ពីនេះ ពីនោះ
វិធីសាស្ត្រ​ដើម្បី​ក្លាយជា​សិស្ស​ដ៏​ប្រសើរ​មួយរូប​!
11, Dec 2015 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​គឺជា​ទីកន្លែង​សម្រាប់​ធ្វើការ​ណាត់ជួបរ​វាង​គ្រូ​និង​សិស្ស ដើម្បី​ផ្ទេរ និង​ទទួលយក​ចំណេះដឹង ពី​គ្រូ​ទៅ​សិស្ស និង​ពី​សិស្ស​ទៅ​គ្រូ​។  ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសិក្សា​រៀនសូត្រ ការរៀន​ពី​វិធីសាស្ត្រ​ក្នុងការ​សិក្សា ដើម្បី​ទទួលបាន​ភាព​ពេញលេញ​ក្នុងនាម​ជា​អ្នករៀន បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​សិស្ស ឆ្ពោះទៅរក​ការកសាង​ពិសោធន៍​ជីវិត​ដ៏​ទូ​ទូលាយ​មួយ ដែល​បង្ករ​ភាពងាយស្រួល​សម្រាប់​ការសិក្សា​របស់​អ្នក​គឺជា​រឿង​មួយ​ដែល​សិស្ស​និស្សិត​ត្រូវតែ​សិក្សា​ស្វែងយល់​។ ដើម្បី​ក្លាយជា​សិស្ស​ដ៏​ប្រសើ​មួយរូប សិស្ស​និស្សិត​គួរតែ​ពិចារណា​ទម្លាប់​មួយចំនួន​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ក្នុង​ការសិក្សា​ដូចខាងក្រោម​៖



១/. ធ្វើជា​មនុស្ស​មាន​ទម្លាប់​ក្នុងការ​រៀបចំ​ចាត់ចែង សម្ភារ​សិក្សា និង​ឯកសារ​៖ ក្នុងនាម​ជា​សិស្ស​និស្សិត អ្នក​ត្រូវតែមាន​សកម្មភាព​ក្នុងការ​រៀបចំ​ចាត់ចែង​ឲ្យ​បានច្បាស់លាស់ នូវ​អ្វីដែល​អ្នក​ត្រូវ​ប្រើប្រាស់​ក្នុងការ​សិក្សា​របស់​អ្នក និង​សម្ភារ​សិក្សា​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ថ្នាក់​។  ហើយ​ត្រូវ​រៀបចំ​ឯកសារ​មេរៀន​ទៅតាម​ផ្នែកៗ​នៃ​មុខវិជ្ជា​ជាដើម​។ ឧទាហរណ៍ ប្រសិនបើជា​ឯកសារ​ជា​ក្រដាស់ ឬ​សៀវភៅ​ត្រូវដាក់​តាម​ផ្នែកៗ​។ បើជា​ឯកសារ​ក្នុង​កំ​ព្យូ​ទ័​រ​ត្រូវ​បង្កើតជា​ផ្នែកៗ ដាក់​តាម​ប្រភេទ​ឯកសារ ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ឯកសា​រ​។​

២/. ត្រូវ​ធ្វើជា​សិស្ស​និស្សិត​ដែលមាន​ស្មារតី​ប្រុងប្រយ័ត្ន និង​ការតាំង​ចិត្ត​នៅក្នុង​ថ្នាក់​៖  នៅពេលដែល​គ្រូ​កំពុង​បង្រៀន​មេរៀន ត្រូវតែ​កត់ត្រា​នៅ​អ្វី​ដែលជា​ចំណុច​សំខាន់​នៃ​មេរៀន និង​ចំណុច​ណា​ដែល​អ្នក​មិន​យល់ ហើយ​លើកដៃ​សួរ​គ្រូ​របស់​អ្នក​ទាក់ទង​និង​ចំណុច​ទាំងអស់នោះ​។ នៅពេលដែល​អ្នក​បាន​សួរ​សំណួរ​កាន់តែច្រើន អ្នកនឹង​កាន់តែ​ពូកែ​ជាមុន មាន​ភាពជឿជាក់​ចំពោះ​ការយល់ដឹង​របស់​អ្នក និង​អាច​មិន​យល់ស្រប​ជាមួយ​ចម្លើយ​ជាដើម​។ អ្នក​ត្រូវ​ប្រមូលផ្ដុំ​ស្មារតី និង​ផ្ដោតជាសំខាន់​ទៅលើ​មេរៀន​របស់​អ្នក និង​ការព្យាយាម​យកចិត្តទុកដាក់​មើល​ការបង្រៀន​របស់​គ្រូ ស្ដាប់​ការពន្យល់ ហើយ​កត់ត្រា​។ បន្ទាប់មក​អ្នក​ត្រូវតែ​រំលឹក​ឡើងវិញ នូវ​អ្វីដែល​អ្នក​បាន​កត់ត្រា នៅពេលដែល​អ្នកមាន​ពេលទំនេរ​។ ករណី​អ្នកមាន​កំហុស​ក្នុងការ​កត់ត្រា អ្នក​ត្រូវ​ចេះ​ពឹងពាក់​មិត្ត​ភ័​ក្ត​របស់​អ្នក​ឲ្យ​ជួយ​កែតម្រូវ ដោយ​មិនត្រូវ​ប្រកាន់​អារម្មណ៍​ខ្មាស់អៀន​។ ជៀសវាង​ការធ្វេសប្រហែស​នៅក្នុង​ថ្នាក់ ដោយ​សកម្មភាព​រំខាន​នានា​ជាមួយ​អ្នកដទៃ​។ ហើយ​បើ​មិត្ត​របស់​អ្នក​រំខាន​អ្នក អ្នក​ត្រូវ​ប្រាប់​គេ​ថា​អ្នក​កំពុង​រៀន​។

