អន្តរជាតិ
អាមេរិក​៖ តួ​ក​គី​បាន​ប្រេង​ខ្លះ តែ​អាសាដ​បាន​ច្រើន​ពី​ក្រុម​ដែ​ស្ហ​
11, Dec 2015 , 7:59 pm        
រូបភាព
​ក្រោយ​នៅ​ស្ងៀម​អស់​មួយរយៈ​ពេល សហរដ្ឋអាមេរិក​ចាប់ផ្តើម​ចេញមុខ​បកស្រាយ​រឿង​ពាណិជ្ជកម្ម​ប្រេង​ច្រើនជាង ៥០០ លាន​ដុល្លារ​ប្រចាំឆ្នាំ​របស់​ក្រុម​ភេរវជន​ជាមួយ​រដ្ឋ​មួយចំនួន​នៅ​មជ្ឈិមបូព៌ា​។ អាមេរិក​ទទួលស្គាល់ថា តួ​ក​គី​ពិតជា​បាន​ប្រេង​ខ្លះ​ពី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ឬ​ក្រុម​ដែ​ស្ហ (Daesh) មែន តែ​ប្រេង​ភាគច្រើន​ធ្លាក់​ទៅលើ​ដៃ​របប​លោក បា​សាដ អាសាដ (Bashar al-Assad)​។

 


សូមស្តាប់ព័ត៌មានលម្អិត៖



​មន្ត្រី​រតនាគារ​អាមេរិក Adam Szubin បាន​ថ្លែងប្រាប់​អ្នកទស្សនា​នៅ​វិទ្យាស្ថាន Chatham នាទី​ក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ ១០​ធ្នូ ម្សិលមិញ​ថា អាជីវកម្ម​ប្រេង​ខុសច្បាប់​មាន​ទំហំ​ច្រើនជាង ៥០០​លាន​ដុល្លារ​អាមេរិក​របស់​ភេរវជន​ដែ​ស្ហ ភាគច្រើន​ធ្វើឡើង​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​របស់ លោក អាសាដ ហើយ​ប្រេង​មួយចំនួន​តូច​ទៀត​ត្រូវ​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​តួ​ក​គី​។

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នេះ​ជា​លើកដំបូង​ដែល មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន ចេញមុខ​ពន្យល់​សាធារណជន​ជា​ផ្លូវការ និង​បានទទួល​ស្គា​ល់ពី​ការជួញដូរ​ប្រេង​ខុសច្បាប់​ជាមួយ​របប​ដឹកនាំ​ក្រុង​អង់កា​រ៉ា​។ សហរដ្ឋអាមេរិក​បញ្ជា​ក់ថា ប្រេង​ភាគច្រើន​ធ្លាក់​ទៅលើ​ដៃ​របប​ស៊ី​រី ហើយ​នៅសល់​តិចតួច​ប៉ុណ្ណោះ ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ត និង​របប​ដឹកនាំ​តួ​ក​គី​។ ប៉ុន្តែ​ជារួម មន្ត្រី​ខាងលើ បាន​ព្យាយាម​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​ច្រើនជាង​។ តែ​រុស្ស៊ី​បាន​ប្រតិកម្ម​និង​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ផងដែរ ដែល​បកស្រាយ​ថា ទំហំ​ប្រេង​ដែល​ហូរ​ចេញពី​តំបន់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចូលទៅ​ទឹកដី​តួ​ក​គី​នោះ​តិចតួច​។  

​មន្ត្រី​រតនាគារ​អាមេរិក​ខាងលើ​បន្តថា ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហរ​កបាន​ចំណូល ៤០​លាន​ដុល្លារ​ក្នុង​មួយខែ​ដោយ​លក់​ប្រេង ដែល​ចំណូល​នេះ​អាចជួយ​ឲ្យ​ក្រុម​នេះ​អាច​ពង្រឹងកម្លាំង និង​ជ្រើសរើស​សមាជិក​ថ្មី​សម្រាប់​ច្បាំង​នៅក្រៅ​ប្រទេស​ថែមទៀត​។ ប៉ុន្តែ បញ្ហា​បច្ចុប្បន្ន​វា​មិន​ត្រឹមតែ​ការជួញដូរ​ប្រេង​ខុសច្បាប់​ប៉ុណ្ណោះ​ទេ  វា​មាន​បញ្ហា​ផ្សេងទៀត​ដូចជា​លំហូរ​នៃ​ក្រុម​ជ្រុលនិយម​ពី​អឺរ៉ុប​ទៅ​មជ្ឈិមបូព៌ា និង លំហូរ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​ក្រុម​ភេរវជន​នោះ​។ កន្លងមក​របាយការណ៍​ស្ថាប័ន​សិទ្ធិមនុស្ស បាន​ទម្លាយ​ពី​រឿង​អាវុធ​របស់​ទាហាន​អ៊ីរ៉ាក់​ដែល​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​ក្រុម​ភេរវជន​នេះដែរ​។ រឿងនេះ​អាច​ចាត់ទុកជា​គ្រោះថ្នាក់​មួយ ដែល​ប្រទេស​មហាអំណាច​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​និង​ទប់ស្កាត់ បើសិនជា​ពួកគេ​ពិតជា​ចង់​កម្ចាត់​ក្រុម​ភេរវជន​។

​ត្រលប់​មកវិញ ជម្លោះ​ពាក្យសម្តី​ជុំវិញ​សំណុំរឿង​ជួញដូរ​ប្រេង​ខុសច្បាប់​នេះ ផ្ទុះឡើង​ក្រោយ យន្តហោះ​ចម្បាំង​រុស្ស៊ី​ត្រូវ​តួ​ក​គី​បាញ់​ទម្លាក់​កាលពី​ចុងខែ​មុន​។  លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ព្យាយាម​ចោទប្រកាន់​ក្រុមគ្រួសារ​ប្រ​ធានា​ធិ​តី​តួ​ក​គី Recep Tayyip Erdogan  ជាពិសេស​កូនប្រុស​របស់លោក​ផ្ទាល់ ថា​មាន​ជាប់​ពាក់ព័ន្ធ​របរ​ជួញដូរ​ប្រេង​ខុសច្បាប់​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កន្លងមក​។  កូនប្រុស​របស់លោក Erdogan បាន​ទាត់ចោល​ការចោទប្រកាន់​របស់​រុស្ស៊ី ហើយ​ប្រធានាធិបតី​តួ​ក​គី​បានប្រកាសថា លោក​នឹង​ចុះ​ចេញពី​តំណែង​បើសិនជា​គេ​រកឃើញថា លោក​ពិត​ជាមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ​រឿង​លួច​ទិញ​ប្រេង​នេះ​មែន​៕




Tag:
 ​តួ​ក​គី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com