អន្តរជាតិ
មូល​ហេតុដែល​អាចធ្វើអោយ​បក្ស​ស្តាំនិយម​ជ្រុល​បារាំង​ឡើង​កូត ឈ្នះឆ្នោត​តំបន់​
11, Dec 2015 , 1:21 pm        
រូបភាព
ដោយ:
​ក្នុងការ​បោះឆ្នោត​តំបន់​ជុំ​ទី​១​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន បក្ស​រណសិរ្ស​ជាតិ​រប​ស់លោក​ស្រី ម៉ា​រី​ន ឡឺ​ពេន (Marine Le Pen) បានទទួល​ជោគជ័យ​ធំធេង ធ្វើអោយ​បក្ស​ផ្សេងៗ ពិសេស​បក្ស​កាន់អំណាច​របស់​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francios Hollande) និង​បក្ស​ស្តាំនិយម​របស់​អតីត​ប្រធានាធិបតី​សា​កូ​ហ្ស៊ី (Nicolas Sarkozy) បារម្ភ​ខ្លាំង​។ គេ​រំពឹងថា អត្រា​ប្រជាជន​គ្មាន​ការងារ​នៅតែ​ខ្ពស់ និង​ភេរវកម្ម​ក្រុងប៉ារីស អាចជា​មូលហេតុ​ចំបង​ដែល​រុញអោយ​បក្ស​ស្តាំ​ជ្រុលនិយម​មួយ​នេះ ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​។ ដោយឡែក លោកស្រី ឡឺ​ពេន​សន្យាថា មិន​ទុកអោយ​រដ្ឋាភិបាល​លោក ហូ​ឡង់​នៅ​ស្ងៀម​ស្រួល​ទេ បើ​បក្ស​លោកស្រី​ឈ្នះឆ្នោត​តំបន់ ជុំ​ទី​២ នៅ​ចុង​សប្តាហ៍​នេះ​។ លោកស្រី​ឡឺ​ពេន គំរាម​ប្តឹង​រដ្ឋាភិបាល​ពី​រឿង​ជនភៀសខ្លួន​នៅ​តំបន់​កាឡេ ជិត​ព្រំដែន​អង់គ្លេស​។ លោកស្រី​ឡឺ​ពេន ចង់​ប្តឹង​ថា រដ្ឋ​បណ្តោយអោយ​បញ្ហា​នេះ​រាលដាល​ខូចប្រយោជន៍​សេដ្ឋកិច្ច​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក​ស្រី ព្រំ​សឿន សូលី​ណា​៖



​មុន​ការបោះឆ្នោត​ជុំ​ទី​២ បក្ស​កាន់អំណាច​សង្គមនិយម និង​បក្ស​សាធារណរដ្ឋ​ស្តាំនិយម​របស់​អតីត​ប្រធានាធិបតី​សា​កូ​ហ្ស៊ី ប្រហែល​នៅ​មិនទាន់​បាត់​ភ័យ​នៅឡើយ​ទេ ក្រោយ​បក្ស​ស្តាំនិយម​ជ្រុល​របស់​លោកស្រី ឡឺ​ពេន ទទួលជោគជ័យ​ជុំ​ទី​១​កន្លងមក ជា​ជោគជ័យ​ថ្នាក់ជាតិ បង្ហាញ​ពី​ការកើនឡើង​ឥត​ឈប់​នៃ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​មួយ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ក្នុងការ​បោះឆ្នោត​រើស​ប្រធាន​តំបន់​បារាំង កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន បក្ស​រណសិរ្ស​ជាតិ​ដែល​គេ​ស្គាល់​ថា ជា​បក្ស​ស្តាំនិយម​ជ្រុល បានទទួល​សំឡេង ២៨,៤២% នាំមុខ​បក្ស​សាធារណរដ្ឋ​របស់​អតីត​ប្រធានាធិបតី សា​កូ​ហ្ស៊ី​។ បក្ស​លោក សា​កូ​ហ្ស៊ី បាន​សំឡេង ២៦,៨៥% ហើយ​បក្ស​សង្គមនិយម​កាន់អំណាច​បច្ចុប្បន្ន​ទទួលបាន​សំឡេង​កាន់តែ​ទាប​ជាង​នេះ គឺ​បាន​២៣,៤៧%​។ ក្នុង​តំបន់​សំខាន់​ពីរ គឺ​តំបន់ Provence-Alpes-Côte d'Azur ភាគខាងត្បូង និង​តំបន់ Nord-pas-de-Calais-Picardie ភាគ​ខាងជើង ដែល​លោកស្រី​ឡឺ​ពេន​ឈរឈ្មោះ​ផ្ទាល់ សម្លេងឆ្នោត​បក្សប្រឆាំង​របស់លោក​ស្រី ឡឺ​ពេន ឡើង​ខ្ពស់​រហូត​ជាង​៤០​ភាគរយ​។

