ពីនេះ ពីនោះ
តើពាក្យ «ការបោះឆ្នោតជាកញ្ចប់» មានន័យដូចម្ដេច?
× ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ និងឲ្យនិយមន័យ ពាក្យថា «ការបោះឆ្នោតជាកញ្ចប់» នេះដូចខាងក្រោម៖
ការបោះឆ្នោតជាកញ្ចប់ មានន័យថា ការបោះឆ្នោតដើម្បីអនុម័ត ឬសម្រេចបញ្ហាជាច្រើន ក្នុងពេលតែមួយ ដោយសមាជិកម្នាក់ប្រើសន្លឹកឆ្នោតឬសំឡេងតែមួយ។ នីតិវិធីនេះត្រូវបានដកស្រង់ពីរដ្ឋធម្មនុញ្ញប្រទេសបារាំងយកមកកែច្នៃទៅតាមបរិបទនយោបាយកម្ពុជាដែលអ្នកនយោបាយខ្មែរយកមកប្រើក្រោយពីជាប់គាំងនយោបាយពីឆ្នាំ២០០៣រហូតដល់ខែកក្កដាឆ្នាំ២០០៤។
ឧទាហរណ៍ ក្រោយការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតបាន៧៣អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបាន២៦អាសនៈ និងគណបក្ស សម រង្ស៊ី២៤អាសនៈ។ យោងតាមចំនួននេះ គ្មានគណបក្សណាមួយមានសំឡេងគ្រប់ចំនួនពីរភាគបី ដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ។ តាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ការបោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានរដ្ឋសភា ក៏ដូចជាជ្រើសរើសនាយករដ្ឋមន្ត្រី ត្រូវការសំឡេងគាំទ្រពីរភាគបី ទើបអាចជ្រើសតាំងបាន ហើយដោយសារគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី បានបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យដែលមិនព្រមឱ្យគណបក្សណាមួយចូលជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីបង្កើតរដ្ឋាភិបាល (បើចូល ចូលទាំងអស់គ្នា បើចេញ ចេញទាំងអស់គ្នា)។ ស្ថានភាពក៏ត្រូវបានកកស្ទះ។ ក្រោយមកដំណោះស្រាយចំពោះភាពទ័លច្រកបានចេញរួច ដោយគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា។ ការជ្រើសតាំងប្រធានសភា និងរដ្ឋាភិបាលអាណត្តិទី៣តាមច្បាប់រដ្ឋធម្មនុញ្ញ តំណាងរាស្ត្រត្រូវបានបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាននិងគណៈកម្មការនានាជាមុនសិន។ ក្រោយពីបោះឆ្នោតនេះហើយ ទើបបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ តែដោយការបាត់ជំនឿទុកចិត្តលើគណបក្សដៃគូ គេបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបញ្ចូលការបោះឆ្នោតជាកញ្ចប់ដើម្បីសម្រេចបញ្ហាពីរក្នុងពេលតែមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com