៣/. ត្រូវ​រៀន​ដោយ​ផ្ដោត​សំខាន់​លើ​មេរៀន​ដែល​អ្នក​ត្រូវ​រៀន​៖ អ្នក​ត្រូវតែ​ជា​មនុស្ស​ដែល​ពូកែ​អាន គឺ​ត្រូវ​ចាប់ផ្ដើម​ពី​ការអាន​។ អាន​ហើយ អាន​ទៀត​នូវ​មេរៀន​ដែល​អ្នក​ត្រូវ​រៀន​។ នៅពេល​អ្នកអាន អ្នក​អាច​មិន​យល់ ប៉ុន្តែ​តាមរយៈ​ការអាន ធ្វើ​ឲ្យ​អ្នក​អាច​ស្វែងយល់​កាន់តែច្រើន​ទោះបីជា សៀវភៅ​នោះ​មាន​ភាពលំបាក​យ៉ាងណាក៏ដោយ​។ បន្ទាប់មក​អ្នក​ត្រូវ​បង្កើតជា​ផែនទី​គំនិត​(​ការ​កត់ចំណាំ​ចំណុច​សំខាន់ៗ​ក្នុង​គំនិត​) ដែល​វា​មាន​សារៈសំខាន់​ដើម្បី​ជួយ​ក្នុង​ការគិត​វិភាគ​លើ​ប្រធានបទ​ដែល​ពិបាកៗ​។ ផែនទី​គំនិត​នេះ​ផងដែរ អាចជួយ​អ្នក​ក្នុងការ​រំលឹក​មេរៀន​មុនពេល​ប្រលង​ជាដើម​។

​មិនតែប៉ុណ្ណោះ អ្នក​ក៏ត្រូវ​ប្រើប្រាស់​សម្ភារ​ជំនួយ​ក្នុងការ​សិក្សា​បន្ថែម​ដូចជា ទូរស័ព្ទ ទូរទស្សន៍ អាយ​ផេ​ត កំ​ព្យូ​ទ័​រ​ជាដើម ដើម្បី​ប្រើប្រាស់​សម្រាប់​ស្រាវជ្រាវ​ឯកសារ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នានា​។
ក្នុងនោះ​ផងដែរ​អ្នក​ត្រូវតែ​គ្រប់គ្រង​ឲ្យ​បាន​ថា​តើ​ថ្ងៃស្អែក​អ្នក​និង​ត្រូវ​សិក្សា​មេរៀន​ណា ហើយ​ត្រូវ​អាន​មេរៀន​ទាំងនោះ​ឲ្យ​បាន​មុន​ពេលដែល​អ្នក​ត្រូវ​ទៅ​ជួប​គ្រូ​នៅក្នុង​ថ្នាក់រៀន​។​

៤/. ធ្វើ​កិច្ចការ​សាលា​ដោយ​ខ្លួន​អ្នក​ផ្ទាល់​៖ ការធ្វើ​កិច្ចការ​សាលា ដែល​គ្រូ​របស់​អ្នក​បានដាក់​ឲ្យ​គឺជា​ហេតុផល​មួយ​ដែល​គ្រូ​របស់​អ្នក ចង់ដឹង​ពីអ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​ថ្ងៃនោះ ថា​អ្នកទទួលបាន​ការយល់​ដឹង​កម្រិតណា​។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​សិស្ស​ជោគជ័យ អ្នក​ត្រូវតែ​ព្យាយាម​ក្នុងការ​ហ្វឹកហាត់ ការធ្វើ​លំ​ហាត់​សាលា កិច្ចការ​គ្រូ​ដាក់​ឲ្យ​តាម​សមត្ថភាព​ដែល​ខ្លួន​មាន​។​

៥/. កែប្រែ​ការគិត​របស់​អ្នកតា​មរយៈ​វិចារណញាណ​៖ សិស្ស​និស្សិត​មួយចំនួន គឺ​រៀន​ទៅ​តាមតែ​អ្វីដែល​សៀវភៅ ឬ​មេរៀន​ដែល​គ្រូ​បានផ្ដល់​ឲ្យ​តែប៉ុណ្ណោះ តែ​មិន​ព្រម​គិត​ដោយ​សមត្ថភាព​នៃ​វិចារណញាណ​របស់ខ្លួន​នោះទេ​។ ជួនកាល​មេរៀន​ខ្លះ​គឺ​មិនត្រូវ​តាម​បរិបទ​នៃ​សង្គម​ដែល​អ្នករស់នៅ​នោះទេ ហេតុនេះ​នៅពេលដែល​សិស្ស​ព្យាយាម​បកស្រាយ ទ្រឹស្ដី គំនិត កុំ​ព្យាយាម​ការពារ​គំនិត​ចាស់ៗ​នោះ​ពេក​។ តែ​អ្នក​ត្រូវ​ប្រើ​សមត្ថភាព​ពិត​នៃ​ការវិភាគ​របស់​អ្នក​តាមរយៈ​កា​រស​ង្គេ​ត​ពី​សង្គម​ជាក់ស្ដែង បទពិសោធន៍​ជីវិត និង​ការវិវត្តន៍​នៃ​វិទ្យាសាស្ត្រ​ថ្មី ដោយ​ផ្សាភ្ជាប់​ជាមួយ​អំណះអំណាង​ក្នុង​សៀវភៅ​៕



© រក្សាសិទ្ធិដោយ thmeythmey.com