​គេ​គិតថា ប្រជាជន​បារាំង​បោះឆ្នោតអោយ​បក្ស​ជ្រុលនិយម​មួ​ួ​យ​នេះ ក៏​ដោយសារ​ប្រជាជន​បាត់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​លោក​ហូ​ឡង់​ដែរ​។ រដ្ឋាភិបាល​នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​ជន​គ្មាន​ការងារ​ធ្វើ​ក្នុងស្រុក​។ ជីវភាព​ប្រជាជន​កាន់តែ​លំបាក​ជាង​មុន​។ លើសពីនេះ បារាំង​បែរជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ជាក់ស្តែង ភេរវកម្ម​ថ្ងៃ ១៣ វិច្ឆិកា​កន្លងទៅ នៅ​ក្រុងប៉ារីស សម្លាប់​ប្រជាជន​១៣០​នាក់​។ ក្នុង​អាណត្តិ​ដឹកនាំ​មុនៗ​នេះ បារាំង​មិនដែល​ជួបប្រទះ​បញ្ហា​អសន្តិសុខ​រហូត​ស្លាប់​ប្រជាជន​ដល់​ខ្ទង់រយ​ដូច្នេះ​ទេ​។

​ក្រោយ​ភេរវកម្ម​ក្រុងប៉ារីស​ភ្លាម លោក​ហូ​ឡង់​ប្រកាស​បិទ​ព្រំដែន​ភ្លាម​។  ប្រជាជន​បារាំង​អាច​គិតថា ដើម្បី​ការពារ​សន្តិសុខ​ជាតិ ប្រតិកម្ម​បិទ​ព្រំដែន​នេះ​ហាក់​យឺត​ពេល​ទៅហើយ​។ ផ្ទុយទៅវិញ បក្ស​ស្តាំនិយម​ជ្រុល​ដែល​ឈ្នះឆ្នោត​តំបន់​ជុំ​ទី​១ កាលពី​ថ្ងៃអាទិត្យ មាន​គោលនយោបាយ​បន្តឹង​ព្រំដែន បន្តឹង​លំហូ​ចូល​នៃ​ជនអន្តោប្រវេសន៍ ជា​ប្រវត្តិសាស្ត្រ​ទៅហើយ​។ ម្ល៉ោះហើយ ពេលនេះ ប្រជាជន​បារាំង​អាច​ងាក​មក​ចាប់អារម្មណ៍ ពី​នយោបាយ​មួយ​នេះ ដើម្បី​សន្តិសុខ​ជាតិ​ទៅ​ថ្ងៃក្រោយ​វិញ​។ យើង​អាច​ថា អ្នកបោះឆ្នោត​ក៏​ចង់​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក​ហូ​ឡង់​ដែរ ដែល​អសមត្ថភាព​ចំពោះ​ដំណោះស្រាយ​សន្តិសុខ និង​សេដ្ឋកិច្ចជាតិ​។

