អន្តរជាតិ
ក្រុម​ដែ​ស្ហ​អាច​បោះ​ពុ​ម្ព​លិខិតឆ្លងដែន​សម្រាប់​ក្រុម​ខ្លួន​ប្រើប្រាស់​
11, Dec 2015 , 3:25 pm        
រូបភាព
ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ​(Daesh) ចាប់​ផ្តើមចេញ​លិខិតឆ្លងដែន​សម្រាប់​ប្រជាជន​និង​កម្លាំង​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ របាយការណ៍​ចារកម្ម​ក្រុង​វ៉ាស៊ីនតោន​ដែល​ចេញផ្សាយ​កាលពី​ថ្មីៗ​បាន​បង្ហាញថា ការចេញលិខិត​ឆ្លងដែន​ស៊ី​រី​ក្លែង​ក្លាយជា​គ្រោះថ្នាក់​ថ្មី​ទៀត​សម្រាប់​អាមេរិក​និង​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​។​ហើយ​លិខិតឆ្លងដែន​មួយ​មានតម្លៃ​ចាប់ពី​២០០​ដុល្លារ​ដល់​២០០០​ដុល្លារ​ឯណោះ​។



​របាយការណ៍​ចារកម្ម​របស់​ក្រុម​ស៊ើបអង្កេត​សន្តិសុខ​ផ្ទៃក្នុង​ដែលមាន​កម្រាស់​១៧ ទំព័រ ទើប​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន បង្ហាញថា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ឬ​ក្រុម​ដែ​ស្ហ មានលទ្ធភាព​បោះពុម្ព​លិខិតឆ្លងដែន​ស៊ី​រី​ក្លែងក្លាយ តែ​អាច​ប្រើប្រាស់​ជា​ផ្លូវការ​ថែមទៀត​។​

​ក្រុម​ដែ​ស្ហ​ទំនង​បាន​ផលិត​និង​ចេញ​លិខិតឆ្លងដែន​ខ្លះ​រួចហើយ សម្រាប់​ឲ្យ​កងកម្លាំង​របស់ខ្លួន​ប្រើប្រាស់ ព្រោះ​កាលពីដើម​ឆ្នាំនេះ កងកម្លាំង​ដែ​ស្ហបាន​ដណ្តើម​កាន់កាប់​ទីក្រុង Deir ez-Zour  ដែលមាន​ការិយាល័យ​ចេញ​លិខិតឆ្លងដែន​ស្ថិតនៅ​។ ហើយ​ម្យ៉ាង តាំងពី​យូរ​មកហើយ ក្រុម​នេះ​ដណ្តើមបាន​ការិយាល័យ លិខិតឆ្លងដែន ស្ថិតនៅក្នុង​ខេត្ត Raqqa ដែល​បច្ចុប្បន្ន​ជា​រដ្ឋធានី​របស់​ក្រុម​ដែ​ស្ហ​ថែមទៀត​។ 

​មន្ត្រី​ការិយាល័យ​កណ្តាល​ទទួល​បន្ទុក​ចារកម្ម​អាមេរិក  James Comey បង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​ផងដែរ​ចំពោះ ការចេញលិខិត​ឆ្លងដែន​របស់​ក្រុម​ភេរវជន​ទាំងនេះ​។ វា​នឹង​ក្លាយជា​បញ្ហា​សន្តិសុខ​ធំ​សម្រាប់​សហរដ្ឋអាមេរិក ករណី​ក្រុម​ភេរវជន​នេះ​មានលទ្ធភាព​ចេញ​លិខិតឆ្លងដែន​មែន​។ នេះ​ក៏​ព្រោះ​កងកម្លាំង​ពួកគេ អាច​ប្រើប្រាស់​លិខិតឆ្លងដែន​ស៊ី​រី​ខុសច្បាប់​នេះ​ដើម្បី​ចេញទៅ​ក្រៅប្រទេស​បាន​យ៉ាង​ងាយ​។

​កន្លងមក​គេ​បានឃើញ​លិខិតឆ្លងដែន​ក្លែងក្លាយ​ស៊ី​រី​នេះ នៅក្រោយ​ការវាយប្រហារ​រដ្ឋធានី​ប៉ារីស​ដែល​បានសម្លាប់​មនុស្ស​ជាង ១០០ នាក់​។ គេ​វាយតម្លៃថា ក្នុងចំណោម​ភេរវជន​នោះ មាន​អ្នកប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ ដែល​អាច​ចេញ​ដោយ​ក្រុម​ភេរវជន​ខាងលើនេះ​។ ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​ដូចជា​ក្រិ​ក​ជាដើម​កន្លងមក​ព្រួយបារម្ភ​ខ្លាំង ខ្លាច​ថា​ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ​ចូលមក​ទឹកដី​អឺរ៉ុប នៅពេល​រដ្ឋ​អឺរ៉ុប​បើកទ្វារ​ទទួលយក​ជន​ភៀសខ្លួន​ពី​ស៊ី​រី ដោយ​ការចុះឈ្មោះ​ជនភៀសខ្លួន​សម្អាង​លើ​ការត្រួតពិនិត្យ​លិខិតឆ្លងដែន​។​

​របាយការណ៍​ចារកម្ម​នេះ ក៏​ព្រមាន​ផងដែរ​ថា ប្រសិនបើ​គ្មាន​ការចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​បញ្ឈប់​ការចេញលិខិត​ឆ្លងដែន​ក្លែងក្លាយ​នេះ​ទេ ក្រុម​ភេរវជន​អាច​នឹង​បន្ត​ចេញ​លិខិតឆ្លងដែន​ពាសវាល​ពាសកាល​សម្រាប់​ក្រុម​ខ្លួន ឬ​ជន​ជ្រុលនិយម​ទាំងឡាយ​នៅក្រៅ​តំបន់​ទៀត​។ ប៉ុន្តែ​មិនមាន​ការបញ្ជា​ក់ថា វិធានការ​បែបណា​គួរ​យកមកប្រើ​ប្រាស់​ដើម្បី​ទប់ស្កាត់​ការ​លួច​ចេញ​លិខិតឆ្លងដែន​នេះ​ទេ​៕


Tag:
 ​ដែ​ស្ហ​
  ​ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com