អន្តរជាតិ
កងទ័ព​អាមេរិក​ចង់​រឹតចំណង​យោធា​ខ្លាំង​ជាមួយ​មី​យ៉ាន់​ម៉ា​ក្រោម​ការដឹកនាំ​របស់​ស៊ូ​ជី​
10, Dec 2015 , 10:19 pm        
រូបភាព
ដោយ:
​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គ្រាន់តែ​ដឹងថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី នឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ី ប្រកាស​ពីបំណងចង់រឹតចំណង​សម្ព័ន្ធភាព យោធា​ជិតស្និទ្ធ​ជាមួយ​មី​យ៉ាន់​ម៉ា​។ នេះ គឺជា​របត់​នៃ​គោលនយោបាយ​ការបរទេស​មួយ​ដែល​គួរកត់សម្គាល់​រវាង​អាមេរិក និង​មី​យ៉ាន់​ម៉ា​។​



​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា​កន្លងទៅ មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ី លោក Vincent Brooks បាន​អះអាងថា លោក ពិតជា​ចង់​រឹតចំណង​ទំនាក់ទំនង​យោធា​ជាមួយមី​យ៉ាន់​ម៉ា ខណៈ​អាមេរិក ក៏​កំពុង​ចាប់ផ្តើម​ដក​ទណ្ឌកម្ម​មួយចំនួន​ដែល​ដាក់មី​យ៉ាន់​ម៉ា​ផងដែរ​។

លទ្ធផល​នៃ​ការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា បានបង្ហាញ​ឲ្យ ឃើញ​ហើយ​ថា បក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទទួលបាន​ជ័យជម្នះ ដែលអាច​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ បាន​ដោយ​ខ្លួនឯង​។ លទ្ធផល​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​​សាទរ​ប៉ុណ្ណោះទេ សូម្បីតែ​សហ​គមន៍​អន្តរជាតិ ក៏បាន​សម្តែង​ការស្វាគមន៍ និង​ត្រៀម​សហការ​ជាមួយរដ្ឋាភិបាលថ្មីបង្កើតស្របតាម​លទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​ជាក់ស្តែង​អាមេរិក​ដែល​ធ្លាប់តែ​រិះគន់​ខ្លាំងៗ និង​ថែមទាំង​បានដាក់​ទណ្ឌកម្ម​ទៅលើ​មី​យ៉ាន់​ម៉ា ក្នុង​ពេល ប្រទេស​នេះ​គ្រប់គ្រង​ដោយ​យោធា បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ថ្មី​និងវិជ្ជមាន មករក​មី​យ៉ាន់​ម៉ា​វិញ​​។ ហើយ​កាលពី​ទី​០៧ ខែវិច្ឆិកា​កន្លងទៅ អាមេរិក បានប្រកាស​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយចំនួន បណ្តោះអាសន្ន​ដែរ។​

​ហើយ​ចុង​ក្រោយនេះ យោងតាម​ទីភ្នាក់ងារព័ត៌មាន Reuters  លោក Vincent Brooks បាន​ថ្លែង​នៅក្នុង​វេទិកា​តុមូល​ក្នុង​ក្រុង​វ៉ា​ស៊ីន​តោន​ថា លោក​ពិតជា​ចង់មាន​ចំណងមិត្តភាព​ស្និទ្ធ​ស្នាល​ជាមួយយោធា មី​យ៉ាន់​ម៉ា ហើយ​មី​យ៉ាន់​ម៉ា ក៏បាន​បញ្ជាក់​ពី​ជំហរ​ដូច​ភាគីអាមេរិក​ដែរ​។ តែ​លោ​កថា កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវ​រង់ចាំ​ការសម្រេច​ចុង​ក្រោយពី​រដ្ឋាភិបាល​អាមេរិក​ដើម្បី​អនុម័ត​គោលនយោបាយ​ការបរទេស​នេះ​ជាមុនសិន​។​

​យ៉ាងណាក៏ដោយ មិនមែនជា​ឧបសគ្គ​អ្វី​ឡើយ​ក្នុង​ការកសាង​ទំនាក់ទំនង​យោធា​រវាង​មី​យ៉ាន់​ម៉ា និង អាមេរិក​នៅពេលនេះ ដ្បិត​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​បក្ស​លោកស្រី ស៊ូ​ជី មាន​និន្នាការ​ទៅរក​អាមេរិក​ស្រាប់​ទៅហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com