​ប៉ុន្តែ​អ្វីដែល​គួរកត់សំគាល់​ដែរនោះ​គឺថា សូម្បីតែ​បក្ស​សាធារណរដ្ឋ​របស់​អតីត​ប្រធានាធិបតី សា​កូ​ហ្ស៊ី ដែលជា​បក្ស​អភិរក្សនិយម និង​ជា​បក្ស​តឹងតែង​គ្រាន់បើ​ចំពោះ​ជនភៀសខ្លួន ក៏​មិនអាច​ឈ្នះ​បក្ស​ស្តាំនិយម​ជ្រុល​របស់​លោកស្រី​ឡឺ​ពេន ក្នុងការ​បោះឆ្នោត​តំបន់​ជុំ​ទី​១​ដែរ​។ សួរថា ហេតុអ្វី​ទៅ​? ពេល​បារាំង​ស្ថិតក្រោម​ការកាន់កាប់រ​បស់​លោក​សា​កូ​ហ្ស៊ី បញ្ហា​ជន​គ្មាន​ការងារ​ធ្វើ និង​បញ្ហា​សេដ្ឋកិច្ច ក៏​មិនមាន​អ្វី​ប្រសើរ​ជាង​មុន​។ ពលរដ្ឋ​បារាំង​អាច​គិតថា ទាំង​បក្ស​ឆ្វេងនិយម ទាំង​បក្ស​ស្តាំនិយម កន្លងមក សុទ្ធតែ​ដោះស្រាយ​បញ្ហា​ជាតិ​មិនបាន​ដូចគ្នា​។ ប្រជាជន​អាច​គិតថា ទាល់​តែមាន​បក្ស​ខ្លាំង​បែប​ជ្រុលនិយម​ដូច​បក្ស​រណសិរ្ស​ជាតិរ​បស់​លោកស្រី​ឡឺ​ពេន​តែម្តង ទើប​អាច​កកូរកកាយ​ការងារ ធ្វើអោយ​ការងារ​រដ្ឋ​មាន​សណ្តាប់ធ្នាប់ និង​មាន​ប្រសិទ្ធភាព​ឡើងវិញ​បាន​។ លើសពីនេះ បក្ស​សាធារណរដ្ឋ​របស់លោក​សា​កូ​ហ្ស៊ី ពេលនេះ​ក៏​បែកបាក់​គ្នា​ទៀត ដូច្នេះ មិនអាច​ធ្វើអោយ​ពលរដ្ឋ​បារាំង​ទុកចិត្ត​បក្ស​នេះ​ដូច​មុន​ទេ​។​

​ជោគជ័យ​ឆ្នោត​តំបន់ កាលពី​ថ្ងៃអាទិត្យ​មុន ជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​សម្រាប់​បក្ស​រណសិរ្ស​ជាតិ​របស់លោក​ស្រី​ឡឺ​ពេន​។ តាំងពី​លោកស្រី​ម៉ា​រី​ន ឡឺ​ពេន ឡើង​បន្ត​តំណែង​បក្ស​ពី​ឳ​ពុក ក្នុង​ឆ្នាំ​២០១១​មក បក្ស​នេះ​ចេះតែ​ឡើង​ប្រជាប្រិយភាព​បន្តិច​ម្តងៗ និង​ទទួល​សំឡេងឆ្នោត​កាន់តែច្រើន តាំងពី​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២ រហូតដល់​ការបោះឆ្នោត​ឃុំ​សង្កាត់ រឺ​ក្រុមប្រឹក្សា​តំបន់​ផ្សេងៗ​ទៀត​។ ក្រោម​ការដឹកនាំ​របស់​លោក ហ្ស​ង់ ម៉ា​រី ឡឺ​ពេន ជា​ឳ​ពុក បក្ស​ស្តាំ​ជ្រុល​មួយ​នេះ ត្រូវគេ​ស្គាល់​ថា ជា​បក្ស​រើសអើង​ជនបរទេស រើសអើង​ប្រជាជន​អន្តោប្រវេសន៍ និង​មាន​ទំនោរ​បែបណា​ស៊ី​អាល្លឺម៉ង់​ទៀតផង​។ ក្រោយ​លោកស្រី ឡឺ​ពេន ឡើងកាន់​កាប់​បក្ស​ក្នុង​ឆ្នាំ​២០១១​មក លោកស្រី​បាន​កែប្រែ​មុខមាត់​បក្ស​ឡើងវិញ ដោយ​ហ៊ាន​រហូត​ដាក់ទណ្ឌកម្ម​បណ្តេញ​សកម្មជន​បក្ស​ដែល​ហ៊ាន​ពោល​ពាក្យ​រើសអើង​ជនអន្តោប្រវេសន៍​ទៀតផង​។ យុទ្ធសាស្ត្រ​សុជីវធម៌ របស់លោក​ស្រី ឡឺ​ពេន​ដើម្បី​លើកស្ទួយ​មុខមាត់​បក្ស ឆ្ពោះទៅរក​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ​២០១៧ ចាប់​ទទួលបាន​ផ្លែផ្កា​ហើយ​ពេលនេះ​។

