អន្តរជាតិ
តួកគី៖ ទ័ពតួកគីចូលដីអ៊ីរ៉ាក់តាមសំណើរនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប៉ុណ្ណោះ
× ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាក់ថា ទ័ពតួកគីបានតាំងនៅទឹកដីអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ គឺតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។ លោក Erdogan បាននិយាយដូច្នេះ ក្រោយរដ្ឋាភិបាលអ៊ីរ៉ាក់ចោទ តួកគីថាបានបំពានទឹកដីអ៊ីរ៉ាក់ដោយយ៉ាងធ្ងន់ធ្ងរ ហើយបានទាមទារឲ្យតួកគីដកទ័ពចេញជាបន្ទាន់ផង។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាន វាយបកទៅកាន់មេដឹកនាំអ៊ីរ៉ាក់ដោយពាក្យសម្តី ចំពោះការចោទប្រកាន់កងទ័ពតួកគីថាបានចូលទឹកដីអ៊ីរ៉ាក់ដោយខុសច្បាប់់។ លោក Erdogan បានបញ្ជាក់ប្រាប់សារព័ត៌មាន Al Jazeera ថា ទ័ពតួកគីចូលទៅទឹកដីអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤ ដោយមានការស្នើពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi ផ្ទាល់។ លោកបានបង្ហាញចំងល់ថា៖« ទ័ពតួកគីតាំងបន្ទាយនៅ Basheeqa តាំងពីឆ្នាំ២០១៤មក។ ចុះហេតុអ្វីបានជាលោក Haider al-Abadi នៅស្ងៀមមិនមាត់តាំងពីពេលនោះ បែរជាលើកមកនិយាយពេលនេះទៅវិញ?»។
មួយវិញទៀតនោះ ទីក្រុងអង់ការ៉ាបានលើកឡើងដែរថា កងទ័ពតួកគីចូលទៅជួយបង្វឹកទ័ពអ៊ីរ៉ាក់ តែភាគីអ៊ីរ៉ាក់បែរជាថា ទ័ពតួកគីឈ្លានពានទៅវិញ។ ចំណែកឯរដ្ឋាភិបាលអ៊ីរ៉ាក់បានទៅសុំឲ្យណាតូជួយជំរុញតួកគីដកទ័ព ក្រោយពេលរដ្ឋាភិបាលតួកគីបានឆ្លើយតបថា ខ្លួនមិនដកកងទ័ពចេញនោះទេ តែក៏មិនបញ្ជូនទ័ពមកទៀតដែរ។
ឆ្លៀតពេលឆ្លើយវាយបកលើការទាមទាររបស់អ៊ីរ៉ាក់ លោក Recep Tayyip Erdogan ក៏បានវាយប្រហារក្រុមរដ្ឋាភិបាលនិកាយស៊ីអ៊ីតនៅអ៊ីរ៉ាក់និងអ៊ីរ៉ង់ដែលអនុវត្តនយោបាយបំបែកបំបាក់ក្រុមឥស្លាមនិកាយស៊ីអ៊ីតនិងនិកាយស៊ូនីនៅស៊ីរីនិងអ៊ីរ៉ាក់។ លោកថ្លែងរិះគន់ថា ៖« តើមានអ្វីកើតឡើងចំពោះជននិកាយស៊ូនី? តើមានអ្វីកើតឡើងចំពោះសន្តិសុខពួកគេ? ពួកគេក៏ត្រូវការសន្តិសុខដែរ»។
មិនតែប៉ុណ្ណោះលោក Erdogan ក៏បានរិះគន់ការគ្រប់គ្រងរបស់អ៊ីរ៉ាក់ ដែលធ្វើឲ្យប្រជាជនបាត់បង់សិទ្ធិសេរីភាព។ លោក Erdogan ថ្លែងបន្តថា៖ «ប្រជាជនអារ៉ាប់ក្នុងតំបន់ភាគខាងជើងបានបាត់បង់សិទ្ធិពួកគេ តែយើងមិនដែលឃើញមានការគ្រប់គ្រងដោយយុត្តិធម៌នោះទេ ដូច្នេះហើយបានជាពួកគេព្រួយបារម្ភ» ៕
© រក្សាសិទ្ធិដោយ thmeythmey.com