អន្តរជាតិ
សហភាពអឺរ៉ុបប្តេជា្ញបន្តការពារសិទ្ធិមនុស្សគ្រប់ទីកន្លែងដែលមានការគំរាមកំហែង
× តំណាងសហភាពអឺរ៉ុបលោកស្រី Federica Mogherini អះអាងថាសហភាពអឺរ៉ុបសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ក្នុងការលើកកម្ពស់ និងការពារសិទិ្ធមនុស្សពិភពលោក។ ហើយសហភាពអឺរ៉ុប ក៏បានប្តេជ្ញាធ្វើកិច្ចការនេះបន្តទៀត ដ្បិតបញ្ហាសិទ្ធិមនុស្ស ភាពក្រីក្រ និងវិបត្តិសេដ្ឋកិច្ច នៅតែបន្តកើតមានឡើងនៅទូទាំងពិភពលោក។
ក្នុងឱកាសនៃទិវាសិទ្ធិមនុស្សកាលពីថ្ងៃទី១០ ខែធ្នូ តំណាងសហភាពអឺរ៉ុបលោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា« សហភាពអឺរ៉ុបនៅតែបន្តគាំទ្រ ការពារ និងលើកកម្ពស់សិទ្ធិមនុស្សគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក ដែលរងនូវការគំរាមកំហែងសិទ្ធិមនុស្ស»។
ស្របពេលនៃការរម្លឹកខួបលើក៥០នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ និង កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ផងដែរនោះ លោកស្រី Federica ក៏បានលើកពីសារៈខាន់នៃសន្ធិសញ្ញាទាំងពីរ។ លោកស្រីថា ដោយសារតែកតិកាសញ្ញាទាំងនេះ មនុស្សជាតិ មានការផ្លាស់ប្តូរជោគវាសនារបស់ខ្លួនជាច្រើន។
ទោះបីជាកតិកាសញ្ញាទាំងពីរ បានអនុវត្តន៍អស់រយៈពេល៥ទសវត្សរ៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងរយៈពេលកន្លងមកក៏ដោយ លោកស្រី Federica នៅតែគាំទ្រឲ្យមានការអនុវត្តនៅគោលការណ៍ស្នូល នៃកតិកាសញ្ញាទាំងពីរបន្តទៀត។ ហើយនោះក៏ព្រោះតែបញ្ហាសិទ្ធិមនុស្ស នៅតែកើតមានឡើងតាមរូបភាពនៃការខ្វះចន្លោះ នៃការអនុវត្តនីតិរដ្ឋ វិបត្តិសេដ្ឋកិច្ច ភាពក្រីក្រ ក៏ដូចជាវិសមភាពនៅក្នុងសង្គមផងដែរ។
ជុំវិញបញ្ហាសិទ្ធិមនុស្សនេះដែរ លោកស្រី Federica ក៏បានអះអាងថា សហភាពអឺរ៉ុប មានប្រវត្តិយ៉ាងសកម្មក្នុងការគាំទ្រអ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលទូទាំងពិភពលោក ។
ហើយឆ្លើយតបនឹងបញ្ហាប្រឈមសិទ្ធិមនុស្ស អ្នកតំណាងរូបនេះ ក៏បានរម្លឹកពីផែនការសកម្មភាពថ្មី ដែលសហភាពអឺរ៉ុបបានអនុម័តកាលពីខែកក្កដាកន្លងទៅនេះ។ ផែនការនោះគឺ ការបន្តធ្វើសកម្មភាពដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លើសពីនេះទៅទៀត សហភាពអឺរ៉ុប ក៏បានគាំទ្រអង្គការសង្គមស៊ីវិល និងតួអង្គទាំងអស់ផ្សេងទៀត ដើម្បីគាំទ្រដល់ការការពារ និងការគោរពសិទ្ធិមនុស្ស ទាំងសិទ្ធិពលរដ្ឋ និងនយោបាយ និងសិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com