​ប្រជាប្រិយភាព​លោកស្រី​កើនឡើង ក៏​ដោយសារតែ​គេ​មើលឃើញថា លោកស្រី​រងគ្រោះ​ពី​ការវាយប្រហារ​របស់​សារព័ត៌មាន​ខ្លះៗ ក្នុងពេល​កន្លងមក​ដែរ​។ មួយ​សប្តាហ៍​មុន​ការបោះឆ្នោត​ជុំ​ទី​១ សារព័ត៌មាន​ភាគ​ខាងជើង​មួយ បាន​ចុះផ្សាយ​ប្រឆាំង​លោកស្រី ដោយ​ដាក់​ចំណងជើង​ថា ហេតុអ្វី​ជោគជ័យ​របស់​បក្ស​រណ​សិរ្ស​ជាតិ​ធ្វើអោយ​យើង​បារម្ភ​? រឿងនេះ អាចធ្វើអោយ​ប្រជាជន​បារាំង​ងាក​មក​អាណិត​បក្ស​រណសិរ្ស​ជាតិ​វិញ​ក៏​ថា​បាន​។ លោកស្រី​ឡឺ​ពេន​បរិហារ​ថា ក្រុមប្រឹក្សា​តំបន់​បាន​ជួយ​លុយ​៩​លាន​អឺរ៉ូ​ដល់​សារព័ត៌មាន​តំបន់​នេះ ដើម្បី​ចុះផ្សាយ​ប្រឆាំង​បក្ស​លោកស្រី​។ កន្លងមក​ដែរ ទូរទស្សន៍​ជាតិ​បារាំង ប៉ុស្តិ៍​លេខ​២​ធ្លាប់​អញ្ជើញ​លោកស្រី​ក្នុង​កម្មវិធី​មួយ ដែល​ដំបូង​ឡើយ ជា​កម្មវិធី​ដែល​លោកស្រី​ឡឺ​ពេន​ត្រូវ​ជជែក​ជាមួយ​អ្នកនយោបាយ​២​នាក់​។ តែ​ក្រោយមក មាន​អ្នកនយោបាយ​បក្ស​ផ្សេងៗ​ច្រើន​នាក់ ក៏​ប្រកាសថា នឹង​មក​តទល់​ជាមួយ​លោកស្រី​ដែរ​។ តួអង្គ​ប្រឆាំង​មានតែ​ម្នាក់ តទល់​មតិ​ជាមួយ​មនុស្ស​៥​នាក់ បក្ស​ផ្សេងៗ​អាច​មិន​ពេញ​ចិត្តនឹង​វត្តមាន​បក្សប្រឆាំង​មួយ​នេះ ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ ក៏​ថា​បាន​។ កាលនោះ លោកស្រី​ឡឺ​ពេន បាន​បដិសេធ​ចូលរួម​កម្មវិធី​នោះ​វិញ​។

​ដោយឡែក ការស្ទង់មតិ​ចុងក្រោយ​នេះ បង្ហាញថា សម្រាប់​ការបោះឆ្នោត​ជុំ​ទី​២ ក្នុង​តំបន់​Nord-pas-dealais-Picardie​ភាគ​ខាងជើង លោកស្រី ឡឺ​ពេន ដែល​ទទួល​សំឡេងឆ្នោត​ជាង​៤០​ភាគរយ ក្នុង​ជុំ​ទី​១ នឹង​បរាជ័យ ប្រឈម​នឹង​លោក​សា​វ្យេ ប៊ែ​រ​ត្រង់ ជា​ដៃគូ​ប្រឆាំង​មកពី​បក្ស​ស្តាំនិយម​នោះ​។ គេ​រំពឹងថា លោក ប៊ែ​រ ត្រង់​អាចនឹងទទួល​សំឡេង​ពី​អ្នកបោះឆ្នោត​គាំទ្រ​បក្ស​កាន់អំណាច​ក្នុង​ជុំ​ទី​១​។ លោកស្រី​ឡឺ​ពេន​ប្រាប់ថា មិន​ជឿ​លើ​ការស្ទង់មតិ​ទាំងនេះ​ទេ​៕



© រក្សាសិទ្ធិដោយ thmeythmey.com