។

​ភាព​ស្និទ្ធ​ស្នាល​របស់​រដ្ឋ​អាស៊ាន​ជាមួយ​អាមេរិក បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ​ថា រដ្ឋ​អាស៊ាន ភាគច្រើន ត្រូវការ​វត្តមាន​របស់​អាមេរិក នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ជា​តុល្យភាព​នៃ​អំណាច​យោធា ព្រោះបើ​បណ្តោយ​ចិន​ពង្រីក​អំណាច​កាន់​ខ្លាំង វានឹងធ្វើ​ឲ្យ​មានការ​គំរាមកំហែង​ក្នុង​តំបន់​។

២. ចិន មិនទាន់​ខ្លាច តែ​មិន​ព្រងើយចំពោះគោលនយោបាយ​​អាមេរិក​នៅ​អាស៊ីអាគ្នេយ៍
​ទោះបីជា​អាមេរិក បាន​ព្យាយាម​ពង្រីក​ឥទ្ធិពល​យោធា​មក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កាន់តែខ្លាំង​យ៉ាងណា ក៏ដោយ ​ចិន ហាក់ដូចនៅ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅឡើយ​​។ សូម្បី​កាលពី​ចុងខែ​កញ្ញា និង​ដើម​ខែតុលា​កន្លងទៅ​ អាមេរិកបា​នប​ញ្ជួ​ន​ទាំង​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ តែចិន​​មិន​ប្រតិកម្ម​តាមរយៈ ការបញ្ជូន កងទ័ព​ដើម្បី​ប្រឈមវត្តមាន​អាមេរិក​ដែរ​។ តែ​ចិន គ្រាន់តែ​ព្រមាន​តាម​ពាក្យសម្តី​ថា វាអាច​នឹង​មានការប៉ះទង្គិច​គ្នា​ បើ​អាមេរិកហ៊ាន​ធ្វើ​សកម្មភាព​ដដែល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
 
​ដោយឡែក ជុំវិញ​​កិច្ចសហការ​ពង្រាយ​កង​ទ័ព​អាមេរិក នៅ​សិង្ហ​បុរី​ចុងក្រោយ ចិន មិនទាន់ភ្ងា​ក់​ផ្អើល​នោះទេ តែ​ចិនក៏​មិនអាច​មិន​ខ្វាយខ្វល់​បានដែរ​។ រដ្ឋមន្ត្រី​ការពារ​ជាតិចិន បាន​អះអាងថា​រដ្ឋាភិបាល​ចិន កំពុងតែ​តាមដាន​ការវិវត្ត​នៃ​ស្ថានភាព និង​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ វិស័យ​យោធា នឹង​ផ្តល់​ផលចំណេញ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ តែ​មិនមែនជា​ការគំរាមកំហែងឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com